ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឆ្មក់ចូលទៅបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ខ្លឹង សារី ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខែ្មរមុខរបរលក់ដូ នៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ឈានដល់ធ្វើការឃាត់ខ្លួនជនល្មើស៤នាក់ក្នុងចំណោមបក្ខពួក៦នាក់ ដកហូតថ្នាំញៀន០១កញ្ចប់ និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត កាលពីវេលាម៉ោង២២ និង២៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់ ។
លោកវរសេនីយ៍ទោ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនល្មើសទី១-ឈ្មោះ គង់ សុផានិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដជាមុខសញ្ញាចែកចាយគ្រឿងញៀន មានទីលំនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះ កើត សំអៀង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាកសិករ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅក្នុងភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នូល ទី៣-ឈ្មោះ គង់ ធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅក្នុងភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល និងទី៤-ឈ្មោះ ជឹម សីហះ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកសិករ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅក្នុងភូមិ-ឃុំជាមួយជនល្មើសទី៣ ។
លោកអធិការបានបន្តថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនល្មើសទាំង៤នាក់នេះសមត្ថកិច្ចបានធ្វើការដកហូត ម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀនមេតំហ្វេតាមីនចំនួន០១កញ្ចប់ ,កាំបិតផ្គាក់ចំនួន០១ ,ដែកគាស់ចំនួន០១ ,កន្ត្រៃចំនួន០១ ,ជំពាមកៅស៊ូចំនួន០១ ,ម៉ូតូចំនួន០២គ្រឿង ,ទូរស័ព្ទដៃ០២គ្រឿង ,សម្ភារៈសម្រាប់វេចខ្ចប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀតផងដែរ ។
លោក មាន សំណាង បានបញ្ជាក់ថា ជនល្មើសខាងលើនេះជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនចេញចូលក្នុងមូលដ្ឋានឃុំបែកចាន ស្រុកអង្គស្នួល ដែលត្រូវបានសមត្ថកិច្ចនគរបាលជំនាញកំណត់តាមដាននាពេលកន្លងមក ។ លុះមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលជំនាញស្រុកក្តាប់បានព័ត៌មានថា ក្រុមជនល្មើសកំពុងធ្វើសកម្មភាពនៅលើផ្ទះរបស់ឈ្មោះ ខ្លឹង សារី ទើបសមត្ថកិច្ចនគរបាលស្រុកចុះសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឆក់ចូលទៅបង្ក្រាបជាក់ស្តែងឃាត់ខ្លួនបានជនល្មើស៤នាក់ និងវត្ថុតាងពាក់ព័ន្ធខាងលើនេះ ដើម្បីចាត់ការតាមច្បាប់ គ្រាដែលជនល្មើស២នាក់ទៀតដឹងខ្លួនគេចបាត់មុនពេលសមត្ថកិច្ចចូលទៅដល់លើផ្ទះ ។
នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នេះសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានបញ្ជូនខ្លួនជនល្មើសទាំង៤នាក់ និងវត្ថុតាងទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