ខ្លោចចិត្តអាណិត ងួន កែវពេជ្រពិសិដ្ឋ នឹងស្ថានភាពជំងឺមហារីក

ចែករំលែក៖

ភ្នំពេញ៖ ជាតារាចម្រៀង និងកំប្លែង ចូលចិត្តនិយាយលេងសើច និងសម្តែងឲ្យ​ទស្សនិកជនសើចសប្បាយ បែជាមក​ត្រូវឈឺស្គមរីងរៃដេកនឹងកន្ទេលព្រោះតែជំងឺមហារីកគួរឲ្យអាសូរ។

តារា​ចម្រៀង និយម​ច្រៀង​បទ Original Song ម្នាក់ឈ្មោះ​ថា ងួន កែវ​ពេជ្រ​ពិសិដ្ឋ បាន​ជួប​ប្រឈម​ជាមួយ​ជំងឺ​មហារីក​ដំណាក់​កាល​ទី​១ ដោយ​បាន​ធ្វើ​រូបរាង​កាយ​របស់​គេ​ប្រែ​ប្រួល​ខ្លាំង​មើល​មិន​ចង់​ស្គាល់។ ដុំសាច់ដុះនៅលើទ្រូងខាងឆ្វេងគៀកជាប់នឹងបេះដូង បានធ្វើទុក និងបង្កើតឲ្យប៉ះពាល់ដល់ផ្នែកសួត និងបេះដូងដែលត្រូវឲ្យគ្រូពេទ្យបូបទឹកចេញជាប្រចាំ។ ជំងឺនេះបានធ្វើទុកជិតមួយឆ្នាំមកហើយរហូតដល់ក្រុមគ្រួសារ​ព្យាយាមប្រឹងប្រែងព្យាបាលរហូតចំណាយទ្រព្យមានតម្លៃអស់ពីខ្លួន។

ប្រភពពីមិត្តភ័ក្កិជិតដិតដែលដឹងរឿងតារាកំប្លែងរូបនេះបញ្ជាក់ថា ងួន កែវពេជ្រពិសិដ្ឋ បានព្យាយាមលាក់បាំងរឿងនេះទៅកាន់មិត្តភ័ក្កិ និងអ្នកគាំទ្រ ហើយលោកធ្លាប់បានចេញទៅព្យាបាលនៅប្រទេសថៃជាញឹកញាប់ និងមានបំណងវះកាត់ជំងឺដ៏កាចសាហាវនេះ ប៉ុន្តែដោយសារសុខភាព តារារូបនេះខ្សោយខ្លាំងទើបវេជ្ជបណ្ឌិតមិនប្រថុយនឹងការវះកាត់ទើបសម្រេចឲ្យមកបំប៉ណសុខភាពនៅផ្ទះសិន។ ប្រភពបន្តថា ស្ថានភាពជំងឺតារាររូបនេះនៅមិនទាន់បានប្រសើរឡើងនៅឡើយ ដែលពេលនេះគាត់ត្រូវការទាំងកម្លាំងចិត្ត និងថវិកាដើម្បីជួយដល់ការព្យាបាលបន្ត។

គួរបញ្ជាក់ដែរថា តាម​គណនី​ហ្វេសប៊ុក តាំង គឹម​ឡេង ដែល​មិន​ថា​ជា​អ្វី​នឹង​អ្នក​ជំងឺ​នោះ បាន​ឲ្យ​ដឹង​ថា លោក ងួន កែវ​ពេជ្រ​ពិសិដ្ឋ មាន​ជំងឺ​មហារីក​ដំណាក់​កាល​ទី​១​នេះ អស់​រយៈ​ពេល ៥​ខែ​មក។ ប៉ុន្តែ​តារា​ចម្រៀង បាន​ព្យាយាម​លាក់​បាំង​ដោយ​សុខ​ចិត្ត​តស៊ូ​មើល​ព្យាបាល​ខ្លួន​ឯង​តាម​លទ្ធភាព​របស់​គ្រួសារ។ យ៉ាង​ណា លទ្ធភាព​ដែល​គ្រួសារ​មាន មិន​បាន​ធ្វើ​ឲ្យ​លោក ពិសិដ្ឋ បាន​ធូរស្រាល​ឡើយ គឺ​មាន​តែ​វិវត្តន៍ រហូត​ដល់​លោក​ប្រែ​រូបរាង​ជា​ស្គម​ឃើញ​ហើយ​ស្លុត​ចិត្ត។

គួរបញ្ជាក់ដែរថា ក្រៅ​ពី​តារា​ចម្រៀង លោក ងួន កែវពេជ្រ​ពិសិដ្ឋ ក៏​ជា​អ្នក​ផលិត​វីដេអូ​មួយ​រូប​ដែរ ដែល​កន្លង​មក​ធ្លាប់​បាន​ផលិត​វីដេអូ​កំប្លែង​ឲ្យ​បង​ប្អូន​សើច​សប្បាយ និង​វីដេអូ​អប់រំ​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​ពេល​នេះ លោក​លែង​បាន​ធ្វើ​អ្វី​សម្រាប់​បង​ប្អូន​ទៀត​ហើយ ប៉ុន្តែ​ត្រូវ​ការ​ការ​សន្ដោស​ប្រណី​ពី​បង​ប្អូន​វិញ៕ ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print