ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មមរតកមេឌៀ កញ្ញា គ្រីប លក្ខិណា បានសម្រេចចិត្តកាត់កេរខ្មាសលើកដៃសុំជំនួយពីមហាជនក្រោយពីនាងអស់លទ្ធភាពព្យាបាលជំងឺម្តាយដែលកំពុងរលួយជើងហើយត្រូវការថវិកាព្យាបាលបន្ត។ ក្រៅពីមើលជំងឺម្តាយ នាងក៏មានបន្ទុកចិញ្ចឹមក្មួយកំព្រាៗប្រមាណ៨នាក់ផ្សេងទៀត។
ច្រៀងរាំសប្បាយតែលើឆាកតន្ត្រី គ្រីប លក្ខិណា កំពុងបៀមទុក្ខធំប៉ុនភ្នំ ពិបាកនឹងបរិយាយព្រោះតែម្តាយនាងកំពុងសម្រាកព្យាបាលជំងឺដំបៅរលះរលួយជើងគួរឲ្យបារម្ភ និងត្រូវការថវិកាបន្តការព្យាបាលខណៈដែល លុយដែលនៅជាប់ខ្លួនទាំងប៉ុន្មានចំណាយអស់គ្មានសល់ពីខ្លួន។ តាមការបញ្ជាក់ពីតារាចម្រៀងរូបនេះបានបញ្ជាក់ថា ដើមឡើយម្តាយរបស់នាងមានជំងឺដំបៅជើងបន្តិចបន្តួប៉ុណ្ណោះ ប៉ុន្តែដោយសារមិនចង់រំខាននាងជាកូនទើបចេះតែលាក់បាំងហើយព្យាយាមស្វែងរកថ្នាំបុរាណតាមការប្រាប់របស់អ្នកស្រុកភូមិមកបិទ និងត្រាំរហូតរលះរលួយជើង ទើបនាងដឹងហើយបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ។
នាងថាម្តាយនាងមិនមានជំងឺទឹកនោមផ្អែមទេ ខណៈដែលក្រុមវេជ្ជបណ្ឌិតលើកឡើងថាកើតឡើងពីការប្រើប្រាស់ថ្នាំខ្មែរមិនសមស្រប។ នាងថាជើងរបស់ម្តាយនាងត្រូវកោសរុំថ្នាំ និងហូរឈាមជាញឹកញាប់រហូតក្រុមសិល្បកររួមអាជីព និងផលិតករក្នុងផលិតកម្មដែលជិតដិតបានជួយទាំងថវិកា និងផ្តល់ឈាមស្ទើខ្សោះពីខ្លួនម្នាក់ៗទៅហើយ។
ដើរដល់ផ្លូវទាល់តារាស្រីរូបនេះមានតែលើកដៃសំពះសុំការជួយពីសំណាក់សប្បុរសជនមេត្តាជួយនាងតាមទឹកចិត្តសុទ្ធាព្រោះនាងគ្មានប្រាក់នៅក្នុងខ្លួនទៀតទេ ខណៈដែលទ្រព្យជាដុំកំភួនសម្រាប់លក់ក៏គ្មាន។ តារាស្រីរូបនេះបញ្ជាក់ទាំងទឹកភ្នែកថា ក្រៅពីម្តាយនាងក៏ត្រូវមើលថែទាំចិញ្ចឹមក្មួយប្រមាណ៨នាក់ផ្សេងទៀតដែលកំពុងនៅសិក្សាខណៈដែលម្តាយឪពុកពួកគេបានបោះបង់ចោលនោះ។ នាងថាពិតជាពិបាកចិត្តរកអ្វីថ្លែងមិនបានខណៈដែលខ្លួនមិនមានលទ្ធភាពជួយ គ្រួសារ ព្រោះតែចំណូលតែពីការងារសិល្បៈខ្លះៗមិនអាចទប់ទល់នឹងការចំណាយប្រចាំគ្រួសារបាន។ នាងរំពឹងថាសប្បុរសជន និងជួយនាង ម្តាយ និងក្មួយៗដែលកំពុងរស់ក្នុងទុក្ខវេទនាដោយក្តីអនុគ្រោះ។
សម្រាប់សប្បុរសជនដែលមានបំណងជួយជាថវិកាសម្រាប់នាងអាចធ្វើការទំនាក់ទំនងទៅកាន់នាងផ្ទាល់តាមរយៈទូរស័ព្ទលេខ 015243456 / 078721213 / 098700739 / 070800993 ។
គួរបញ្ជាក់ដែរថា តារាចម្រៀង គ្រីប លក្ខិណា ធ្លាប់ទទួលបានការសរសើរច្រើនពីទស្សនិកជនបន្ទាប់ពីនាងមានសំនៀងក្រួអួនស្រដៀងគ្នាទៅនឹងអ្នកស្រីហួយមាស។ នាងមានបទចម្រៀងជាច្រើនចុងក្រោយនៅក្នុងផលិតកម្មមរតកមេឌៀ៕ ដោយ វឌ្ឍនា