ស្ថានភាពនៅព្រំដែន កាស្មៀររវាងឥណ្ឌានិងប៉ាគីស្ថាន ពេលនេះកាន់តែតានតឹង បន្ថែមទៀត ក្រោយពេល កម្លាំងទាហានប្រទេសទាំងពីរ បាញ់ប្រហារគ្នា យ៉ាងខ្លាំងនៅតាមបណ្តោយព្រំដែន LoC ស្ថិតក្នុងតំបន់ Shahpur និង Kerni ក្នុងតំបន់កាស្មៀរ។
ហេតុការបាញ់ប្រហារខាងលើកើតឡើងនៅក្នុងស្រុក Srinagar មានចម្ងាយប្រមាណ១៨០គីឡូម៉ែត្រនៅភាគនិរតី មកទលពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់និងរងរបួសនៅឡើយទេ ។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ យន្តហោះចម្បាំង Su-30MKI របស់ឥណ្ឌា បានហ្វឹកហាត់ ត្រៀម ចេញដំណើរវាយប្រហារនៅអាកាសយានដ្ឋាណយោធា ក្នុងតំបន់ Bengal ,Assam និង Mizoram ។នេះជាលើកទីមួយដែលកម្លាំងទាហានអាកាសណ្ឌាមានសកម្មភាពបែបនេះ ។
ភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលក្រុមភេរវកម្ម វាយប្រហារសម្លាប់ទាហានឥណ្ឌា ៤០នាក់នៅតំបន់ព្រំដែលកាលពីថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៩។ តាំងពីពេលនោះមកប្រទេសទាំងពីរតែងតែប៉ះទង្គិគ្នា ជាញឹកញាប់នៅក្នុងតំបន់កាស្មៀរ ។ នេះជាការប្រឈមមុខដាក់គ្នាមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំកន្លងមក។
ភាពតានតឹងកើនឡើងនៅថ្ងៃទី២៧ខែកុម្ភៈ ក្រោយយន្តហោះចម្បាំង៨គ្រឿងរបស់ឥណ្ឌាបានបើកការវាយប្រហារទៅលើ ទីតាំងក្រុមភេរវកម្ម ដែលលាក់ខ្លួននៅក្នុងប្រទេសប៉ាគីស្ថាន ។ ចំណែកប៉ាគីស្ថានវិញក៏បានបញ្ជូនយន្តហោះចម្បាំង ២៥គ្រឿង ទៅគៀកព្រំដែន ដើម្បីត្រៀមវាយប្រហារ ។ ទាហានប៉ាគីស្ថានក៏បាន បាញ់ទម្លាក់យន្តហោះចម្បាំង ឥណ្ឌាមួយគ្រឿង ផងដែរ ចំណែកអាកាសយានិកបានលោតឆ័ត្រចេញពីយន្តហោះដោយសុវត្ថិភាព ។
តំបន់កាស្មៀរ មានភាគច្រើនជនជាតិអិស្លាមរស់នៅ ភាគច្រើន ហើយការរស់នៅនោះមានរាប់សិបឆ្នាំកន្លងមក ហើយ។តំបន់ព្រំដែន មិនប្រាកដ រវាងឥណ្ឌានិងប៉ាគីស្ថានមានប្រវែងដល់ទៅ៧២០គីឡូម៉ែត្រ កាត់ផ្តាច់តំបន់កាស្មៀរជាពីរ ដោយពាក់កណ្តាល គ្រប់គ្រងដោយឥណ្ឌា និង ពាក់កណ្តាលទៀតគ្រប់គ្រងដោយប៉ាគីស្ថាន ៕