ខេត្តបន្ទាយមានជ័យ៖ ល្បែងស៊ីសង និងគ្រឿងញៀន ត្រូវបានអ្នកវិភាគផ្នែកសង្គមលើកឡើង ថា គឺជាប្រភពដ៏ធំនៃអំពោះចោរកម្ម ដែលថ្មីៗនេះគេសង្កេតឃើញមានអំពើឆក់ប្លន់ប្រជាពលរដ្ឋស្ទើរគ្រប់ទិសទីតាមបណ្តាខេត្តក្រុងមួយចំនួននៃប្រទេសកម្ពុជា ដោយឡែកក្នុងរាជធានីភ្នំពេញវិញ ករណីចោរកម្មកើតមានស្ទើរតែមិនលោះពេល ហើយបានធើ្វឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាមានការភ័យខ្លាច និងអំពើអសន្តិសុខនេះ។
ស្របពេលដែលរាជរដ្ឋាភិបាល កំពុងតែដុតដៃដុតជើងដើម្បីបង្កើតគោលនយោបាយ និងចេញយុទ្ធនាការថ្មីៗ ដើម្បីទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសង គ្រឿងញៀន ក៏ដូចជាអំពើចោរកម្មនេះ ផ្ទុយទៅវិញ នៅឯក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថ្មីៗនេះ គេបានសង្កេតឃើញថា កាស៊ីណូ មួយមានយីហោឡាក់គី បានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្លូកទឹក ភ្លួកដី ដោយមិនមានសមត្ថកិច្ចឬស្ថាប័នណាចេញមុខហាមប្រាមនៅឡើយទេ។
ប្រភពបានឲ្យដឹងថា សព្វថ្ងៃនេះក្រុមហ៊ុនកាស៊ីណូ ឡាក់គី បានបើកល្បែងជល់មាន់ បៀរ អាប៉ោង និងយូគីស្ទូច ហើយបានបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយពុំខ្លាចរអែង លើសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋានបន្ដិតណានោះទេ ។
ក្រុមអ្នកញៀនល្បែងស៊ីសង បានឲ្យដឹងថា ល្បែងជល់មាន់ដែល បើកលេងក្នុងប្លុក កាស៊ីណូខាងលើនោះ គឺមាន់ខ្នាយដែក១គូគេហ៊ានបើកឲ្យចាក់ភ្នាល់រហូតដល់ទៅ១ម៉ឺនដុល្លារផងក៏មាន ហើយ ក្រៅពីល្បែងជល់មាន់ ក៏មានល្បែងអាប៉ោង បៀរ ចាក់លុយរាប់លានបាតទៀតផង។ ហើយពួកគាត់ មិនដែលឃើញសមត្ថកិច្ចពីស្ថាបន័ណាមួយនៅក្នុងខេត្តបន្ទាយមានជ័យ ទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ទាំងនោះម្តងណាឡើយ បើទោះបីជាមានបញ្ជាខ្លាំងៗពីថ្នាក់ដឹកនាំក៏ដោយ ក៏លោកស្នងការ និងលោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យនេះ មិនចេញមុខ បង្ក្រាបបនល្បែងដែរ ។
ស្ថានភាពបែបនេះ ពលរដ្ឋនៅក្រុង ប៉ោយប៉ែតបានបង្ហាញក្ដីព្រួយបារម្ភលើបញ្ហាអសន្តិសុខដែលមានដើមចមចេញមកពីបនល្បែងស៊ីសងខាងលើនេះណាស់។ ហេតុនេះហើយ ពួកគាត់បានទទូចស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាំប្រមុខរាជរដ្ឋាភិបាលគប្បីរឹតបន្តឹងលើបញ្ហាសន្តិសុខ ដោយត្រូវតែលុបបំបាត់រាល់បនល្បែង ស៊ីសងឲ្យស្របតាមនយោបាយភូមិឃុំមានសុវត្ថិភាព ៕
ដោយ៖ វិបុល