ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយ ដែលជារថយន្តស្ទួច បានបើកបរក្នុងល្បឿនលឿនហើយចាប់ហ្វាំងមិនជាប់ បានជ្រុលទៅបុករថយន្តឡិចស៊ីសពីក្រោយបណ្ដាលឲ្យរងការខូចខាត ហើយបានបង្កការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ។
កាលពីវេលាម៉ោង២១និង៥០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តឡិចស៊ីស RX 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U. 4140 បើកបរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចទៅកើត ហើយដល់ផ្លូវកែង១០៥ ដែលជាភ្លើងស្ទុបពណ៌ក្រហម ក៏បានឈប់ ភ្លាមនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ដែលជាថយន្តស្ទួច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C.3992 បានបើកមកពីក្រោយ(ទិសដៅស្របគ្នា) ហើយបានចាប់ហ្វាំងមិនជាប់ បានមកបុកពីក្រោយតែម្ដងបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អដែលមិនបណ្ដាលឲ្យមនុស្សរងរបួស។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបានចុះពីលើរថយន្ត ដោយបានជជែកគ្នាយ៉ាងយូរ ដោយយកខុសយកត្រូវបង្កឲ្យមានកា កកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ បន្ទាប់មកទើបមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏ភាគីទាំងសងខាងបានសម្រួលគ្នា ដោយភាគីខាងម្ចាស់រថយន្តស្ទួច សងការខូចខាតទៅភាគីខាងម្ចាស់រថយន្តឡិចស៊ីស ចំនួន៣០០$ ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕
ដោយ៖ ភារ៉ា ដង្កោ