ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកស្អាងចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ២១A ឃាត់ខ្លួនបានមុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ២១A ស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ដកហូតបានថ្នាំញៀន២០កញ្ចប់ និងម៉ូតូ០១គ្រឿង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ណុល លីហ្សា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះ ស្រោង ម៉េងស៊ឺ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ ជនសង្ស័យទាំង២នាក់មានទីលំនៅក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ។ ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើការដកហូត ថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកចំនួន២០កញ្ចប់ និងម៉ូតូ០១គ្រឿងធុនសេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ វ.0291-ភ.ព1 ។
លោកអធិការបានបន្តថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះសមត្ថកិច្ចនគរបាលស្រុកស្អាងបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ២១A ពីអធិកាដ្ឋាននគរបាលស្រុកស្អាងឆ្ពោះទៅព្រំប្រទល់ក្រុងតាខ្មៅ ។ ពេលនេះបានប្រទះឃើញជនសង្ស័យជិះម៉ូតូឌុបគ្នា ទើបកម្លាំងល្បាតដេញតាមឲ្យឈប់សុំធ្វើការឆែកឆេរ រហូតរកឃើញមានវត្ថុតាងថ្នាំញៀន២០កញ្ចប់ ដែលជនសង្ស័យលាក់ទុកជាប់ខ្លួន ក៏ឃាត់ខ្លួនក្រុមជនសង្ស័យវៃខ្នោះបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ជនសង្ស័យបានសារភាពថា ថ្នាំញៀន២០កញ្ចប់ខាងលើនេះ ពួកគេបានទិញពីមេក្លោងជួញដូរគ្រឿងញៀននៅម្តុំវាលខ្សាច់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងតម្លៃ១៧០.០០០រៀល ៕
ដោយ៖ ស្អាងជ័យ