ផ្តន្ទាទោសសម រង្ស៊ីរយៈ ពេល៨ឆ្នាំពីបទញុះញង់ ឲ្យកងទ័ពកុំ​ស្តាប់បទបញ្ជា និងប្រមាថព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០២ ខែ​ឧសភា ឆ្នាំ២០១៩នេះ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានី​ភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារសរុបកំណត់​រយៈពេល ៨ឆ្នាំ និងពិន័យជាប្រាក់ ២០​លាន​រៀលចូលជាថវិការជាតិ។

សូមរំលឹកថា កាលពីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ សាលាដំបូងរាជ​ធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងទណ្ឌិត សម រង្ស៊ី មេចលនា​ឧទ្ទាម ពាក់ព័ន្ធនឹងករណីចំនួន០២ ទី១- ជំនុំជម្រះលើបទចោទ ញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់តាម​មាត្រា៤៧១ និង៤៧២ នៃក្រមព្រហ្ម​ទណ្ទ ។បទចោទ ទី២- ប្រមាថលើអង្គព្រះ​មហាក្សត្រ តាមមាត្រា៤៣៧ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦-៨ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ និងនៅ​ទីកន្លែងផ្សេងៗ។

ក្រោយបានបញ្ចប់សវនាការលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះបានសម្រេចលើកយកសំណុំរឿងនេះ ប្រកាសាលក្រមនៅ​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះតែម្តង។

បើតាមលោក អីុ រិន អ្នកនាំពាក្យសាលា​ដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុង​សវនាការនេះមាន លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ និងលោក ប្លង់ សុផល ជាតំណាងអយ្យការ។ ក្នុងសវនាការរសៀលថ្ងៃនេះដែរមានលោក សំ សុគង់ ជាមេ ធាវីរបស់ លោក សម រង្ស៊ី ក្នុងនាមជា​មេធាវីជនជាប់ចោទ និងក៏មានវត្តមាន​មេធាវី តំណាងដោយអាណត្តិរបស់អគ្គ​បញ្ជាការកងទ័ព លោក វង្ស ភក្តី តំណាង​ឱ្យ​ដើមបណ្តឹងផងដែរ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៧ ខែ​ធ្នូ ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់​ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹង​ករណី ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់​រាជរដ្ឋាភិបាលស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្ត​កងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធ​ពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបាន​បញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៊ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។

ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់​ពីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្ស​សង្រ្គោះជាតិ អំពាវនាវឲ្យកងទ័ពបង្វែរ​កាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់​ឲ្យកងទ័ព ឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ​នេះ៕  ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print