ភ្នំពេញ៖ ទីបំផុតគ្រួសារលោកប្រធានភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ដែលរងការបាញ់ប្រហារពីគូទំនាស់នារសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៥ បានស្លាប់ម្នាក់ទៀត សរុបទាំងអស់៣នាក់ បន្ទាប់ពីគ្រួសារនេះមានទំនាស់ជាមួយជនដៃដល់រឿងទារលុយ៥០ដុល្លារយកទៅទិញអំពូលភ្លើងបំភ្លឺផ្លូវតែជនដៃដល់មិនព្រមសងគ្រប់ចំនួនសងតែ២៥ដុល្លារទើបបង្កទំនាស់គ្នាឡើង ហើយក្នុងគ្រួសារនេះត្រូវបានធ្វើបុណ្យរួមគ្នាដោយរោងបុណ្យមួយតម្កល់មឈូសដល់ទៅ៣ គឺ ឪពុក កូនប្រុស និងចៅប្រុស ធ្វើឲ្យអ្នកចូលរួមបុណ្យសពក្តុកក្តួលក្រៃ ។
ពិធីបុណ្យសពរោងមួយតម្កល់មឈូស ៣ បានប្រព្រឹត្តទៅនៅផ្ទះលេខ១២៤ ផ្លូវលេខ១៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ជាផ្ទះសពលោកប្រធានភូមិ នៅចម្ងាយប្រមាណ១០០ម៉ែត្រពីកន្លែងកើតហេតុ ដែលគេស្គាល់ ១-ឈ្មោះ ជុក ឡាយភេទប្រុសអាយុ៦៣ឆ្នាំ ជាមេភូមិ៤ (ឪពុក) ២-ឈ្មោះ ប៊ុន លឿន អាយុ២៨ឆ្នាំ (ជាកូនប្រុស) និង៣-ឈ្មោះ ប៊ុន ប្ញទ្ឋី អាយុ១៨ឆ្នាំ (ត្រូវជាចៅលោក ជុក ឡាយ) ។
គួររំលឹកថា កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ នៅមុខផ្ទះលេខ២២c ផ្លូវលេខ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន មានជម្លោះមួយកើតឡើងរវាងមេភូមិ៤ គឺលោកជុក ឡាយ និងមន្ដ្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ឈ្មោះ កែវ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ២៦ឆ្នាំ ព្រោះតែរឿងទារថ្លៃអំពូលភ្លើងដាក់បំភ្លឺផ្លូវមុខផ្ទះចំនួន៥០ដុល្លារ ។
ប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ លោកមេភូមិ៤ឈ្មោះជុក ឡាយ និងកូនប្រុសឈ្មោះប៊ុន លឿន និងចៅប៊ុន រិទ្ធី បានដើរទារលុយថ្លៃអំពូលភ្លើងនៅផ្ទះប្រជាពលរដ្ឋក្នុងភូមិដើម្បីទិញអំពូលដាក់តាមបង្គោលភ្លើង ។ លុះទៅដល់ផ្ទះជនដៃដល់ដែលជាមន្ដ្រីនគរបាលក្រសួងមហាផ្ទៃឈ្មោះកែវ សុវណ្ណរិទ្ធ លោកមេភូមិ ក៏បានទារថ្លៃភ្លើងចំនួន៥០ដុល្លារ។ ពេលនោះភាគីខាង មន្ដ្រីនគរបាលក្រសួងមហាផ្ទៃរូបនោះ ឲ្យតែ២៥ដុល្លារប៉ុណ្ណោះ ដោយលើកហេតុផលថា អំពូលភ្លើងនៅមុខផ្ទះគាត់ដាច់រហូត មិនដែលភ្លឺទេ។ បន្ទាប់មកក៏កើតជា ជម្លោះពាក្យសម្តី ជេរប្រមាថគ្នាទៅវិញទៅមកធ្វើឲ្យកូន លោកមេភូមិឈ្មោះ ប៊ុន លឿន ខឹងសម្បា ក៏បានទាញដាវសាមូរ៉ៃស្ទុះទៅកាប់ មន្ដ្រីនគរបាលរូបនោះ ត្រូវចំស្មានិងដៃ។ ភ្លាមនោះ ជនជនដៃដល់ខឹងទ្រាំលែងបានក៏ដកកាំភ្លើងខ្លីម៉ាកប៉េរ៉េតាបាញ់រះអស់ជាច្រើនគ្រាប់(១៥គ្រាប់)ទៅត្រូវកូន និងចៅរបស់លោកមេភូមិឈ្មោះ ជុក ឡាយ បណ្ដាលឲ្យដេកដួលទាំង៣នាក់នៅក្នុងថ្លុកឈាម។ ខណនោះដែរ ជនរងគ្រោះឈ្មោះជុក ឡាយ ដែលរៀបចំឡើងជិះម៉ូតូចេញ ហើយឃើញដូច្នេះ ក៏ស្ទុះមកជួយក៏ត្រូវខ្មាន់កាំភ្លើងបាញ់រះអស់មួយបង់បណ្តាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង។ ហេតុការណ៍នេះ ក៏បង្កការភ្ញាក់ផ្អើល ដល់មន្ដ្រីនគរបាលមូលដ្ឋានចុះអន្តរាគមន៍ និងបញ្ជូនឈ្មោះ ប៊ុន ឡាយ និងប៊ុន រិទ្ធី ទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ពេលនោះដោយសារអាការធ្ងន់ធ្ងរពេក ឈ្មោះ ប៊ុន ឡាយ ក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅល្ងាចថ្ងៃទី១៦ ខែធ្នូនោះដែរ។ លុះមកដល់យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ បុរសឈ្មោះ ប៊ុន រិទ្ធី ជាចៅលោកមេភូមិក៏បានស្លាប់ក្នុងមន្ទីរពេទ្យដែរ។ ចំណែកឈ្មោះ កែវ សុវណ្ណរិទ្ធិ ដែលរងមុខកាំបិត ក៏រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ដោយឡែកឈ្មោះ កែវ សុវណ្ណារ៉ា ជាបងប្រុស ជនដៃដល់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន បាននិយាយ ថាពិតជាមានជម្លោះពាក្យសម្តីគ្នារវាងគ្រួសាររបស់លោកនិងគ្រួសារលោកមេភូមិពិតមែន ដោយសាររឿងទារលុយថ្លៃ អំពូលភ្លើងបំភ្លឺផ្លូវ ដោយខាងក្រុមគ្រួសារគាត់ឲ្យ ថ្លៃចំនួន២៥ដុល្លារសិន។ ប៉ុន្តែភាគីលោកមេភូមិមិនព្រមក៏កើតជាជម្លោះពាក្យសម្តីគ្នា ហើយកូនប្រុសលោកមេភូមិបានស្ទុះយកដាវសាំម៉ូរៃចំនួនពីរដើមមកកាប់ ទើបប្អូនគាត់ ដើម្បីការពារខ្លួន ក៏ហូតកាំភ្លើងបាញ់តែម្ដង៕
ដោយ៖ ប្រាថ្នា
ទំនាស់រឿងដាក់អំពូលភ្លើងស្លាប់២នាក់ របួសធ្ងន់២នាក់ សមត្ថកិច្ចឃាត់ខ្លួនម្នាក់