ក្រសួង​ដែនដី​ផ្អាក​គ្រប់​សកម្មភាព​សាងសង់​នៅ​តំបន់​ព្រែក​ទប់

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ចេញ​លិខិត​ ផ្អាក​រាល់​ការ​សាងសង់​សំណង់​រឹង​មាំ​ និង​ ផ្អាក​ចេញ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​ជុំវិញ​ តំបន់​ជាប់​មាត់បឹង​ព្រែក​ទប់​ ដែល​ជា​ ប្រភព​ស្ដុក​ទឹក​ស្អាត​ ឬ​ទឹកសាប​ ទុក​ប្រើ​ ប្រាស់​ទូ​ទាំង​ក្រុងព្រះសីហនុ​ ។​

dwe

​វិធានការ​នេះ​ត្រូវ​ប្រជាពលរដ្ឋ​រិះគន់​ថា​ អាជ្ញាធរ​ខេត្ដ​ពាក់ព័ន្ធ​ខេត្ដ​ព្រះ​សីហ​នុ​ អនុវត្ដ​មិន​មាន​ប្រសិទ្ធភាព​និង​មិន​បាន​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ​ ។​ លិខិត​អន្ដរាគមន៍​នេះ​ចុះហត្ថលេខា​ និង​ បោះត្រា​ដោយ​រដ្ឋលេខាធិការ​ក្រសួង​ រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ លោក​ លឹ​ម​ វាន់​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ជម្រាប​ជូន​លោក​ប្រធាន​ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្ដ​ព្រះ​សីហ​នុ​ ឱ្យ​ទប់ស្កាត់​ រាល់​ការ​សាងសង់​សំណង់​រឹង​ផ្សេងៗ​ និង​ ពន្យារពេល​ផ្ដល់​បណ្ណ​កម្មសិទ្ធិ​ដី​ជូន​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន​នៅ​ជុំវិញ​មាត់បឹង​ព្រែក​ទប់​ ។​

​វិធានការ​នេះ​ដើម្បី​រង់ចាំ​ការ​ពិនិត្យ​ ដោះស្រាយ​ឬ​អនុវត្ដ​ឱ្យ​បាន​ពេញលេញ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​កំណត់​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១១​ ខែ​ ឧសភា​ ឆ្នាំ​២០១២​របស់​ទីស្ដីការ​គណៈ​ រដ្ឋមន្ដ្រី​ ។​ លិខិត​របស់​ក្រសួង​រៀបចំ​ដែន​ ដី​នគរូបនីយកម្ម​ និង​សំណង់​ពេល​នេះ​ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​ របស់​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ដែល​សុំ​កិច្ច​អន្ដរាគមន៍​ជំរុញ​ការ​អនុវត្ដ​វិធានការ​ទប់ស្កាត់​ការ​សាងសង់​សំណង់​ ផ្សេងៗ​និង​ពន្យារពេល​បណ្ដោះអាសន្ន​ នៃ​ការ​ផ្ដល់​បណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ ដែល​ស្ថិត​នៅ​ជុំវិញ​តំបន់​បឹង​ព្រែក​ទប់​ ដើម្បី​ពិនិត្យ​ដោះស្រាយ​ការ​ថែរក្សា​នូវ​ បរិស្ថាន​និង​ប្រភព​ទឹកសាប​សម្រាប់​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ក្រុង​ព្រះ​ សីហ​នុ​តាម​គោលការណ៍​ណែនាំ​របស់​ រាជរដ្ឋាភិបាល​ ។​

​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា​ ការ​ចេញ​ លិខិត​ផ្អាក​សង់​សំណង់​រឹង​មាំ​របស់​ក្រសួង​រៀបចំ​ដែនដី​នៅ​តំបន់​ជាប់​មាត់បឹង​ព្រែក​ទប់​អាជ្ញាធរ​ខេត្ដ​ព្រះ​សីហ​នុ​ អនុវត្ដ​មិន​ ទាន់​មាន​ប្រសិទ្ធភាព​ទេ​ ។​ រាល់​ថ្ងៃនេះ​ ឃើញ​មាន​បុគ្គល​និង​មន្ដ្រី​មាន​អំណាច​មួយ​ចំនួន​បាន​បន្ដ​សង់​វីឡា​ ភូមិ​គ្រឹះ​ និង​សង់ការដ្ឋាន​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍​ ជាដើម​បន្ដ​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​ដោយ​គ្មាន​អាជ្ញាធរ​ហាមឃាត់​ទេ​ ។​

