ភ្នំពេញ៖ ជាតារាចម្រៀង និងកំប្លែង ចូលចិត្តនិយាយលេងសើច និងសម្តែងឲ្យទស្សនិកជនសើចសប្បាយ បែជាមកត្រូវឈឺស្គមរីងរៃដេកនឹងកន្ទេលព្រោះតែជំងឺមហារីកគួរឲ្យអាសូរ។
តារាចម្រៀង និយមច្រៀងបទ Original Song ម្នាក់ឈ្មោះថា ងួន កែវពេជ្រពិសិដ្ឋ បានជួបប្រឈមជាមួយជំងឺមហារីកដំណាក់កាលទី១ ដោយបានធ្វើរូបរាងកាយរបស់គេប្រែប្រួលខ្លាំងមើលមិនចង់ស្គាល់។ ដុំសាច់ដុះនៅលើទ្រូងខាងឆ្វេងគៀកជាប់នឹងបេះដូង បានធ្វើទុក និងបង្កើតឲ្យប៉ះពាល់ដល់ផ្នែកសួត និងបេះដូងដែលត្រូវឲ្យគ្រូពេទ្យបូបទឹកចេញជាប្រចាំ។ ជំងឺនេះបានធ្វើទុកជិតមួយឆ្នាំមកហើយរហូតដល់ក្រុមគ្រួសារព្យាយាមប្រឹងប្រែងព្យាបាលរហូតចំណាយទ្រព្យមានតម្លៃអស់ពីខ្លួន។
ប្រភពពីមិត្តភ័ក្កិជិតដិតដែលដឹងរឿងតារាកំប្លែងរូបនេះបញ្ជាក់ថា ងួន កែវពេជ្រពិសិដ្ឋ បានព្យាយាមលាក់បាំងរឿងនេះទៅកាន់មិត្តភ័ក្កិ និងអ្នកគាំទ្រ ហើយលោកធ្លាប់បានចេញទៅព្យាបាលនៅប្រទេសថៃជាញឹកញាប់ និងមានបំណងវះកាត់ជំងឺដ៏កាចសាហាវនេះ ប៉ុន្តែដោយសារសុខភាព តារារូបនេះខ្សោយខ្លាំងទើបវេជ្ជបណ្ឌិតមិនប្រថុយនឹងការវះកាត់ទើបសម្រេចឲ្យមកបំប៉ណសុខភាពនៅផ្ទះសិន។ ប្រភពបន្តថា ស្ថានភាពជំងឺតារាររូបនេះនៅមិនទាន់បានប្រសើរឡើងនៅឡើយ ដែលពេលនេះគាត់ត្រូវការទាំងកម្លាំងចិត្ត និងថវិកាដើម្បីជួយដល់ការព្យាបាលបន្ត។
គួរបញ្ជាក់ដែរថា តាមគណនីហ្វេសប៊ុក តាំង គឹមឡេង ដែលមិនថាជាអ្វីនឹងអ្នកជំងឺនោះ បានឲ្យដឹងថា លោក ងួន កែវពេជ្រពិសិដ្ឋ មានជំងឺមហារីកដំណាក់កាលទី១នេះ អស់រយៈពេល ៥ខែមក។ ប៉ុន្តែតារាចម្រៀង បានព្យាយាមលាក់បាំងដោយសុខចិត្តតស៊ូមើលព្យាបាលខ្លួនឯងតាមលទ្ធភាពរបស់គ្រួសារ។ យ៉ាងណា លទ្ធភាពដែលគ្រួសារមាន មិនបានធ្វើឲ្យលោក ពិសិដ្ឋ បានធូរស្រាលឡើយ គឺមានតែវិវត្តន៍ រហូតដល់លោកប្រែរូបរាងជាស្គមឃើញហើយស្លុតចិត្ត។
គួរបញ្ជាក់ដែរថា ក្រៅពីតារាចម្រៀង លោក ងួន កែវពេជ្រពិសិដ្ឋ ក៏ជាអ្នកផលិតវីដេអូមួយរូបដែរ ដែលកន្លងមកធ្លាប់បានផលិតវីដេអូកំប្លែងឲ្យបងប្អូនសើចសប្បាយ និងវីដេអូអប់រំមួយចំនួនទៀត។ ប៉ុន្តែពេលនេះ លោកលែងបានធ្វើអ្វីសម្រាប់បងប្អូនទៀតហើយ ប៉ុន្តែត្រូវការការសន្ដោសប្រណីពីបងប្អូនវិញ៕ ដោយ វឌ្ឍនា