កំណើនសេដ្ឋកិច្ចពិភពលោក កំពុងតែធ្វើដំណើរទៅមុខ យ៉ាងយឺតនៅក្នុងឆ្នាំនេះ មិនតែប៉ុណ្ណោះ អាច និងត្រូវធាក់ចុះក្នុងពេលខាងមុខដោយសារតែសង្គ្រាមពាណិជ្ជកម្ម អាមេរិកចិន។
បណ្តាក្រុមហ៊ុននិងអង្គការ អន្តរជាតិនានានៅជុំវិញពិភពលោក បានស្នើរឲ្យអាមេរិក និងចិន បញ្ចប់ សង្គ្រាមពាណិជ្ជកម្ម បើមិនដូច្នោះទេ ពិភពលោកទាំងមូលរងផលប៉ះពាល់យ៉ាងខ្លាំង ។
កន្លងមក ធនាគារពិភពលោក WB មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានព្រមានពីផលប៉ះពាល់ដោយសារ តែសង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចប្រទេសទាំងពីរ។
នៅពេលនេះដែរ អង្គការដើម្បីកិច្ចសហប្រតិបត្តិនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា OCDE បានអំពាវនាវ នៅថ្ងៃអង្គារនេះ ឱ្យប្រទេសជាសមាជិកអង្គការទាំងអស់រួសរាន់ បញ្ចៀសសង្គ្រាមពាណិជ្ជកម្ម ដែលអាមេរិកនិងចិនកំពុងតតាំងគ្នា។ រដ្ឋាភិបាលនីមួយៗត្រូវរួបរួមគ្នាបង្កើនកម្លាំងដើម្បីលើកស្ទួយសេដ្ឋកិច្ចពិភពលោកឱ្យភាពស្វាហាប់ឡើងវិញ។ ឆ្នាំនេះ សេដ្ឋកិច្ចពិភពលោក ត្រូវដើរបន្ថយល្បឿនផង។ នេះជាដាក់តឿនរបស់លោកស្រី Angel Gurria អគ្គលេខាធិការអង្គការOCDE។
នៅក្នុងសន្និសីទកាសែត បង្ហាញអំពីទស្សនៈវិស័យសេដ្ឋកិច្ច មុនការបើកជំនួបប្រជុំប្រចាំឆ្នាំរបស់អង្គការ លោកស្រីអគ្គលេខាធិការអង្គការOCDE បានរំលើកឱ្យឃើញអំពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍សេដ្ឋកិច្ចពិភពលោក ដោយអំពាវនាវឱ្យរដ្ឋជាសមាជិកទាំងអស់ ត្រូវរួសរាន់ចូលតុចរចា ជាពហុភាគី ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចពិភពលោក។
សេណារីយ៉ូ ដ៏អាក្រក់បំផុត គឺភាពតានតឹងពាណិជ្ជកម្មបន្តពីរឿងមួយទៅរឿងមួយ ដុះរីកសាយដូចផ្សិត និងដែលបង្កើតភាពមិនជាក់លាក់ជាក់ជានិរន្តនិងគ្រប់ទិសទី។ ត្រូវដោះស្រាយជម្លោះ តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិធំៗ និងធ្វើកំណែទម្រង់ប្រព័ន្ធច្បាប់អន្តរជាតិឱ្យកាន់តែប្រសើរឡើង ព្រោះភាពមិនជាក់លាក់ ការវិនិយោគអាប់អួរ ការបាត់បង់ទំនុកចិត្ត បានចាប់ផ្តើមបញ្ចេញឥទ្ធិពលលើតម្លៃទំនិញ និងចាប់ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហើយ។ នេះបើតាមប្រសាសន៍របស់អ្នកជំនាញអង្គការដដែល។
