ខេត្តក្រចេះ៖ នគរបាលចរាចរណ៍ជើងគោកខេត្តក្រចេះ បានឲ្យដឹងនៅថ្ងៃទី១៧ខែធ្នូនេះថា យ៉ាងហោចណាស់មានមនុស្ស ប្រុសស្រី ចំនួន១១៣នាក់បានស្លាប់ ក្នុងនោះស្រី២០នាក់ របួសធ្ងន់ស្រាល ២៧៥នាក់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៏ នៅកន្លែងផ្សេងគ្នា នៅទូទាំងខេត្តក្រចេះ ក្នុងឆ្នាំ២០១៥ នេះ។
យោងតាមរបាយការណ៏របស់ការិយាល័យចរាចរណ៏ជើងគោកខេត្ត បានឲ្យដឹងថា គិតចាប់ពីថ្ងៃ ទី២០ ខែខែវិច្ឆិកា ឆ្នាំ២០១៤ ដល់ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៏បានកើតឡើងនៅទូទាំងខេត្ត មានចំនួន១៦២លើក លើ១៨៥លើក ក្នុងនោះបង្កដោយខ្លួនឯង ២១លើក បើប្រៀបធៀបនិងឆ្នាំ២០១៤ មានការថយចុះចមនួន២៣លើក ស្មើរនិង១២ភាគរយ។
ស្នងការរងខេត្តក្រចេះ លោកវរៈសេនីយ៍ឯក ហន ប៉ូច ទទួលបន្ទុកសណ្តាប់ធ្នាប់និងចរាចរណ៍ បានឱ្យដឹងថា គ្រោះថាក់ចរាចរណ៏ទាំងនេះ បានកើតឡើងនៅតាមបណ្តាស្រុកក្រុងនៅទូទាំងខេត្តរួមមាន៖ ក្រុងក្រចេះចំនួន២៨លើក លើ៣៩លើក ស្រុកចិត្របុរីចំនួន២៤លើក លើ៣២លើក ស្រុកឆ្លូងចំនួន១៤លើក លើ១៣លើក ស្រុកព្រែកប្រសព្វចំនួន១៤លើក លើ១០ ស្រុកសំបូរចំនួន២៣លើក លើ១៣លើក និងស្រុកស្នួលមានអត្រាគ្រោះថ្នាក់ច្រើនជាងគេគឺចំនួន៥៩លើក លើ៧៩លើក។
លោកស្នងការរងបានបន្តថា អត្រាគ្រោះថ្នាក់ដែលបានកើតឡើងទាំងចំនួន១៦២លើក ក្នុងឆ្នាំ២០១៥នេះ ក្នុងនោះបង្កដោយខ្លួនឯងចំនួន២១លើក បើធៀបទៅនិងឆ្នាំ២០១៤ថយចុះចំនួនចំនួន៥លើក ស្មើនិង១១ភាគរយ បើកបរក្នុងល្បឿនលឿន៤៦ភាគរយ មិនគោរពសិទ្ធអាទិភាព៣៤ភាគ រយ បើកបរក្នុងស្ថានភាពស្រវឹង ១០ភាគរយ ប្រជែង៦ភាគរយ និងកត្តាផ្សេងៗ៤ភាគរយ ។
របាយការណ៏បានឲ្យដឹងទៀតថា គ្រោះថ្នាក់ទាំងនេះ បានបង្កឲ្យមានមនុស្សស្លាប់ ចំនួន១១៣នាក់ ស្រី២០នាក់ បើប្រៀបធៀបទៅនិងឆ្នាំ២០១៤ ថយចុះចំនួន៩នាក់ របួសធ្ងន់ចំនួន១៦៤នាក់ ស្រី៣៨នាក់ ធៀបទៅនិងឆ្នាំ២០១៤ថយចុះចំនួន២១នាក់ របួសស្រាលចំនួន១១១នាក់ ស្រី៣៤នាក់ ធៀបនិងឆ្នាំ២០១៤កើនឡើងចំនួន៥៩នាក់។
ក្នុងនោះស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ចំនួន៧៩នាក់ លើ៩៨នាក់ ស្លាប់ដោយសារគ្រោះថ្នាក់បង្កដោយខ្លួនឯង ចំនួន៣៤នាក់ លើ២៤នាក់ ស្លាប់នៅកន្លែងកើតហេតុ ផ្លូវសាធារណៈចំនួន៧៤នាក់ ស្លាប់ពេលដឹកជញ្ជូនតាមផ្លូវ៥នាក់ និងស្លាប់នៅមន្ទីរពេទ្រ៣៤នាក់។ ជាមួយនិងករណីគ្រោះថ្នាក់ចរចរណ៍ទាំងនេះ បានបណ្តាលឱ្យខូចខាត រថយន្តចំនួន១០៦គ្រឿង ខូចធ្ងន់ចំនួន៤៤គ្រឿង ម៉ូតូ១៦០គ្រឿង ខូចធ្ងន់៧៦គ្រឿង និងកង៧គ្រឿង ។
លោកស្នងការរងបានបញ្ជាក់ថា រាល់ករណីគ្រោះថ្នាក់ចរចារណ៏ទាំងនេះ គឺមន្ត្រីជំនាញចរាចរណ៍ បានបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តចំនួន៤៣ករណី និងជនបង្ក៨នាក់ប្រុស និងមួយចំនួនទៀត គឺកំពុងតែដំណើរការតាមវិធានការច្បាប់ និងវិធានការជំនាញ ហើយវត្ថុតាង មួយចំនួនត្រូវបាននាំមករក្សាទុកនៅស្នងការរដ្ឋាន និងមួយចំនួន ទៀតរក្សាទុកនៅអធិការដ្ឋានស្រុក ក្រុង ដើម្បីធ្វើការសម្រុះសម្រួល៕
ដោយ៖ កោះទ្រុង