​បរិស្ថាន​ នៅ​ជុំវិញ​មាត់បឹង​ព្រែក​ទប់​ ឬ​ផ្ទៃ​រងទឹក​ភ្លៀង​បឹង​ស្ដុក​ទឹកសាប​មាន​ ទីតាំង​នៅ​ក្បែរ​ឆ្នេរ​ឯករាជ្យ​ខេត្ដ​ព្រះ​ សីហ​នុ​ គួរ​ត្រូវ​រាជរដ្ឋាភិបាល​ថែរក្សា​ឱ្យ​ បាន​គង់វង្ស​ដោយ​មិន​ត្រូវ​ឱ្យ​មាន​សកម្មភាព​រំលោភ​ដី​ចំណី​មាត់បឹង​ធម្មជាតិ​ មួយ​នេះ​ធ្វើ​កម្មសិទ្ធិ​ហើយ​អនុញ្ញាត​ឱ្យ​ មាន​សំណង់ផ្ទះ​ វីឡា​ធំ​ស្កឹមស្កៃ​ និង​ការ​ ដ្ឋា​ន​ក្រុមហ៊ុន​បន្ដ​កើត​មាន​ដូច​រាល់ថ្ងៃ​ នេះ​ទៀត​ទេ​ ។​ ផ្ដើម​ពី​បញ្ហា​នេះ​ប្រជា​ពល​ រដ្ឋ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ដកហូត​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ដែល​ជា​បឹង​ធម្មជាតិ​ស្ដុក​ទឹកសាប​ដ៏​សំខាន់​ទុក​ប្រើប្រាស់​នៅ​ ទូ​ទាំង​ក្រុង​ទេសចរណ៍​មួយ​នេះ​មក​ដាក់​ ជា​សម្បត្ដិ​រដ្ឋ​គ្រប់គ្រង​ និង​អភិរក្ស​ដោយ​ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​បុគ្គល​មាន​អំណាច​ ឬ​ឈ្មួញ​មួយ​ចំនួន​ បន្ដ​សង់​វីឡា​ ភូមិ​គ្រឹះ​ និង​សំណង់​រឹង​មាំ​ផ្សេង​ទៀត​នៅ​ជាប់​មាត់បឹង​នេះ​ទៀត​ទេ​ ។​

​បទបញ្ជា​របស់​សម្ដេច​ ស​ ខេ​ង​ រដ្ឋ​ មន្ដ្រី​ក្រសួងមហាផ្ទៃ​ ពិសេស​គោល​ ការណ៍​ណែនាំ​ផ្សេងៗ​ដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ដាក់​ឱ្យ​ អនុវត្ដ​ទាក់ទង​វិធានការ​ទប់ស្កាត់​ការ​ ទន្ទ្រាន​កាន់កាប់​ដី​ចំណី​មាត់បឹង​ព្រែក​ ទប់​ គឺ​អាជ្ញាធរ​ខេត្ដ​នេះ​អនុវត្ដ​មិន​ទាន់​ មាន​ប្រសិទ្ធភាព​ទេ​ ។​ សំណង់​វីឡា​ធំៗ​ សំណង់​ភូមិ​គ្រឹះ​និង​សំណង់​ការដ្ឋាន​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍​កំពុង​បន្ដ​សាងសង់​នៅ​ផ្នែក​ខាងលើ​មាត់បឹង​ព្រែក​ទប់​ ដោយ​មិន​ ខ្វល់​នឹង​គោលការណ៍​ណែនាំ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ និង​ បទបញ្ជា​របស់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ នោះ​ទេ​ ។​

