លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សាលើគម្រោងដោះទឹកជំនន់ស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំក្រសួង លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ ពិភាក្សាលើគម្រោងដោះទឹកជំនន់ស្ទឹងព្រែកត្នោត។ នេះជាកិច្ចប្រជុំបន្ត បន្ទាប់ពីកិច្ចប្រជុំត្រួតពិនិត្យបច្ចេកទេសកាលពីក្នុងខែមីនា ឆ្នាំ២០១៩ កន្លងមក។

សូមជម្រាបថា ទឹកស្ទឹងព្រែកត្នោត នារដូវវស្សា តែងតែបង្កជាជំនន់ដែលជានិច្ចកាលគំរាមកំហែងដល់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងជាពិសេសរាជធានីភ្នំពេញ ។

ដោយពិនិត្យលើស្ថានភាពនៃការអភិវឌ្ឍ និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ននៅស្ទឹងព្រែកត្នោត និងបន្ទាប់ពីបានពិភាក្សាលើជម្រើសនៃការដោះទឹកជំនន់ស្ទឹងព្រែកត្នោតរួចមក អង្គប្រជុំបានពិនិត្យឃើញថា ការបង្វែរទឹកពីប៉ែកខាងលើ ភ្ជាប់ទៅស្ទឹងស្លាគូ និងចូលទៅទន្លេបាទីភ្ជាប់ទៅប្រឡាយហនុមាន ជាគម្រោងដែលមានលក្ខណៈសមស្របប្រសើរ។ ក្នុងជម្រើសនេះ ពេលទឹកជំនន់ធំ ធារទឹកអតិបរមា គឺអាចដោះទឹកបាន ពី ៩០០ ទៅ ១២០០ ម៉ែត្រគូបក្នុង១វិនាទី ។
នេះជាវិធានការចំពោះមុខ និងជាគម្រោងអាទិភាពដែលត្រូវអនុវត្ត និងមានការគាំទ្រជាបន្ទាន់ ដើម្បីកាត់បន្ថយ និងបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរមកលើរាជធានី-ខេត្តខាងលើទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត កាល៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print