ភ្នំពេញ៖ ផ្តើមចេញពីយុទ្ធសាស្ត្រ នៃការអនុវត្តកំណែទំរង់ស៊ីជម្រៅរបស់ប្រមុខរាជរដ្ឋាភិបាល នឹងនិតិការទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែនជាប្រមុខនៃរាជរដ្ឋាភិបាល និងដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣របស់រាជរដ្ឋាភិបាល អោយមានប្រសិទ្ធភាពខ្ពស់ ទទួលបានផលផ្លែផ្កាពិតប្រាកដ នឹងឆ្លើយតបទៅនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។
នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សាលាខណ្ឌព្រែកព្នៅបានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ២០១៦-២០១៨ សម្រាប់អនុវត្តអនុវត្តឆ្នាំ២០១៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ។ជំនួសមុខអោយក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ កងកំលាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាសង្កាត់និងបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌព្រែកព្នៅទាំងមូល ។
ថ្លែងនៅក្នុងកម្មវិធីនោះ លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលាសមាហរណកម្មផែនការសង្កាត់ និងកម្មវិធីវិនិយោគមានគោលបំណងដើម្បី៖
១-ផ្សព្វផ្សាយអំពីគំរោងសកម្មភាព ក្នុងកម្មវិធីវិនិយោគសង្កាត់ ខណ្ឌ ឆ្នាំ២០១៥ សម្រាប់អនុវត្តក្នុងឆ្នាំ ២០១៦ ២-ស្នើសុំការគាំទ្រពីមន្ទីរ អង្គការដៃគូអភិវឌ្ឍន៍នានាផ្នែកឯកជន និងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងស្នើរឡើងរបស់ សង្កាត់និងខណ្ឌទោះបីតិចក្តី ច្រើនក្តី។លោកសុខ សម្បត្តិបន្តថា លោកមានសង្ឃឹមយ៉ាងមុតមាំ សង្ឃឹមជឿជាក់ថា លោក លោកស្រីតំណាងមន្ទីរ អក្គការសប្បុរសជន និងដៃគូរអភិវឌ្ឍន៍ទាំងអស់និងបន្តការគាំទ្រដល់គំរោងកម្មវិធីវិនិយោគសង្កាត់ និងខណ្ឌបន្តទៀត ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូល ក៏ដូចជាការចូលរួមអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ អោយកាន់តែប្រសើរឡើងថែមមួយកំរិតទៀត។
លោកឃួង ស្រេង គណៈអភិបាលរាជធានីភ្នំពេញមានប្រសាន៍ថា សុំអោយមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរជំនាញ អង្គការ ផ្នែកឯកជននិងដៃគូរអភិវឌ្ឍន៍នានា លោកក៏មានជំនឿយ៉ាងមុតមាំដែរថា សប្បុរសជននឹងជួយគាំទ្រគម្រោងនានារបស់ខណ្ឌ និងសង្កាត់ទៅតាមលទ្ធភាពធនធាននានារៀងៗខ្លួន ដើម្បីត្រៀមអនុវត្តគម្រោងតាមកិច្ចព្រមព្រៀងបណ្តោះអាសន្ន ទទួលបានលទ្ធផលក្នុងឆ្នាំ ២០១៦ខាងមុខ ដូចជា ១- មន្ទីរជំនាញ អង្គភាពនានា ថាតើគម្រោងណាខ្លះដែលត្រូវគាំទ្រដល់ថ្នាក់ខណ្ឌ និងគម្រោងណាខ្លះដែលគួរគាំទ្រដល់ថ្នាក់សង្កាត់ ២- មន្ទីរជំនាញ អង្គភាព អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសប្បុរសជនដែលបានសន្យាជួយគាំទ្រគម្រោងនានានៅក្នុងពេលនេះ ត្រូវបញ្ចូលក្នុងផែនការណ៍សកម្មភាពច្រចាំឆ្នាំ២០១៦របស់ខ្លួនហើយខិតខំអនុវត្តអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពទៅតាមផែនការដែលបានគ្រោងទុក ៣-ប្រសិនបើគម្រោងបានការគាំទ្រនៅពេលនេះ តែមិនបានអនុវត្ត គួរតែផ្តល់ដំណឹងដល់ថ្នាក់ខណ្ឌ សង្កាត់អោយបានដឹងជាមុន ៕ ព្រែកជ័យ