​សំណង់​វីឡា​ធំ​ស្កឹមស្កៃ​ដែល​កំពុង​បន្ដ​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​ នៅ​ជាប់​ ខាងលើ​មាត់បឹង​ព្រែក​ទប់​រាល់​ថ្ងៃនេះ​ ប្រជាពលរដ្ឋ​និង​មន្ដ្រីរាជការ​ខេត្ដ​ ព្រះ​សីហ​នុ​អះអាង​ថា​ ជា​កម្មសិទ្ធិ​របស់​ លោក​ តាក់​ វណ្ណ​ថា​ អតីត​ស្នងការ​នគរ​ បាល​ខេត្ដ​ព្រះ​សីហ​នុ​ ហើយ​បច្ចុប្បន្ន​មាន​ តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ដ​ព្រះ​ សីហ​នុ​ ។​ សំណង់​ភូមិ​គ្រឹះ​សង់​នៅ​ជាប់​ របង​វត្ដ​ក្រោម​ជាប់​ខាងលើ​មាត់បឹង​ព្រែក​ទប់​ជា​កម្មសិទ្ធិ​របស់​បុគ្គល​មានទ្រព្យ​ មាន​ងារ​ជា​ឧកញ៉ា​ ។​

​ផ្ទៃ​រងទឹក​ភ្លៀង​បឹង​ព្រែក​ទប់​ដែល​ជា​ ប្រភព​ទឹកសាប​ទុក​ប្រើប្រាស់​នៅ​ទូ​ទាំង​ ក្រុង​ជាប់​សមុទ្រ​មួយ​នេះ​បាន​រង​ការ​ រំលោភ​បំពាន​ធ្វើ​កម្មសិទ្ធិឯកជន​ច្រើន​ ឆ្នាំ​មក​ហើយ​ ហើយ​ករណី​នេះ​បាន​ឈាន​ ដល់​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ រដ្ឋមន្ដ្រី​ ក្រសួងមហាផ្ទៃ​ព្រមាន​ធ្ងន់ៗ​ជា​សាធារណៈ​មិន​បញ្ចេញ​ឈ្មោះ​ទៅ​លើ​មន្ដ្រី​រដ្ឋាភិបាល​ទាំងឡាយ​ណា​ ដែល​ជាប់​ពាក់ព័ន្ធ​សកម្ម​ ភាព​រំលោភ​យក​ដី​ចំណី​មាត់បឹង​ព្រែក​ ទប់​ឱ្យ​ដកខ្លួន​ជា​បន្ទាន់​បើ​ចង់​សុខ​ខ្លួន​ ។​

​អភិបាល​ក្រុងព្រះសីហនុ​ លោក​ អ៊ី​ សុខ​ឡេ​ង​ បានឱ្យ​ដឹង​ដែរ​ថា​ នៅ​ពេល​រូប​ លោក​បាន​មក​ដឹកនាំ​មូលដ្ឋាន​នេះ​ឃើញ​មាន​សំណង់​រឹង​មាំ​ផ្សេងៗ​មាន​ដូច​ជា​ សំណង់​វីឡា​ ភូមិ​គ្រឹះ​ និង​ការដ្ឋាន​ក្រុមហ៊ុន​ លាយ​ស៊ីម៉ងត៍​ជាដើម​បាន​សាងសង់​នៅ​ផ្នែក​ខាងលើ​មាត់បឹង​ព្រែក​ទប់​ដោយ​ គ្មាន​ច្បាប់​សាងសង់​ទេ​ ប៉ុន្ដែ​លោក​មាន​ ច​ម្ង​ល់​ថា​ អាជ្ញាធរ​អាណត្ដិ​មុនៗ​ហេតុ​អ្វី​ បានជា​មិន​បាន​ហាមឃាត់​និង​អនុញ្ញាត​ឱ្យ​ម្ចាស់​សំណង់​ទាំងនោះ​សង់​ល្មើសច្បាប់​ទៅ​វិញ​ ។​

