ជនត្រូវចោទចំនួន ៣ នាក់ ត្រូវបានតុលាការខេត្តព្រះសីហនុធ្វើការចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០១៩ ពីបទរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋនៅក្នុងឧទ្យានជាតិព្រះសីហនុរាមដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជា មន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៩ នេះដោយលោកបានបញ្ជាក់ថាបច្ចុប្បន្ន ក្រុមជនល្មើស បាននិងកំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តព្រះសីហនុ រង់ចាំបន្តដំណើរការនីតិវិធីច្បាប់នៅចំពោះមុខតុលាការ។ លោកបានបញ្ជាក់ថា ជនសង្ស័យទាំងបីរូបត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន តាំងពីថ្ងៃទី៦ ខែមិថុនា និងបានធ្វើការសាកសួរជុំវិញការប្រព្រឹត្តបទល្មើសនេះដោយក្រុមជនល្មើសបានសា រភាពថាខ្លួនពិតជាបានកាប់ឆ្ការដីព្រៃក្នុងឧទ្យានជាតិព្រះសីហនុរាមមែន។
បើតាមមន្ត្រីក្រសួងបរិស្ថានជនសង្ស័យទាំងបីរូបដែលត្រូវបានចាប់ខ្លួននិងធ្វើការចោទប្រកាន់មានឈ្មោះ ទី១) ឈ្មោះ វ៉ាន់ ស៊ីណែត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទី២)ឈ្មោះ រឿន ចាន់ធី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងទី៣) ឈ្មោះ ហៀង ផាន់ណា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ ជនសង្ស័យទាំង ៣ នាក់ បានឆ្លើយសារភាពថា ពួកគេបានស៊ីឈ្នួលចាំដីឱ្យឈ្មោះ ម៉េង រស់នៅរាជធានីភ្នំពេញ ដែលមានផ្ទៃដីទំហំ ២១ ហិកតា ហើយដីនេះបានកាប់ឆ្ការព្រៃអស់ខ្លះហើយ នៅសល់ប្រហែល ៤ហិកតា ពួកខ្លួនក៏បាននាំគ្នាកាប់ និងជួលគេកាប់ថែមទៀត រួចសង់ខ្ទមចាំដីចំនួន ០២ ខ្នង នៅលើទីតាំងដីនោះផងដែរ។
ចំណាត់ការជាបន្ទាប់ប្រឆាំងនឹងក្រុមជនល្មើស ក៏ដូចជាមេក្លោងប្រព្រឹត្តបទល្មើសរុនរានទន្ទ្រានកាន់កាប់ដីធ្លីនេះ ត្រូវបានធ្វើឡើងក្រោយពីមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានថ្លែងថាតំបន់ការពារធម្មជាតិមួយចំនួនប្រឈមមុខនឹងការគំរាមកំហែងនៃការទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់តឹង រឹងនិងចុះធ្វើការអប់រំផ្សព្វផ្សាយយ៉ាងណាក៏ដោយសារតែទីផ្សារដីឡើងថ្លៃ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថាឱ្យដឹងថាក្រុមជនខិលខូចបានប្រើប្រាស់វិធីសាស្ត្រនិងល្បិចកល ជារូបភាពផ្សេងៗគ្នាដើម្បីរុករានទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដើម្បី អះអាងថា ខ្លួនបានរស់នៅ និងអាស្រ័យផលលើដីនោះជាយូរឆ្នាំមកហើយ។ លោកបានបន្តថា ក្រុមជនខិលខូចបានប្រើប្រាស់និងបោកបញ្ឆោតប្រជាពលរដ្ឋស្លូតត្រង់មួយចំនួនឱ្យចូលរុករាន កាប់ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃរដ្ឋដោយខុសច្បាប់និងលក់ក្នុងតម្លៃថោកៗឱ្យខ្លួនដោយប្រើប្រាស់វិធីសាស្ត្រមួយចំនួនដើម្បីទន្ទ្រានកាន់កាប់ដីធ្លីក្នុងនោះរួម មានការដាំដំណាំផ្សេងដែលងាយនឹងលូតលាស់ដូចជាដើមចេក ដើមស្វាយ និងដំណាំហូបផ្លែផ្សេងទៀត ហើយមួយចំនួនទៀតបានប្រើប្រាស់វិធីសាស្ត្រគ្រៀវដើមឈើផង និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗផង។ បើតាមការបញ្ជាក់របស់មន្ត្រីក្រសួងបរិស្ថាន នេះគឺជាទង្វើខុសច្បាប់ហើយកម្លាំងសមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណ ក្រុមជនល្មើស និងចងក្រងសំណុំរឿងទៅតុលាការ ដែលនេះគឺជាការពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទ ល្មើសធនធានធម្មជាតិ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា នៅរៀងរាល់ថ្ងៃ មន្ត្រីក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្សទាំង ១២២០ នាក់ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងជាឆ្មាំការពារ ធម្មជាតិនៅលើផ្ទៃដីអភិរក្សសរុបប្រមាណ ៧,៥ លានហិកតានឹងបង្កើនសកម្មភាពចុះល្បាតរបស់ខ្លួន ដើម្បីទប់ស្កាត់ការរុនរានទន្ទ្រានកាន់កាប់ដីព្រៃ ដោយខុសច្បាប់ក៏ដូចជាបទល្មើសព្រៃឈើ ការបរបាញ់សត្វខុសច្បាប់ និងជាពិសេសទប់ស្កាត់ការកាប់ឆ្ការនិងរុករានដីព្រៃខុសច្បាប់ និងដាំដំណាំយុទ្ធសាស្ត្រផ្សេងៗ ដើម្បីទន្ទ្រានកាប់កាប់ដី។ លោកបានគូសបញ្ជាក់ថាក្រសួងបរិស្ថានបដិសេធនូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លីដោយខុសច្បាប់គ្រប់ប្រភេទ ដូចជាការកាប់ទន្ទ្រានកាន់កាប់ ការផ្ទេរនិងទិញលក់ដីដោយខុសច្បាប់នៅក្នុងឧទ្យានជាតិ ដែនជម្រកសត្វ ឬតំបន់ការពារនានា ហើយអ្នកដែលកំពុងកាន់កាប់ដីដោយខុសច្បាប់ត្រូវបញ្ឈប់សកម្មទាំងអស់រួមមានការឈូសឆាយ និងការសាងសង់ សំណង់នានាជាបន្ទាន់ ហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ទីតាំងដីទាំងនោះ ដោយឥតលក្ខខណ្ឌមកជូនក្រសួងបរិស្ថានគ្រប់គ្រងវិញ បើពុំនោះទេនឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print