ក្រៅអំពីបញ្ហាសង្គ្រាមពាណិជ្ជកម្ម អង្គការ ក៏បានបង្ហាញក្តីព្រួយបារម្ភថា ដំណើរបន្ថយល្បឿនសេដ្ឋកិច្ចរបស់ចិន អាចនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកទាំងមូលរងផលប៉ះទង្គិច ហើយបំណុលឯកជននឹងកើនឡើង។ ប្រឈមនឹងហានិភ័យបែបនេះ OCDE បានព្យាករថាកំណើនសេដ្ឋកិច្ចពិភពលោកនឹងកំរិតត្រឹមតែ៣,២%ទេ មិនមែន៣,៣%ដូចការរំពឹងកាលពីខែមីនាឡើយ។ គេទំនងជាត្រូវរង់ចាំដល់ឆ្នាំក្រោយទើបឃើញសេដ្ឋកិច្ចពិភពលោកអាចមានកំណើនឡើងវិញបន្តិច។
ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក អង្គការបានដំឡើងការព្យាករកំណើនសេដ្ឋកិច្ចពិន្ទុ(២,៨%)សម្រាប់ឆ្នាំនេះ ហើយចុះមកវិញនៅឆ្នាំក្រោយ ដល់២,៣%។ ចំពោះចិនវិញគ្មានការប្រែប្រួលទេ។ ចិននឹងមានកំណើនសេដ្ឋកិច្ច ៦,២%ដដែលនៅឆ្នាំនេះ និង៦%នៅឆ្នាំក្រោយ។
ការព្យាកររបស់OCDEនេះមិនទាន់គិតបញ្ចូលអំពីសង្គ្រាមតតាំងគ្នាថ្មីៗចុងក្រោយរវាងអាមេរិកនិងចិនជុំវិញការដំឡើងពន្ធគយ និងទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យាHuaweiទេ។
ក្រុមហ៊ុនជាច្រើនបង្ហាញពីក្តីបារម្ភពីសង្គ្រាមពាណិជ្ជកម្ម សូម្បីតែ ក្រុមហ៊ុនផលិតស្បែកជើងធំៗបំផុតក្នុងលោកខ្លះកំពុងទទូចអោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបញ្ចប់សង្គ្រាមពាណិជ្ជកម្មជាមួយចិន ដោយព្រមានថា វានឹងបង្កផលប៉ះពាល់ដ៏អន្តរាយលើអ្នកប្រើប្រាស់ ។
នៅក្នុងលិខិតមួយចុះហត្ថលេខាដោយក្រុមហ៊ុន១៧០ រួមមាន NikeនិងAdidas ពួកគេបាននិយាយថាការសំរេចិត្តរបស់ប្រធានាធិបតីអាមេរិកក្នុងការដំឡើងពន្ធដល់២៥ភាគរយលើទំនិញចិនវាប៉ះពាល់ដល់វណ្ណៈកម្មករ។ពួកគេក៏ព្រមានថា ការយកពន្ធខ្ពស់ឡើងគំរាមអនាគតនៃធុរកិច្ចខ្លះនិងថា«វាដល់ពេលបញ្ចប់សង្គ្រាមពាណិជ្ជកម្មនេះហើយ»។
សូមបញ្ជាក់ថា កាលពីជាងមួយសប្តាហ៍មុនលោកត្រាំបានដំឡើងពន្ធលើទំនិញចិនដែលត្រូវនាំចូលអាមេរិកតំលៃសរុបប្រមាណ២០០ពាន់លានដុល្លារពីអត្រា១០ទៅ២៥ភាគរយ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងប៉េកាំងមិនអាចសំរេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយពីកិច្ចពិភាក្សាជាងដប់ជុំ។
ចិនបានតតបវិញដោយប្រកាសផែនការដំឡើងពន្ធលើទំនិញអាមេរិកតំលៃ៦០ពាន់លានចាប់ពីថ្ងៃ១ មិថុនា។
បណ្តាក្រុមហ៊ុនដែលបានចុះហត្ថលេខាលើលិខិត រួមមានClarks, Dr Martens និង Converseអះអាងថា ខណៈអត្រាពន្ធជាមធ្យមលើទំនិញស្បែកជើងមានចំនួន១១,៣ភាគរយការបន្ថែមពន្ធ២៥ភាគរយទៀតធ្វើអោយករណីខ្លះពន្ធឡើងដល់៦៧,៥ភាគរយ។
ទោះជាយ៉ាងណា នៅពេលលោកប្រកាសដំឡើងពន្ធ លោកត្រាំបានប្រាប់បណ្តាក្រុមហ៊ុនថា ពួកគេអាចកាត់បន្ថថ្លៃដើមដោយដូរទីតាំងផលិតកម្មមកទឹកដីអាមេរិកតែពួកគេតបវិញថា មិនអាចដូរបានភ្លាមៗទេ វាត្រូវការផែនការរយៈពេលរាប់ឆ្នាំ៕