ភ្នំពេញ ៖ មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍ របស់ក្រុមហ៊ុនព្រូដិនសលអាស៊ី បានចូលរួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការមូលនិធិសិទ្ធិកុមារ ដើម្បីពង្រីកការអនុវត្តកម្មវិធី ឆា-ឈីង (Cha-Ching Money Smart Kids) រយៈពេល៣ឆ្នាំខាងមុខទៀត នៅតាមសាលារៀនចំនួន១៥០ ក្នុងខេត្តចំនួន ៣ នៃប្រទេសកម្ពុជា។
ជាមួយនឹងការពង្រីកវិសាលភាពនេះ កម្មវិធី ឆា-ឈីង ត្រូវបានគេរំពឹងទុកថា នឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋចំនួនជា ១ សែន នាក់នៅក្នុងប្រទេស ដោយរាប់បញ្ចូលទាំងសិស្សានុសិស្សរៀនថ្នាក់ទី៤ និងទី៥ ក៏ដូចជាមាតា-បិតាសិស្ស គ្រូបង្រៀន និងមន្ត្រីអប់រំតាមបណ្តាខេត្តផងដែរ។កម្មវិធី ឆា-ឈីង ត្រូវបានអនុវត្តជាលើកដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤ ។ មេរៀន ឆា-ឈីង ត្រូវបានបង្រៀនសាកល្បងក្នុងសាលារៀនចំនួន ២០ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានសិស្សសរុបចំនួន ៧២៥ នាក់ ក្នុងឆ្នាំសិក្សា ២០១៧ និង ២០១៨។កម្មវិធី ឆា-ឈីង ក៏ត្រូវបានណែនាំឱ្យស្គាល់ដល់កូនសិស្សជាច្រើនបន្ថែមទៀត ក្នុងសាលាបឋមសិក្សាច្រើនជាង២០កន្លែង ក្នុងប្រទេសកម្ពុជា តាមរយៈការចុះដោយផ្ទាល់ និងជាបន្តបន្ទាប់របស់បុគ្គលិកក្រុមហ៊ុនព្រូដិនសលកម្ពុជា ដើម្បីជួយបង្រៀនកូនសិស្សទាំងនោះ នូវមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងសាច់ប្រាក់ប្រកបដោយភាពឆ្លាតវៃ។
លោក Marc Fancy នាយកប្រតិបត្តិនៃមូលនិធិព្រូដិនស៍ មានប្រសាសន៍ថា៖ «ក្រោយពីការសាកល្បងអនុវត្តកម្មវិធី ឆា-ឈីង ប្រកបដោយជោគជ័យរួចមក ពួកយើងពិតជារីករាយណាស់ក្នុងការបន្តអនុវត្តកម្មវិធីនេះទៅដល់សាលារៀន និងក្មេងៗកាន់តែច្រើនបន្ថែមទៀត នៅប្រទេសកម្ពុជា ក្នុងរយៈពេល៣ឆ្នាំខាងមុខទៀត»។
លោកបន្តថា៖ «វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់នូវការអប់រំផ្នែកហិរញ្ញវត្ថុនៅតាមសាលារៀន ដែលនឹងជួយឱ្យក្មេងៗធ្វើការអភិវឌ្ឍផ្នត់គំនិតពីធម្មជាតិ និងឥរិយាបថរបស់ពួកគេ ទៅលើការគ្រប់គ្រងសាច់ប្រាក់ តាំងពីវ័យក្មេងៗទៅ។ កម្មវិធីអប់រំរបស់កម្មវិធី ឆា-ឈីង ពិតជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដែលជួយឱ្យគ្រូបង្រៀនអាចចែករំលែកទេពកោសល្យនៃការគ្រប់គ្រងសាច់ប្រាក់ដ៏សំខាន់ទៅឱ្យកូនសិស្ស តាមរយៈការបង្កើតនូវសកម្មភាពចូលរួមដ៏សកម្ម និងសម្ភារជាច្រើន ដែលត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់របៀបរៀនផ្សេងៗគ្នារបស់ក្មេងៗ។ យើងពិតជាមានមោទនភាពណាស់ក្នុងការគាំទ្រកម្មវិធី ឆា-ឈីង នៅកម្ពុជា ព្រមទាំងជួយអភិវឌ្ឍក្មេងជំនាន់ក្រោយ ឱ្យក្លាយជាមនុស្សពេញដែលមានការទទួលខុសត្រូវខ្ពស់លើផ្នែកហិរញ្ញវត្ថុ»។
លោកបណ្ឌិត ណាត បូរឿន រដ្ឋេលខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធាននៃគណៈកម្មការសម្របសម្រួលលើគម្រោងរបស់កម្មវិធី ឆា-ឈីង មានប្រសាសន៍ថា៖ «តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា រូបខ្ញុំផ្ទាល់ និងសហការី នឹងបន្តគាំទ្រដល់ដៃគូអភិវឌ្ឍន៍របស់យើងទាំងអស់ ដើម្បីអនុវត្តកម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋាន ឆា-ឈីង នេះ សំដៅផ្តល់ឧត្តមប្រយោជន៍ដល់កុមារគ្រប់រូបក្នុងប្រទេសកម្ពុជា»។
«Cha-Ching Money Smart Kids» គឺជាកម្មវិធីអប់រំហិរញ្ញវត្ថុដែលទទួលបានពានរង្វាន់ និងជាកម្មវិធីដែលបង្រៀនក្មេងៗ អំពីជំនាញជាមូលដ្ឋាននៃការគ្រប់គ្រងសាច់ប្រាក់។ កម្មវិធីនេះ មានតួអង្គជាគំនូជីវចលចំនួន៦នាក់ ក្នុងក្រុមតន្ត្រីមួយដែលផ្សព្វផ្សាយពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុចំនួន៤ រួមមាន ការរកលុយ ការសន្សំ ការចំណាយ និងការបរិច្ចាគ តាមរយៈបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនបទ៕ ដោយ វឌ្ឍនា