វិនិយោគបរទេសជាច្រើន ទៅដាក់ទុនរកស៊ីនៅវៀតណាម

ចែករំលែក៖

ភ្នាក់ងារព័ត៌មានវៀតណាម បានផ្សាយកាលពីថ្ងៃទី២៧ ខែឧសភា ដោយដកស្រង់សម្ដីរបស់មន្ត្រីទទួលបន្ទុកកិច្ចការវិនិយោគបរទេស បានបញ្ជាក់ថា រដ្ឋាភិបាលបានចុះបញ្ជីលើគម្រោងវិនិយោគ ដោយផ្ទាល់របស់ក្រុមហ៊ុនបរទេសចំនួន១៣៦៣គម្រោង ដែលមានដើមទុនសរុប ៦,៦ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ មាន៥០៥គម្រោង ត្រូវគេបន្ថែមដើមទុនជាង ២៦ពាន់លានដុល្លារអាមេរិក។

ប្រភពដដែល បានបញ្ជាក់ថា ចន្លោះពីខែមករា ដល់ខែឧសភា ឆ្នាំ២០១៩នេះ អ្នកវិនិយោគបរទេស បានចំណាយទឹកប្រាក់ ៧,៦៥ ពាន់លានដុល្លារអាមេរិក ដោយការទិញ ចែករំលែក ឬចូលរួមចំណែកជាដើមទុនជាមួយនឹងក្រុមហ៊ុនវៀតណាម ។ ក្នុងចំណោមដើមទុនវិនិយោគបរទេសទាំងនោះ មាន៧២ភាគរយ ចាត់បញ្ចូល ក្នុងវិស័យកែច្នៃ និងផលិតកម្ម ហើយ៧,៥ ភាគរយ ចាត់បញ្ចូលក្នុងវិស័យអចលនទ្រព្យ និង៥ភាគរយ ចាត់ចូលក្នុងវិស័យលក់រាយ និងលក់ដុំ។

វិនិយោគិនមកពីហុងកុង គឺជាអ្នកវិនិយោគបរទេសច្រើនបំផុតរបស់វៀតណាម។ ក្នុងរយៈពេល៥ខែកន្លងមកនេះ ការវិនិយោគរបស់ហុងកុង នៅក្នុងប្រទេសវៀតណាម មានទំហំទឹកប្រាក់ ៥,០៨ ពាន់លានដុល្លារអាមេរិក ឬប្រហាក់ប្រហែលនឹង៣០,៣ ភាគរយ នៃការវិនិយោគសរុប។ បន្ទាប់មក កូរ៉េខាងត្បូង និងសិង្ហបុរី បានវិនិយោគក្នុងទំហំទឹកប្រាក់ ២,៦២ ពាន់លានដុល្លារអាមេរិក។ ចំណែកអាមេរិកវិញ បានវិនិយោគ នៅក្នុងវៀតណាម ក្នុងទំហំទឹកប្រាក់ប្រហែល ២,០៩ ពាន់លានដុល្លារអាមេរិក ។

ជាមួយគ្នានេះដែរ ទីក្រុងហាណូយ ក៏ជាទិសដៅទាក់ទាញបំផុតពីអ្នកវិនិយោគបរទេស ហើយពួកគេបានវិនិយោគនៅទីនេះ មានទំហំទឹកប្រាក់ប្រហែល ៤,៧៩ ពាន់លានដុល្លារ ឬស្មើនឹង ២៨,៦ ភាគរយ នៃការវិនិយោគទុនសរុប នៅប្រទេសវៀតណាម ក្នុងអំឡុងពេលដូចគ្នា ។

គិតត្រឹមថ្ងៃទី២០ ខែឧសភា វៀតណាមមានគម្រោងវិនិយោគបរទេស សរុប ២៨.៦៣២ គម្រោង ហើយដើមទុនមានសុពលភាព ដែលចុះបញ្ជី ៣៥០,៥ ពាន់លានដុល្លារ ។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានផ្សាយថា ទន្ទឹមនឹងនេះដែរ មូលធនដែលបានបណ្តាក់ទុន សរុបមាន១៩៨,៧ពាន់លានដុល្លារ ឬស្មើនឹង ៥៦,៧ភាគរយ នៃការវិនិយោគ ដែលបានឡើងគម្រោង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print