ពលរដ្ឋកាណាដាជាង ១ម៉ឺននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពដោយទឹកជំនន់វាយលុក

ចែករំលែក៖

ប្រទេសកាណាដា៖ គ្រោះទឹកជំនន់បណ្តាលឲ្យលិចលង់តំបន់ជាច្រើននៅប្រទេសកាណាដា បំផ្លាញផលដំណាំជាច្រើនរបស់ពលរដ្ឋ ក៏ដូចជាសត្វចិញ្ចឹម  ត្រូវបាត់បង់ ដោយសារទឹកលិច។ ជាមួយគ្នានេះ ពលរដ្ឋ ជាង១មឺននាក់ ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ។
តំបន់ភាគខាងកើត កាណាដា បានជន់លិចយ៉ាងខ្លាំង ហើយអាជ្ញាធរ បានប្រាប់ថា មិនងាយនឹងស្រកឆាប់ៗនោះឡើយ ខណៈមនុស្សរហូតដល់ ១ម៉ឺននាក់រួចហើយ បានភៀសខ្លួនទៅរកតំបន់មានសុវត្ថិភាព។ ដំណាលគ្នានេះផងដែរ ក្រុមជួយសង្គ្រោះបាន និង កំពុងស្វែងរកសត្វចិញ្ចឹមរបស់ប្រជាជន ដែលបានបាត់បង់។
អាជ្ញាធរកាណាដា កាលពីថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៩ បានចាត់ទុកថា នេះជាគ្រោះទឹកជំនន់និទាឃរដូវដ៏អាក្រក់ជាងគេ មិនធ្លាប់ជួបប្រទះ ចាប់តាំងពីឆ្នាំ២០១៧ នេះមក។ តំបន់រងគ្រោះខ្លាំងជាងគេ គឺទីប្រជុំជន Sainte-Marthe-sur-le-Lac នាភាគខាងលិចទីក្រុង ម៉ុងត្រៀល (Montreal) ។ នៅទីនោះ មានប្រជាជនជាង៦០០០នាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសំបែង ខណៈដែលទឹកនៅបន្តជន់ឡើងជានិច្ច កាលពីចុងសប្តាហ៍កន្លងមកនេះ។
លោកស្រី Genevieve Guilbault រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពសាធារណៈ នៅក្នុងទីក្រុងកេប៊ិក ធ្វើសន្និសីទកាសែតមួយថា ទឹកជំនន់នៅក្នុងទីក្រុងនេះ «កំពុងនៅហ្នឹង» ។ ទឹកជំនន់នៅក្នុងតំបន់ មានកម្រិតថយចុះ ហើយយើងសង្ឃឹមថា យើងអាចការពារតំបន់នេះបាន ។ លោកស្រីបានបញ្ជាក់ថា ការសាងសង់ទំនប់ទប់ទឹក បាន និង កំពុងដំណើរការ ហើយវាអាចបញ្ចៀសបាននូវទឹកជំនន់ មិនឲ្យជន់លិចចូលភូមិឋានរបស់ប្រជាពលរដ្ឋ ។
មនុស្សយ៉ាងតិច៩០០០នាក់ បានបាត់បង់ទីជម្រក នៅក្នុងខេត្ត Quebec គឺកើនឡើងទ្វេដង កាលពីអំឡុងឆ្នាំ២០១៧ និងក្លាយជាទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលកន្លះសតវត្សន៍ មិនដែលកើតមាន នៅក្នុងតំបន់នេះ ។
ប្រជាជនបានភៀសខ្លួនទាំងប្រញាប់ប្រញាល់ ម្ល៉ោះហើយសត្វចិញ្ចឹមរបស់ពួកគាត់ ត្រូវបានបោះបង់ចោល មិនអាចនាំយកទៅជាមួយបានឡើយ ។

ដោយឡែកនៅក្នុងទីក្រុង New Brunswich មានមនុស្សជាង១ពាន់នាក់ ត្រូវបង្ខំចិត្តភៀសខ្លួនពីលំនៅឋានរបស់ពួកគេ ។ ការជម្លៀសខ្លួននេះបានធ្វើឡើង នៅរដ្ឋធានី អូតាវ៉ា ផងដែរ ។ ទាហានរាប់ពាន់នាក់បានដាក់ពង្រាយ នៅទូទាំងតំបន់ Ontario, Quebec និង New Brunswich ដើម្បីជួយដល់ការងារជម្លៀសប្រជាជន ក៏ដូចជា ចូលរួមជួយច្រកខ្សាច់ដាក់ក្នុងបៅ ធ្វើជាទំនប់ទប់ទឹកជាដើម ។
លោកស្រី Guilbault បានបញ្ជាក់ថា លោកស្រីរំពឹងថា ភ្លៀងនឹងលែងធ្លាក់ខ្លាំងបន្ដទៀត ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ទឹកជំនន់អាចស្រកចុះវិញ ក្នុងរយៈពេលយូរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print