​លោក​ យន្ដ​ មីន​ អភិបាលខេត្ដ​ព្រះ​ សី​ហនុមាន​ប្រសាសន៍​ថា​ អាជ្ញាធរ​មិន​ អនុញ្ញាត​ឱ្យ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​នៅ​ ជុំវិញ​បរិវេណ​មាត់បឹង​ព្រែក​ទប់​ និង​ សកម្មភាព​ទន្ទ្រាន​យក​ដី​ចំណី​មាត់បឹង​ ព្រែក​ទប់​ទៀត​ទេ​ ។​ ជាង​នេះ​អាជ្ញាធរ​ស្ថាប័ន​ ពាក់ព័ន្ធ​បាន​រួម​គ្នា​អនុវត្ដ​អនុសាសន៍​ ពង្រឹង​ការពារ​បឹង​ព្រែក​ទប់​ឱ្យ​ស្រប​តាម​ការ​ចង្អុលបង្ហាញ​របស់​សម្ដេច​ក្រឡា​ ហោម​ ស​ ខេ​ង​ និង​បទបញ្ជា​ផ្សេងៗ​របស់​ ប្រមុខ​ដឹកនាំ​ដោយ​យកចិត្ដទុកដាក់​ ។​ លោក​ យន្ដ​ មីន​ ដែល​ធ្លាប់​ដើរ​ហាត់​ ប្រាណ​តាម​ផ្លូវ​ក្រាល​កៅស៊ូ​នៅ​ជាប់​ មាត់បឹង​ព្រែក​ទប់​ស្ទើរ​ជា​រៀង​រាល់​ល្ងាច​ពេលទំនេរ​ពី​ការងារ​បាន​បញ្ជាក់​ថា​ ក្នុង​ រយៈពេល​៣​ខែ​ដែល​រូប​លោក​បាន​មក​ ដឹកនាំ​ខេត្ដ​នេះ​បាន​ហាម​មិន​ឱ្យ​ស្ថាប័ន​ណាមួយ​ចេញ​បណ្ណ​កម្មសិទ្ធិ​ដី​នៅ​ជុំវិញ​ បឹង​ព្រែក​ទប់​ទៀត​ទេ​ ។​

​ទោះ​យ៉ាងណា​លោក​មិន​បាន​បញ្ជាក់​ថា​ តើ​នៅ​ពេល​ណា​អាជ្ញាធរ​ ឬរ​ដ្ឋា​ភិ​ បាល​រឹបអូស​យក​ដី​ចំណី​មាត់បឹង​ព្រែក​ ទប់​ដែល​រង​ការ​រំលោភ​ធ្វើ​កម្មសិទ្ធិ​ពី​បុគ្គល​មួយ​ចំនួន​កន្លង​មក​ដាក់​ជា​សម្បត្ដិ​រដ្ឋ​ គ្រប់គ្រង​វិញ​នោះ​ទេ​ ។​

​បេក្ខភាព​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្ដ​ព្រះ​សីហ​នុ​ អាណត្ដិ​ថ្មី​ លោក​ នួន​ ប៉ុក​ មាន​ប្រសាសន៍​ថា​ ទីតាំង​ដី​សង់​វីឡា​ របស់​ លោក​ តាក់​ វណ្ណ​ថា​ គឺ​ម្ចាស់​កម្ម​ សិទ្ធិ​នេះ​បាន​ស្នើ​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​ពី​មន្ទីរ​ជំនាញ​ខេត្ដ​នេះ​ ប៉ុន្ដែ​ចំពោះ​សំណង់​ នេះ​សង់​មានច្បាប់​អនុញ្ញាត​ ឬ​បែប​ណា​ នោះ​ ស្ថាប័ន​លោក​មិន​បានដឹង​ទេ​ ។​

​សំណង់​វីឡា​ធំ​ស្កឹមស្កៃ​ជា​កម្មសិទ្ធិ​ របស់​លោក​ តាក់​ វណ្ណ​ថា​ ត្រូវ​ប្រជា​ពល​ រដ្ឋ​ខេត្ដ​ព្រះ​សីហ​នុ​ថ្លែង​ថា​ សង់​មិន​ខ្វល់​ បទបញ្ជា​របស់​សម្ដេច​ក្រឡាហោម​ ឧបនាយករដ្ឋមន្ដ្រី​ ស​ ខេ​ង​ ពិសេស​គោល​ ការណ៍​ណែនាំ​ផ្សេងៗ​របស់​សម្ដេច​នាយក​ រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ទេ​ ហើយ​អាជ្ញាធរ​ខេត្ដ​ នេះ​ក៏​មិន​បាន​ទប់ស្កាត់​ដែរ​ ៕​

dwe (1)

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print