ខេត្តត្បូងឃ្មុំ៖ ស្ថិតនៅជិតផ្សារអូររាំងឪ នៅភូមិលេខ៤កើត ឃុំអំពិលតាពក ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ផ្ទះប្រជាពលរដ្ឋមួយខ្នង កាលពីពាក់កណ្តាលអាធ្រាត្រ ត្រូវអគ្គីភ័យបំផ្លាញទាំងស្រុង ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយគឺមនុស្សម្នាក់ត្រូវបានសម្លាប់ ដោយអំណាចភ្លើងជាង១ម៉ោង ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានឲ្យដឹងថា នៅវេលាម៉ោង១២ និង២៥ នាទីយប់ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥នេះ មានអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅខាងត្បូងជាប់ផ្សារអូរាំងឳ ។
លោកស្នងការបន្តរថា ដោយមានការជួយអន្តរាគមន៍ពីកងកម្លាំងនគរបាល និងប្រជាពលរដ្ឋជិតខាង ភ្លើងបានរលត់ទាំងស្រុនៅវេលាម៉ោង១ និង៣០ នាទី ក្រោយកើតហេតុជាង១ម៉ោង ។ ហើយម្ចាស់ផ្ទះត្រូវបានគេស្គាល់ថា ឈ្មោះ ហេង សុខផល អាយុ៥២ ឆ្នាំ ភេទប្រុស មុខរបររត់ម៉ូតូឌុបនៅភ្នំពេញ ប្រពន្ធឈ្មោះ គឹម សុខនី អាយុ៥២ឆ្នាំ និងមានកូនប្រសារឈ្មោះលន់ ស៊ាងហាក់ អាយុ៣៧ឆ្នាំ ប្រពន្ធឈ្មោះ ហេង ម៉ាឡែន អាយុ៣២ ឆ្នាំ ( មានជំងឺសសៃប្រសាទ ដែលកំពុងបាត់ខ្លួន)។ ផ្ទះជនរងគ្រោះលក់ដូរ ស្បង់ជីពរ ទៀនធូប និងពូកអេប៉ុងស្តើងៗ។ ហើយមូលហេតុ មិនទាន់កំណត់បាននៅឡើយ តែបើតាមការបំភ្លឺពីអ្នកជិតខាងថា អាចជាកូនស្រីឈ្មោះ ហេង ម៉ាឡែនដុត ព្រោះកន្លងមកនាងព្យាយាមដុតផ្ទះច្រើនដងហើយនេះបើតាមរបាយការណ៍របស់នគរបាលស្រុកអូររាំងឪ ។
លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្គីភ័យនោះ សមត្ថកិច្ចបានរកឃើញសពមនុស្សម្នាក់ដែលអគ្គីភ័យឆាបឆេះស្ទើរគ្មានសល់ ហើយសមត្ថកិច្ចអះអាងថា ជនរងគ្រោះ ឈ្មោះ ហេង ម៉ាឡែន អាយុ៣២ឆ្នាំ ជាមនុស្សមានជំងឺសសៃប្រសាទ ។
សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍លោកស្នងការខេត្តត្បូងឃ្មុំ បានបញ្ជាកម្លាំងឱ្យអន្តរាគមន៍ភ្លាមៗ ដោយមិនសម្រាកស្ទើរពេញមួយយប់ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយគឺជីវិតមនុស្សម្នាក់ត្រូវបាត់បង់ ក្រោយពីសមត្ថកិច្ចបានប្រើឡានទឹក១គ្រេឿងបាញ់ពន្លត់មិនឱ្យរាលដាល ៕
ដោយ៖ សុខ ខេមរា