ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពី ក្លឹបកម្សាន្ត សោន (Sound Club)របស់ លោកឧកញ៉ា ដួង ឆាយ បានប្រកាសឲ្យតារាចម្រៀងបញ្ញាសិទ្ធិឲ្យចេញមុខចូលខ្លួនមកដោះស្រាយរឿងបំណុល ។ ការបង្ហោះដែលបង្កើតឲ្យមានការភ្ញាក់ផ្អើលនេះស្របពេលដែលតារាចម្រៀងរូបនេះបានចេញពីកម្ពុជាទៅច្រៀងរាំនៅប្រទេសអូស្ត្រាលីបាត់ទៅហើយ។ តបការបង្ហោះនេះតារាចម្រៀងរូបនេះបញ្ជាក់ថាខ្លួនកំពុងនៅប្រទេសអូស្ត្រាលី និងត្រូវរកលុយសងលុយនោះហើយដែរ។
គេចាំបានថាកាលពីល្ងាចថ្ងៃទី០២ខែឧសភាឆ្នាំ២០១៩នេះគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបកំសាន្តសោន (Sound Club) ដែលគេស្គាល់ថាជារបស់លោកឧកញ៉ាដួង ឆាយ ជាម្ចាស់ បានបង្ហោះរូបតារាចម្រៀងនិងសម្តែង លោក បញ្ញា សិទ្ធិ ឲ្យមកដោះស្រាយបំណុលជាមួយខាងក្រុមហ៊ុនជាបន្ទាន់។ ទំព័រហ្វេសបុកក្លឹបកំសាន្តសោន (Sound Club) បានសរសេរយ៉ាងដូច្នេះថា ៖
សំណូមពរអោយលោក បញ្ញាសិទ្ធិ ដែលជាអតីតបុគ្គលិកសោនក្លឹបមកធ្វើការដោះស្រាយបំណុលដែលបានខ្ចីប្រាក់ចងការគេរួចក្រុមហ៊ុនបានជួយសងជំនួសក្នុងអំឡុងពេលបំពេញការងារមកទូទាត់សងក្រុមហ៊ុនវិញអោយគ្រប់ចំនួននៅក្នុងខែនេះ។
ទោះជាយ៉ាងណាក្រោយការបង្ហោះសារមិនបានប៉ុន្មានម៉ោងផងស្រាប់តែតារាសាច់ខ្ចីរូបនេះបញ្ចេញសារតបពីប្រទេសអូស្ត្រាលីថា”មួយរយះចុងក្រោយនេះលោកបានចេញមកសម្តែងនៅប្រទេសអូស្រ្តាលីនឹងកំពុងមករកថវិកាខ្លះដើម្បីជួយដល់គ្រួសារជាពិសេសលោកកំពុងមានអ្នកម្តាយកំពុងឈឺ សូម SOUND CLUB មេត្តាដល់លោកដែលជាបុល្គិកចាស់ផង”។ ជាមួយគ្នានេះលោកក៏បានទំនាក់ទំនងមកកាន់សោនក្លឹបដើម្បីដោះស្រាយបញ្ហានេះផងដែរ។
គួរបញ្ជាក់ដែរថាទំនាក់ទំនង លោកឧកញ៉ា ដួង ឆាយ និងតារាចម្រៀងរូបនេះស្និទ្ធិស្នាលគ្នាខ្លាំងពោលគឺជាច្រើនឆ្នាំមកហើយគ្រាដែលបញ្ញាសិទ្ធិបម្រើការងារ និងច្រៀងនៅអតីតក្លឹបកម្សាន្តមួយនៅខាងមុខស្ថានីយទូរទស្សន៍ អប្សរា ដែលជាទីលោកឧកញ៉ា និយមទៅកម្សាន្ត រហូតលោកឧកញ៉ាបើកក្លឹបកម្សាន្តលំដាប់ខ្ពស់ ហើយក៏បន្តភ្ជាប់ទំនាក់ទំនងរហូតមកដែរ។ តារារូបនេះបានចេញទៅសម្តែងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃទី០៦ខែមេសាឆ្នាំ២០១៩ និងបន្តទៅកាន់ប្រទេសញូវហ្សេលេនផងដែរ៕ ដោយ វឌ្ឍនា