ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីគេលេចឮព័ត៌មានថា មន្ត្រីរាជការម្នាក់ត្រូវបុរសសញ្ជាតិបារាំង មុខងារជាពេទ្យសត្វ ចាក់សោឃុំខ្លួន ព្រមជាមួយបុរសម្នាក់ទៀត តាំងពីវេលាម៉ោង៤ទៀបភ្លឺ រហូតដល់ម៉ោង៧ព្រឹក មិនទាន់មានការដោះលែង ដោយសារតែរឿងយកឆ្កែទៅឲ្យកើតកូន ហើយសត្វឆ្កែបានងាប់ ប៉ុន្តែគ្រូពេទ្យបែរជាទារលុយថ្លៃសេវារហូតដល់៧៥ដុល្លារនោះ ។
សេចក្តីរាយការណ៍ពីលោក ស រស្មី អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាននគរវត្តបានបញ្ជាក់ថា បុរសដែលរងគ្រោះឈ្មោះ ម៉ា ចាន់រិទ្ធី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាមន្ត្រីរាជការ ស្នាក់ផ្ទះនៅម្តុំអង់តែនទួលគោក រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ អុង ពន្លក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅជិតខាងជាមួយគ្នានឹងបុរសឈ្មោះ ម៉ា ចាន់រិទ្ធី ។
ប្រភពបន្តថា នៅមុនពេលមានរឿងរ៉ាវខាងលើកើតឡើង មេឆ្កែរបស់បុរសរងគ្រោះបានឈឺពោះកើតកូន ប៉ុន្តែមិនអាចកើតចេញរួចនោះឡើយ ទើបនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ បុរសជាជនរងគ្រោះបាននាំសត្វឆ្កែនោះមកកាន់ពេទ្យសត្វរបស់លោកគ្រូពេទ្យសញ្ជាតិបារាំងខាងលើដែលមានអសយដ្ឋានផ្ទះលេខ ផ្ទះលេខ៤០ ផ្លូវ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ នៅពេលទៅដល់ពេទ្យសត្វនោះ គ្រូពេទ្យសញ្ជាតិបារាំងបានពិនិត្យមើលសត្វឆ្កែឈឺពោះកើតកូនមិនរួចនោះបានមួយសន្ទុះក្រោយមក ស្រាប់តែលោកគ្រូពេទ្យនិយាយថា សត្វឆ្កែមិនអាចកើតកូនចេញទេ ហើយមេឆ្កែនោះក៏ងាប់តែម្តងជាមួយកូននៅក្នុងពោះ ។
ក្រោយមក គ្រូពេទ្យសញ្ជាតិបារាំងបានទារលុយពីបុរសរងគ្រោះទាំងពីរនាក់ថ្លៃសេវា៧៥ដុល្លារ ប៉ុន្តែជនរងគ្រោះបានអះអាងថា គ្រូពេទ្យព្យាបាលសត្វឆ្កែមិនបានផង ទារថ្លៃសេវាច្រើនម៉្លេះ ពួកគាត់ព្រមឲ្យតែ២០ទៅ៣០ដុល្លារប៉ុណ្ណោះ តែគ្រូពេទ្យមិនព្រម ។
ប្រភពបន្តថា ដោយសារនិយាយគ្នាមិនត្រូវរ៉ូវរឿងថ្លៃសេវានោះ គ្រូពេទ្យសញ្ជាតិបារាំងចិត្តសឿងបានចាក់សោឃុំខ្លួនបុរសម្ចាស់សត្វឆ្កែទាំងពីរនាក់នោះ រួចបើករថយន្តចេញទៅបាត់រហូតដល់ព្រឹកព្រលឹម វេលាម៉ោង៧ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ទើបមានការភ្ញាក់ផ្អើល សមត្ថកិច្ចនាំគ្នាមកជួយអន្តរាគមន៍ ៕
ដោយ៖ ស រស្មី