ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចចម្រុះបានចុះទៅត្រួតពិនិត្យរោងចក្រផលិតទឹកកកដំធំមួយយីហោសេះហោះមានជ័យ និងទីតាំងផលិត ស្រាសមួយកន្លែងទៀតស្ថិតនៅក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
កាលពីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីបង្ការទប់ស្កាត់ទៅលើការផលិត ទឹកកកនិងស្រាស ប្រើប្រាស់សារធាតុគីមីនិងសាធារពុល បង្កប៉ះពាល់ដល់អាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ។
ការចុះត្រួតពិនិត្យការផលិតទឹកកកនិងការផលិតស្រាសមានពីរទីតាំងពីសំណាក់សមត្ថកិច្ចជំនាញ ត្រូវគេមើលឃើញថាក្រោយពីមានការលិចឮព័ត៌មាន និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋថា ការផលិតទឹកកកត្រូវគេសង្ស័យមានសារធាតុគីមី រឺដាក់ជីអ៊ុយរ៉េ ដើម្បីឱ្យទឹកកកឆាប់កករឹង និង មានពណ៌សល្អ ធ្វើឱ្យ បង្កឱ្យប៉ះពាល់សុខភាព និងការផិតស្រាសដាក់សារធាតុថ្នាំពុលបង្កឱ្យពុលស្លាប់ប្រជាពលរដ្ឋនៅខេត្តក្រចេះជាបន្តបន្ទាប់កាលពីកន្លងទៅថ្មីៗជាដើមនោះ។
ទន្ទឹមនោះ សមត្ថកិច្ចត្រួតពិនិត្យរោងចក្រផលិតទឹកកកសេះហោះមានជ័យរកឃើញថា ការផលិតទឹកកកនៅក្នុងរោងចក្រមួយនេះមិនទាន់ត្រូវស្តង់ដានៅឡើយនោះទេ ដោយធុងដែកបង្កកទឹកកកមានសភាពច្រេះចាស់មួយចំនួនធំ មិនមានកំរបបិទធុងបង្កកក ទឹកកកជាហេតុអាចធ្វើឱ្យធុលីហ៊ុយចូល ដែលប៉ះពាល់ទៅលើផ្នែកអនាម័យ និង ការបំពាក់ប្រព័ន្ធ (UV) ហៅថាប្រព័ន្ធឆ្លងកាត់កំចាត់មេរោគនោះដាក់នៅឆ្ងាយខុសទីតាំងពីធុងច្រកទឹកកក ប្រើប្រាស់ទឹកស្ទឹងសិរីសោភ័ណនិងរកឃើញកត្តាខ្វះខាតមួយចំនួនទៀត។
នៅពេលនោះមន្ត្រីជំនាញក៏បាន អប់រំ ណែនាំ និងឱ្យអ្នកគ្រប់គ្រង រោងចក្រផលិតទឹកកកធ្វើកិច្ចសន្យាត្រូវកែប្រព័ន្ធបច្ចេកទេសខ្វះខាតខាងលើឱ្យបានត្រឹមត្រូវឡើងវិញ ដើម្បីបញ្ចៀសកុំឱ្យមានបញ្ហាប៉ះពាល់សុវត្ថិភាពដល់ប្រជាពលរដ្ឋអ្នកទទួលទាន។
ជាមួយគ្នានោះដោយសមត្ថកិច្ចជំនាញក៏ដូចជាអ្នកគ្រប់គ្រងរោងចក្រអះអាងថា រោងចក្រផលិតទឹកកកសេះហោះ នោះមិនមានការផលិតទឹកកកដាក់សាធាតុគីមីរឺជីអ៊ុយរ៉េនោះឡើយ ព័ត៌មានថាទឹកកក ដាក់ជីអ៊ុយរ៉ែ ជាពាក្យចាមអារាមប៉ុណ្ណោះ ។ រោងចក្រទឹកកកសេះហោះមានជ័យបច្ចុប្បន្នផលិតទឹកកកចំនួន២ប្រភេទ ទឹកកកអនា ម័យ និងទឹកកកដើម។ក្នុងមួយថ្ងៃយ៉ាងហោចណាស់ផលិតទឹកកកបានចំនួនពី១៩០០ដើមទៅ២២០០ដើម និងទឹកកកអនាម័យបានចំនួន២៥តោន។
នៅថ្ងៃដដែលមន្ត្រីជំនាញ ក៏បន្តទៅត្រួតពិនិត្យផ្ទះប្រជាពលរដ្ឋមួយកន្លែងផលិតស្រាស នៅចំណុចភូមិព្រះពន្លា សង្កាត់ព្រះពន្លា សមត្ថកិច្ចក៏បានយកស្រាសមួយគំរូដើម្បីយកទៅធ្វើតេស្តនៅមន្ទីរពិសោធន៍នៅរាជធានីភ្នំពេញ រកមើលថាការផលិតស្រាសរបស់ប្រជាពលរដ្ឋនោះបានត្រឹមត្រូវតាមស្តង់ដារឺយ៉ាងណានោះ។
បើតាមបការបញ្ជាក់ឱ្យដឹងពីម្ចាស់ផលិតស្រាសឈ្មោះ ឆាន់ សុភ័ណ ឱ្យដឹងថា ការផលិតស្រាសគឺគាត់ផលិតពីអង្ក សុទ្ធសាធ និងប្រើមេតំបែរធ្វើនៅក្នុងស្រុកខ្មែរដោយ គ្មានដាក់ សារធាតុគីមីអ្វីឡើយ ។ ក្នុង១ថ្ងៃគាត់ផលិត ស្រាសបាន២០លីត្រការផលិតស្រាសរបស់គ្រួសារគាត់មានរយៈពេលជាង២០ឆ្នាំទៅហើយ មិនដែលមានបញ្ហាអ្វីនោះទេ។
សូមបញ្ជាក់ថានៅខេត្តបន្ទាយមានជ័យមកដល់ពេលនេះគ្មានករណីពុលស្រាស ដូចនៅខេត្តក្រចេះ និងបណ្តាខេត្តមួយចំនួននោះទេ។ សមត្ថកិច្ចគេសង្កេតឃើញថាកំពុងតែខិតខំ ចុះត្រួតពិនិត្យទៅលើការផលិតស្រាស និងការផលិតទឹកកកជាដើមនោះ ៕
ដោយ៖ សំ វិច្ឆិកា