ខេត្តបន្ទាយមានជ័យ៖ រថយន្តកាមរីបាឡែន១គ្រឿងដឹកផ្ទុកឈើគ្រញូងខុសច្បាប់ត្រូវបានកម្លាំងមន្ត្រីជំនាញ ព្រៃឈើខេត្តបន្ទាយមានជ័យធ្វើការបង្ក្រាបបានកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការបង្ក្រាបរថយន្តដឹកឈើគ្រញូងខុសច្បាប់នោះត្រូវគេមើលឃើញថាអនុវត្តក្រោមបញ្ជាផ្ទាល់ របស់លោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បន្ទាប់ពីលោកបានទទួលព័ត៌មានពីភ្ញាក់ងារសម្ងាត់រាយការណ៍មកលោករួចមកនោះ ហើយការបង្ក្រាបជំនួញឈើគ្រញូងសមត្ថកិច្ចមិនបានឃាត់ខ្លួនម្ចាស់ឈើបាននោះឡើយ ដោយឈ្មួញរូបនោះរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចចុះទៅហ៊ុំព័ន្ធទីតាំងស្តុកឈើគ្រញូងនៅចំណុចខាងលើ។
រថយន្តដឹកឈើគ្រញូងនៅល្ងាចថ្ងៃដដែលត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកកាន់សាលាដំបូងខេត្តដើម្បីយកមកចាត់ការតាមផ្លូវច្បាប់។ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានមន្ត្រីជំនាញព្រៃឈើធ្វើការវាស់វែង និងរាប់ជាក់ស្តែង ដែលមានការចូលរួមពីលោក ផាន់ ភីរម្យព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ពិនិត្យឃើញថា ឈើគ្រញូងទាំងនោះមានចំនួន៩៥ដុំ ស្មើនិងទម្ងន់១០៥៩ គីឡូក្រាមក្រោយពីមន្ត្រីជំនាញធ្វើការត្រួតពិនិត្យរួចហើយ ក៏បានរក្សាទុកនៅសាលាដំបូងខេត្តដើម្បីទុកចាត់ការតាមផ្លូវច្បាប់។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចលួបបង្ហើបប្រាប់ឱ្យដឹងថាឈើគ្រញូងបង្ក្រាបនៅចំណុចផ្ទះឈ្មោះ ម៉ៅ ឃឿត អាយុ២៥ឆ្នាំស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថាឈើគ្រញូងទាំងនោះទំនងជាឈ្មួញនាំចេញពីប្រទេសថៃ ឆ្លងកាត់ ស្រុកថ្មពួក ហើយត្រូវបានឈ្មួញដឹកយកមកលាក់ទុកនៅចំណុចខាងលើ។ម្ចាស់ឈើគ្រញូងត្រូវបានគេប្រាប់ឱ្យដឹងថាមានឈ្មោះ ខ្នុយ ដែលជាឈ្មួញម្នាក់កំពុងរកស៊ីឈើគ្រញូងយ៉ាងកក្រើកប្រចាំខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថាជំនួញឈើគ្រញូងនៅខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថាបាននិងកំរើកឡើងវិញក្នុងមួយរយៈចុងក្រោយនេះ ឈើគ្រញូងត្រូវបានឈ្មួញជួលកម្មករខ្មែរលួចចូលទៅកាប់ ក្នុងដីថៃ ហើយកន្លងមកមានសេចក្តីរាយការណ៍ឱ្យដឹងថាមានកម្មករខ្មែរចំនួន១៤នាក់ ត្រូវបានទាហានថៃចាប់ឃាត់ខ្លួននៅក្នុងប្រទេសថៃ ខណៈដែលកម្មករខ្មែរទាំងនោះ ចូលទៅកាប់ឈើគ្រញូងនៅចំណុសួនអភិរក្សជាតិប៉ាងស៊ីដា ខេត្តស្រះកែវតំបន់ ឈមនិងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្មករខ្មែរទាំងនោះត្រូវបាននិងកំពុងជាប់ឃុំឃាំងនៅពន្ធនាគារខេត្តស្រះកែវ ៕
ដោយ៖ សំ វិច្ឆិកា