ភ្នំពេញ៖ ទើបនឹងបង្ហាញរូបភាពស្និទ្ធស្នាលរវាងថៅកែក្លឹបកម្សាន្ត សោន (Sound Club) លោកឧកញ៉ា ដួង ឆាយ និងតារាចម្រៀងបញ្ញាសិទ្ធិ មិនបានប៉ុន្មានផងស្រាប់តែពេលនេះក្លឹបកម្សាន្តមួយនេះបានប្រកាសឲ្យតារាចម្រៀងមុខស្រស់រូបនេះចូលខ្លួនមកដោះស្រាយរឿងបំណុលទៅវិញ។ ការបង្ហោះដែលបង្កើតឲ្យមានការភ្ញាក់ផ្អើលនេះស្របពេលដែលតារាចម្រៀងរូបនេះបានចេញពីកម្ពុជាទៅច្រៀងរាំនៅប្រទេសអូស្ត្រាលីបាត់ទៅហើយ។
ជួបរឿងរ៉ាវបោកប្រាស់ទ្រព្យគេមិនបានប៉ុន្មានថ្ងៃផង តារាចម្រៀង និងសម្តែង លោក បញ្ញា សិទ្ធិ ជំពប់នឹងរឿងរ៉ាវដ៏រសើបថ្មីមួយទៀត ដែលពេលនេះគឺប៉ះចំលោក ឧកញ៉ាតែម្តង។ គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបកំសាន្តសោន (Sound Club) ដែលគេស្គាល់ថាជារបស់លោកឧកញ៉ាដួង ឆាយ ជាម្ចាស់ បានបង្ហោះរូបតារាចម្រៀងនិងសម្តែង លោក បញ្ញា សិទ្ធិ ឲ្យមកដោះស្រាយបំណុលជាមួយខាងក្រុមហ៊ុនជាបន្ទាន់។ ទំព័រហ្វេសបុកក្លឹបកំសាន្តសោន (Sound Club) បានសរសេរយ៉ាងដូច្នេះថា ៖
សំណូមពរអោយលោក បញ្ញាសិទ្ធិ ដែលជាអតីតបុគ្គលិកសោនក្លឹបមកធ្វើការដោះស្រាយបំណុលដែលបានខ្ចីប្រាក់ចងការគេរួចក្រុមហ៊ុនបានជួយសងជំនួសក្នុងអំឡុងពេលបំពេញការងារមកទូទាត់សងក្រុមហ៊ុនវិញអោយគ្រប់ចំនួននៅក្នុងខែនេះ។ ទោះជាយ៉ាងណាគេនៅមិនទាន់ឃើញមានប្រតិកម្មណាមួយនៅឡើយទេពីតារាចម្រៀងបញ្ញាសិទ្ធិ ព្រោះតែសារ និងរូបថតនេះទើបនឹងចាប់ផ្តើមផុសឡើងកាលពីរសៀលថ្ងៃទី០២ខែឧសភានេះ ស្របពេលដែលគេដឹងថាតារាចម្រៀងខាងលើបានចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលីកាលពីខែមេសាមកម៉្លេះ។ ប្រភពពីអ្នកសិល្បៈបានសម្តែងការហួសចិត្តខ្លាំងនឹងការផុសរូបថតជាមួយនឹងសារដ៏គួរឲ្យចាប់អារម្មណ៍បែបនេះ។ ហួសចិត្តព្រោះតែគេដឹងថាទំនាក់ទំនង លោកឧកញ៉ា ដួង ឆាយ និងតារាចម្រៀងរូបនេះស្និទ្ធិស្នាលគ្នាខ្លាំងពោលគឺជាច្រើនឆ្នាំមកហើយគ្រាដែលបញ្ញាសិទ្ធិបម្រើការងារ និងច្រៀងនៅអតីតក្លឹបកម្សាន្តមួយនៅខាងមុខស្ថានីយទូរទស្សន៍ អប្សរា ដែលជាទីលោកឧកញ៉ា និយមទៅកម្សាន្ត រហូតលោកឧកញ៉ាបើកក្លឹបកម្សាន្តលំដាប់ខ្ពស់ ហើយក៏បន្តភ្ជាប់ទំនាក់ទំនងរហូតមកដែរ។ ប្រភពថាមិនមែននៅសុខៗ ក្លឹបកម្សាន្តមួយនេះសម្រេចចិត្តធ្វើសេចក្តីប្រកាសឲ្យតារាចម្រៀងរូបនេះចូលខ្លួនមកដោះស្រាយនោះទេ គឺប្រាកដជាជម្រើសធម៌ក្តៅដើម្បីរុញឲ្យតារារូបនេះចេញមុខមកដោះស្រាយជាក់ជាមិនខាន។
គួរបញ្ជាក់ដែរថា កន្លងទៅតារាចម្រៀង បញ្ញា សិទ្ធិ ធ្លាប់ត្រូវបានគណនីយហ្វេសប៊ុកមួយបាន បរិហាកេរថាបានខ្ចីលុយ និងកេចវះមិនចូលខ្លួនដោះស្រាយ ប៉ុន្តែត្រូវបានតារាចម្រៀងរូបនេះចេញមុខបដិសេធ និងចាត់ទុកថាជាការបង្ខូចកិត្តិយស។ មិនបានប៉ុន្មានថ្ងៃផងតារាសម្តែងសាច់ខ្ចីស្រីសុំខ្មាសរូបនេះបានចេញទៅសម្តែងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីកាលពីថ្ងៃទី០៦ខែមេសាឆ្នាំ២០១៩ និងបន្តទៅកាន់ប្រទេសញូវហ្សេលេនផងដែរ៕
ដោយ វឌ្ឍនា