ខេត្តរតនគិរី៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ នឹងម៉ូតូ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅត្រង់ចំណុចផ្លូវកែងតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិសឹក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា កាលពីវេលាម៉ោងខាងលើម៉ូតូ២គ្រឿងជិះបញ្ច្រាស់ទិសគ្នា។ ម៉ូតូសងស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1D-6954 ជិះដោយបុរសចំណាស់ម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុបានវ៉ារថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ចៃដន្យម៉ូតូកែដឹកឈើប្រណិតធ្វើចរាចរណ៍ពីលិចមកកើតក៏បុកគ្នាយ៉ាងពេញទំហឹងបណ្តាលអោយបុរសវ័យចំណាស់ម្នាក់បានផ្លោងធ្លាក់ទៅលើចិញ្ចើមផ្លូវ ហើយស្លាប់ភ្លាមៗ។
បុរសវ័យចំណាស់នេះត្រូវបានគេស្គាល់ឈ្មោះ ខា គិ ភេទប្រុស អាយុ៧៥ឆ្នាំ មានទីលំនៅភូមិស្រែអង្គ្រង ស្រុកកូនមុំ មានមុខរបរអតីតជាមេឃុំស្រែអង្គ្រង។
រីឯម៉ូតូមួយគ្រឿងទៀតអ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះម៉េង ហួរ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅក្នុងក្រុងបានលុង ដឹកឈើប្រណិតចំនួន៣ដុំ (ឆ្តុង) រងរបួសបាក់ចង្កេះ។
ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅវាស់វែងនាំយកម៉ូតូ២គ្រឿងមករក្សាទុកនៅប៉ុស្តិ៍អូរចេង ជនរងគ្រោះដឹកបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់មកមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ អ៊ុច សាវុទ្ធ