មន្ត្រី​ស្នងការ​ខេត្តកោះកុង​សាងសង់​សំណង់​គ្មាន​ច្បាប់​មិន​មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់

ចែករំលែក៖

​ខេត្តកោះកុង​៖​ សំណង់​ដ៏​រឹង​មាំ​មួយ​កន្លែង​ដែល​គេ​ដឹង​ថា​ គឺជា​របស់​មន្ត្រី​ថ្នាក់ខ្ពស់​ម្នាក់​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ កំពុង​សាងសង់​ដោយ​ពុំ​មានច្បាប់​អនុញ្ញាត​ និង​មិន​មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​

dwe

​ប្រភព​បាន​ឲ្យ​ដឹង​ថា​ សំណង់​ដែល​មាន​ទំហំ​ទទឹង​១៦​ម៉ែត្រ​ និង​ បណ្តោយ​២៨​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​ចាំ​យាម​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ ត្រូវ​បាន​គេ​បញ្ជាក់​ថា​ មាន​ម្ចាស់​ឈ្មោះ​ យឹ​ម​ ផេង​ ជា​មន្ត្រី​នគរបាល​ម្នាក់​ ដែល​មាន​ឋានៈ​ខ្ពង់ខ្ពស់​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​ សំណង់​មួយ​នេះ​ សាងសង់​ដោយ​ពុំ​មានច្បាប់​នោះ​ទេ​ ហើយ​មក​ទល់​ពេល​នេះ​ គឺ​ជិត​រួចរាល់​ហើយ​ ដោយ​គេ​ពុំ​ឃើញ​អាជ្ញាធរ​ និង​មន្ត្រី​ពាក់ព័ន្ធ​ហ៊ាន​ទៅ​ក្បែរ​ឡើយ​។​ ប្រការ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ថា​ ហេតុតែ​គេ​មាន​អំណាច​ មាន​បក្ខពួក​ ចង់​ធ្វើ​អ្វី​សាងសង់​អ្វី​ មានច្បាប់​គ្មាន​ច្បាប់​ ក៏​គ្មាន​អ្នក​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​ ទ​ងើ្វ​បែប​នេះ​ ប្រសិនបើ​ប្រជាពលរដ្ឋ​ធម្មតា​វិញ​ គ្រាន់តែ​កាប់​ដី​ចាក់​គ្រឹះ​សសរ​ភ្លាម​ គឺ​មាន​មន្ត្រី​មក​សួរនាំ​បាត់​ទៅ​ហើយ​ ហើយ​បើសិន​គ្មាន​ច្បាប់​វិញ​ គឺ​រុះរើ​ដោយ​គ្មាន​ហេតុផល​ទេ​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ រស់​ ស៊ី​ថា​ ប្រធាន​ភូមិបាល​ស្រុក​មណ្ឌល​សីមា​ បាន​ថ្លែង​ថា​ សំណង់​មួយ​នេះ​ លោក​បាន​ចេញ​លិខិត​ផ្អាក​២​ដង​រួច​មក​ហើយ​ ហើយ​លោក​ក៏​បាន​រាយការណ៍​ជូន​ទៅ​អាជ្ញាធរ​ស្រុក​ហើយ​ដែរ​ ហើយ​មក​ទល់​ពេល​នេះ​ មាន​ដំណើរការ​យ៉ាងណា​ លោក​មិន​ទាន់​បាន​ចាត់វិធានការ​បន្ដ​ទេ​។​

​ដោយឡែក​លោក​ ហាក់​ ឡេ​ង​ អភិបាលស្រុក​មណ្ឌល​សីមា​ បាន​មាន​ឲ្យ​ដឹង​ថា​ សំណង់​មួយ​នេះ​ ខាង​ការិយាល័យ​ដែនដី​ក៏​បាន​ចេញ​លិខិត​ផ្អាក​កាលពី​ថ្ងៃ​ទី​៨​ ខែតុលា​ ឆ្នាំ​២០១៥​ ម្តង​ហើយ​ តែ​លោក​ យឹ​ម​ ផេង​ បាន​អង្វរ​ខាង​ការិយាល័យ​ដែនដី​ថា​នឹង​រត់ការ​សាងសង់​។​ រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខាង​លោក​សហការ​ជាមួយ​ និង​ការិយាល័យ​ដែនដី​ស្រុក​មណ្ឌល​សីមា​ ចុះ​ទៅ​ហាមឃាត់​ជា​លើក​ទី​២​ តែ​ដោយសារ​តែ​មានការ​អង្វរករ​ពី​លោក​ យឹ​ម​ ផេង​ និង​មានការ​យោគយល់​ពី​សំណាក់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ផង​នោះ​ ក៏​ទុក​ពេល​ឲ្យ​លោក​ យឹ​ម​ ផេង​ ម្ដងទៀត​ដើម្បី​ឲ្យ​គាត់​រត់ការ​ តែ​គាត់​មិន​ព្រម​រត់ការ​នោះ​ទេ​។​ តែ​យ៉ាងណា​ លោក​អភិបាលស្រុក​ថា​ លោក​នឹង​ចាត់វិធានការ​ជាក់ស្ដែង​ បើ​សំណង់​នេះ​នៅ​តែ​បន្ដ​សាងសង់​ដោយ​គ្មាន​ច្បាប់​បែប​នេះ​ទៀត​។​

​ដោយ​លោក​យឹ​ម​ ផេង​ នគរវត្ត​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​៕​

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print