ខេត្តត្បូងឃ្មុំ៖ ព្រឹកពុធ ៣កើត ខែជេស្ធ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទី នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ មេបញ្ជាការ បានវាយតម្លៃពីសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងភូមិសាស្ត្រទូទាំងខេត្ត ព្រមទាំងបានធ្វើការណែនាំតម្រង់ទិសបណ្តារអង្គភាពជំនាញ ក៏ដូចជាប្រធានមូលដ្ឋានស្រុក-ក្រុង និងស្នាក់ការសន្តិសុខ ត្រូវពង្រឹងបន្ថែមលើការងារសហការក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងបេសកកម្ម បង្កា បង្ក្រាប និងសង្គ្រោះ អោយមានប្រសិទ្ធភាពខ្ពស់ ពិសេសគឺការត្រៀមកម្លាំង មធ្យោបាយ និងគ្រឿងបំពាក់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលអាចប្រឈមនឹងគ្រោះមហន្តរាយដោយទឹកជំនន់រដូវវស្សាឆ្នាំនេះ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បាននាំយកនូវអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់នាយ នាយរងនៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំទាំងអស់ផងដែរ៕
ដោយ៖ វណ្ណះ