ពលរដ្ឋនៅក្នុងប្រទេសវៀតណាម បង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីជំងឺគ្រុនផ្តាសាយជ្រូក រាលដាលនៅទូទាំងប្រទេស ។ ដោយខ្លាចមានក្រុមជនខិលខូចលួចលក់សាច់ជ្រូកដែលមានជំងឺ ។
ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល មន្ត្រីក្រសួងកសិកម្មវៀតណាមបានព្រមានអំពីការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម បើមិនប្រើវិធានការបង្ការនិងទប់ស្កាត់ឲ្យបានហ្មត់ចត់ទេ។
ការព្រមាននេះកើតឡើងនៅពេលអាជ្ញាធរវៀតណាមបានសម្លាប់ចោលជ្រូកប្រមាណ១,៥លានក្បាល ឬស្មើនឹង៥ភាគរយនៃសត្វជ្រូកចិញ្ចឹមនៅទូទាំងប្រទេស ដោយសារពួកវាបានឆ្លងជម្ងឺផ្តាសាយជ្រូកអាហ្វ្រិកនេះ។
ជំងឺមិនចម្លងមកមនុស្សតែមិនទាន់មានឱសថព្យាបាលនេះ កំពុងរាតត្បាតនៅទូទាំងប្រទេសវៀតណាម ដោយវាបង្ហាញវត្តមាននៅខេត្តក្រុងចំនួន៣៤ក្នុងចំណោមខេត្តក្រុង៦៤នៅវៀតណាម រួមមានក្រុងហាណូយ។
ង្វៀន សួន កួង រដ្ឋមន្ត្រីកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បាននិយាយថា« ស្ថានភាពវិវត្តកាន់តែអាក្រក់ឡើង។ក្នុងប្រវត្តិសាស្ត្រពិភពលោក មិនដែលមានប្រទេសណាជួបជំងឺដ៏គ្រោះថ្នាក់ដូច្នេះទេ»។
លោករដ្ឋមន្ត្រីបាននិយាយថា តាមពិតវៀតណាមបានត្រៀមខ្លួនទប់ទល់នឹងជំងឺនេះចាប់តាំងពីវាបង្ហាញខ្លួនលើកដំបូងនៅចិនកាលពីខែសីហាឆ្នាំមុនតែនៅតែមិនអាចទប់មិនឲ្យវាឆ្លងកាត់ព្រំដែនបាននិងបានចាប់ផ្តើមសម្គាល់ឃើញវាកើតឡើងលើកដំបូងកាលពីខែកុម្ភៈ។
លោកបានព្រមានថា បើគ្មានការបង្ការទប់ស្កាត់ត្រឹមត្រូវ ជំងឺនេះនឹងរាតត្បាតពាសពេញផ្ទៃប្រទេស។
យោងតាមអង្គការស្បៀងអាហារនិងកសិកម្ម ជំងឺប៉េស្តជ្រូកអាហ្វ្រិក ឆ្លងតាមវត្ថុរាវនៃសត្វជ្រូកមានជំងឺងឺ ដូចជា ឈាម ទឹកមាត់ ទឹកភ្នែក សំបោរ ទឹកនោម លាមកនិងទឹកកាម។ដូច្នេះ ជ្រូកអាចត្រូវចម្លងតាមប្រភពផ្សេងៗ រួមទាំងសាច់ជ្រូកនិងផលិតផលធ្វើពីសាច់ជ្រូក។
ក្នុងការចុះទៅកាន់កន្លែងកើតជំងឺផ្ទាល់នៅក្រុងហាណូយកាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួន ហ្វ៊ុក បានព្រមានដល់បណ្តាខេត្តក្រុងដែលមិនទាន់មានជំងឺនេះត្រូវត្រៀមខ្លួន ហើយក្នុងកិច្ចប្រជុំមួយកាលពីសប្តាហ៍មុន ពួកមន្ត្រីកសិកម្មវៀតណាមបាននិយាយថាប៉េស្តជ្រូកអាហ្វ្រិកអាចបង្ក«ផលវិបាកធ្ងន់ធ្ងរ»ដោយបំផ្លាញសេដ្ឋកិច្ចជាទូទៅ និងគំរាមវិស័យចិញ្ចឹមជ្រូក ដែលជាផ្នែកសំខាន់មួយនៃឧស្សាហកម្មចិញ្ចឹមសត្វរបស់ជាតិ។
សូមរំលឹកថា ក្រោយពីបង្ហាញខ្លួនលើកដំបូងនៅវៀតណាមនាខែកុម្ភៈ ផ្តាសាយជ្រូកនេះបានរាលដាលពាសពេញតំបន់ខាងជើងនិងកណ្តាល។វាបន្តចូលដល់ភាគខាងត្បូងនៅខែឧសភានេះ គឺចម្លងនៅកសិដ្ឋាន២ក្នុងខេត្តដុងណាយ និងបន្ទាប់មកចូលដល់តំបន់ដីសណ្តទន្លេមេគង្គ៕