ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោកនីកូឡាសម៉ាឌូរ៉ូ បានបញ្ជារឲ្យ ក្រុមសន្តិសុខការពារព្រំដែន បើកទ្វារព្រំដែនជាប់កូឡំបីឡើងវិញ។
កាលពីថ្ងៃទី៧ខែមិថុនា ប្រធានាធិបតី វេណេហ្ស៊ុយអេឡា លោកនីកូឡាសម៉ាឌូរ៉ូ បានសម្រេច បើកទ្វារព្រំដែន ជាប់ ប្រទេស កូឡំបីស្ថិតនៅក្នុងរដ្ឋ Tachira ចាប់ពីថ្ងៃទី៨ខែមិថុនា នេះក្រោយ៣ខែបិទទ្វារ។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានបញ្ជាក់ថា ការសម្រេចខាងលើ ក្រោយពេលក្រុមសន្តិសុខបានត្រួតពិនិត្យយ៉ាងតឹងតែង ទៅលើសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់ ។សកម្មភាពខាងលើបានផ្តល់លក្ខណៈងាយស្រួលដល់ពលរដ្ឋ នៅក្នុងតំបន់ព្រំដែន ងាយស្រួលចុះឡើយ។
រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា បានបញ្ជារឲ្យបិទទ្វារព្រំដែនទាំងអស់ ជាប់កូឡំបី ប្រេស៊ីល និង Aruba និងប្រជុំកោះ Antilles តាំងពីចុងខែកុម្ភៈកន្លងមក ។ សកម្មភាពខាងលើធ្វើឲ្យជំនួយមនុស្សធម៌មិនអាចចូលទៅកាន់ប្រទេសនេះជួយដល់ ពលរដ្ឋ។ បន្ទាត់ព្រំដែន សមុទ្រ ក៏ត្រូវបានបើកទ្វារដូចគ្នា។
ចំណែកមេដឹកនាំក្រុមប្រឆាំង វិញលោក Juan Guaido នៅថ្ងៃទី៧ខែមិថុនាបានប្រកាសថា ក្រុមប្រឆាំង នៅមិនទាន់ មានគម្រោងចូលរួមកិច្ចពិភាក្សា នៅប្រទេសន័រវេយជាមួយដំណាងរដ្ឋាភិបាល របស់ប្រធានាធិបតី ម៉ាឌូរ៉ូនោះឡើយ៕