លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ គោលការណ៍នៃការធ្វើកំណែទម្រង់ របស់រាជរដ្ឋាភិបាលចំពោះវិស័យកងទ័ពគឺ មិនមែនពេលនេះទេ មានជំហានច្បាស់លាស់

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា គោលការណ៍នៃការធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាលចំពោះវិស័យកងទ័ពគឺមិនមែនពេលនេះទេមានជំហានច្បាស់លាស់ពោលគឺ នាយទាហានដែលឡើងខ្ពស់ហើយមិនអាចកាត់ទម្លាក់មកវិញបានទេ ។
ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធាឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ២កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ ។
តាមការចេញផ្សាយរបស់នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នេះ សរសេរថា ឧត្ដមសេនីយ៍ឯក បានបញ្ជាក់យ៉ាងដូច្នេះថា ការដំឡើងឋានន្តរស័ក្តិចំពោះនាយទាហានដែលមានការតស៊ូជំនាន់មុនមិនខុសទេ ព្រោះការធ្វើកំណែទម្រង់នេះគឺជាការលើកទឹកចិត្តចំពោះនាយទាហានដែលបានតស៊ូពីជំនាន់មុនហើយកំណែទម្រង់របស់រាជរដ្ឋាភិបាលគឺមានជាជំហានៗនៅពេលក្រោយ ។
ការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ បានបញ្ជាក់ថា នៅពេលអនាគតគឺឲ្យមានផ្កាយមាស៤ តែពីរនាក់ទេគឺ រដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ជាការកងទ័ព ហើយក្រៅពីនោះគឺពាក់ផ្កាយ៣ទាំងអស់ និងមេបញ្ជាការភូមិភាគឱ្យពាក់តែផ្កាយ២ទេ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគាំទ្រនិងកោតសរសើរចំពោះការហ្វឹកហ្វឺនការពង្រឹងសមត្ថភាពកងទ័ពការអប់រំចិត្តសាស្ត្រព្រោះ ការយកចិត្តទុកដាក់នេះគឺសំខាន់ណាស់សម្រាប់ប្រសិទ្ធភាពប្រយុទ្ធនិងការគ្រប់គ្រងសតិអារម្មណ៍ ។
ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត “សូមបន្តយកចិត្តទុកដាក់ក្នុងការបំពាក់ការថែទាំអាវុធយុទ្ធភ័ណ្ឌបច្ចេកទេសការងារទូទៅ ឲ្យសមស្របទៅនឹងភារកិច្ចការរៀបចំកម្លាំងត្រៀមប្រយុទ្ឋនិងការហ្វឹកហ្វឺន ។ ថ្វីដ្បិតតែរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកដំឡើងកិត្តិយសនិងលើកស្ទួយកម្រិតជីវភាពរបស់កងទ័ព ប៉ុន្តែតម្រូវការកងទ័ពរបស់យើងគឺធំ ។ ដូច្នេះការខិតខំបង្កបង្កើនផលការងារធានាច្នៃប្រឌិតផ្សេងៗម្ចាស់ការលើខ្លួនឯងដើម្បីជីវភាពរស់នៅរបស់កងទ័ពគឺជាការងារចាំបាច់” ។
នេះជាការលើកឡើងបន្ថែមរបស់ លោកមេបញ្ជាការកងទ័ពជើងគោក បានណែនាំឲ្យកងពលធំអន្តរាគមន៍លេខ២សហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធអាជ្ញាធរនិងជាមួយភាគីមិត្តនៅតាមបណ្ដាព្រំដែន ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខ ជូនប្រជាពលរដ្ឋនិងទប់ស្កាត់នូវអំពើខុសច្បាប់ផ្សេងៗ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print