ភ្នំពេញ៖ ចាប់តាំងពីដើមឆ្នាំ២០១៩មក តារាចម្រៀងប្រុសស្រស់សង្ហា លោក សាល បាទី ចាប់ផ្តើមលេចមុខមាត់ច្រើននឹងការងារសិល្បៈពិសេសការឡើងច្រៀងស្ទើគ្រប់ស្ថានីយទូរទស្សន៍ក្នុងស្រុក។ តារាប្រុសរូបនេះថានឹងបញ្ចេញស្នាដៃភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រក្នុងពេលដ៏ខ្លីខាងមុខនេះ។
ជាតារាចម្រៀងដែលធ្លាប់ឆ្លងកាត់ប្រវត្តិជូរចត់ជាអ្នករត់តុក្នុងហាងនានាចិញ្ចឹមជីវិត សាល បាទី បានព្យាយាមវិវឌ្ឍន៍ខ្លួន និងស្វែងរកឱកាសក្លាយជាអ្នកសិល្បៈដែលមានគេស្គាល់ច្រើន។ មានទីផ្សារកាន់តែច្រើននៅដើមឆ្នាំ២០១៩នេះ សាល បាទី បានពង្រឹងសមត្ថភាពបន្ថែមលើការច្រៀងរបស់ខ្លួន ដែលលោកបញ្ជាក់ ថាជាចំណងដៃដ៏ភ្ញាក់ផ្អើល ពិសេសការបញ្ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួន។ លោកនៅមិនទាន់បញ្ជាក់អំពីចំណងជើងបទចម្រៀង និងការងារមួយចំនួនទាក់ទងនឹងផលិតកម្មនៅឡើយ ប៉ុន្តែលោកលើកឡើងថាស្នាដៃថ្មីនេះនឹងក្លាយជាឱកាសបន្ថែមមុខមាត់លើវិថីសិល្បៈ និងបំពេញចិត្តមិត្តអ្នកគាំទ្រ។
តារាចម្រៀងស្រស់សង្ហារូបនេះនៅតែដាក់ក្តីសង្ឃឹមថានឹងសាងឈ្មោះកាន់តែល្បីល្បាញក្នុងពិភពសិល្បៈ បើទោះបីជាត្រូវឆ្លងកាត់ការលំបាកមួយចំនួនក៏ដោយ ។ លោកថាទាំងបទចម្រៀងសម័យ និងមរតកដើម គឺលោកអាចច្រៀងបានទាំងអស់ ហើយក៏ធ្លាប់ទទួលបានការគាំទ្រលើកទឹកចិត្ត និងសរសើរពីសិល្បកររៀម ច្បង និងទស្សនិកជនផងដែរ ។ បច្ចុប្បន្នលោកគឺជាសមាជិកក្រុមចម្រៀងប្រចាំភោជនីយដ្ឋានីហ្វ្រេន ដែលបណ្តុំដោយសិល្បករវ័យក្មេងមានសមត្ថភាពជាច្រើនផងដែរ ។
ជាមួយនឹងការងារសិល្បៈពោរពេញដោយការប្រកួតប្រជែងលោកនៅតែបន្តការខិតខំប្រឹងប្រែងបំពេញការងារ និងហ្វឹកហាត់ច្រៀងបទថ្មីចាស់ ឲ្យបានកាន់តែល្អ និងបង្កើនសមត្ថភាពឲ្យច្រៀងបានជាច្រើនទម្រង់បន្តទៀតដើម្បីបំពេញចិត្តទស្សនិកជន៕ វឌ្ឍនា