សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីសប្តាហ៍មុនបានមានប្រសាសន៍បង្ហាញឲ្យឃើញការធុញទ្រាន់ចំពោះមន្ត្រីមួយចំនួនដែលនៅតែ«រង់ចាំ» អនុសាសន៍ ទើបអនុវត្តការងារ ជាជាងការយកច្បាប់មកអនុវត្តជាធំ ។ សម្តេចបានមានប្រសាសន៍ថា មិនចាំបាច់អនុសាសន៍នោះទេ ប៉ុន្តែត្រូវអនុវត្តកិច្ចការងារទៅតាមច្បាប់ដែលបានកំណត់ ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទយល់ឃើញថា វាជារឿងមួយដ៏ត្រឹមត្រូវ ពីព្រោះថា ស្ថាប័នរដ្ឋទាំងឡាយ សុទ្ធតែមានច្បាប់ដែលកំណត់អំពីភារកិច្ច និងតួនាទីរបស់ខ្លួន ។ ដូច្នេះការអនុវត្តច្បាប់ទៅតាមភារកិច្ច និងតួនាទីនោះពិតជាអាច ធ្វើឲ្យប្រសើរឡើងនូវការអនុវត្តច្បាប់ ជាពិសេសពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ សង្គមជាតិនាពេលបច្ចុប្បន្ន ។ ការបញ្ចើចបញ្ចើ ទំយើហួសហេតុ ធ្វើឲ្យសង្គមមានបញ្ហាផងដែរ ។
ជាក់ស្តែង មន្ត្រីថ្នាក់ក្រោមជាតិជាច្រើនរង់ចាំការចង្អុលបង្ហាញរបស់ថ្នាក់លើ ទើបអនុវត្តការងារ ។ ជាការពិត មន្ត្រីនគរបាលប៉ុស្តិ៍ ឬអធិការដ្ឋាននគរបាលស្រុក មិនចាំបាច់រង់ចាំការចង្អុលបង្ហាញពីស្នងការនគរបាលខេត្តនោះទេ ក្នុងការបង្រ្កាបបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ បើនិយាយអំពីការចង្អុលបង្ហាញ នោះមានន័យថា មន្ត្រីនគរបាលប៉ុស្តិ៍ ឬអធិការនគរបាលស្រុកគ្មានស្មារតីទទួលខុសត្រូវដោយខ្លួនឯង គឺរង់ចាំតែការចង្អុលបង្ហាញប៉ុណ្ណោះ ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់យល់ឃើញថា ប្រទេសកម្ពុជាយើងសព្វថ្ងៃមានច្បាប់ស្ទើរតែគ្រប់គ្រាន់ដែលបានចងក្រងរួចទៅហើយ ជាពិសេសការប្រព្រឹត្តទៅនៃស្ថាប័នរបស់ជាតិ ។ ឧទាហរណ៍ មន្ត្រីនគរបាលយុត្តិធម៌ថ្នាក់ប៉ុស្តិ៍ ឬស្រុក សុទ្ធតែមានចែងអំពីតួនាទី និងភារកិច្ចរបស់ខ្លួន ។ ដូច្នេះការអនុវត្តតួនាទី និងភារកិច្ចឲ្យបានគ្រប់ជ្រុងជ្រោយដោយមិនរង់ចាំការចង្អុលបង្ហាញនោះ មូលដ្ឋាននីមួយៗនឹងទទួលបានសុខសុវត្ថិភាពទៅហើយ ។
រឿងរ៉ាខ្លះតូចតាច បែរជាត្រូវរង់ចាំអនុសាសន៍, ការចង្អុលបង្ហាញ ឬបទបញ្ជាជាដើម ។ យ៉ាងដូច្នេះមានន័យថា ច្បាប់ ត្រូវទុកមួយអន្លើដោយរង់ចាំអនុសាសន៍ និងការចង្អុលបង្ហាញជាមុនសិន ។ ខ្ញុំបាទតែងតែឮពាក្យរបស់មន្ត្រីថ្នាក់នគរបាលប៉ុស្តិ៍ ឬនគរបាលស្រុកដែលតែងតែនិយាយថា ក្រោមការចង្អុលបង្ហាញរបស់លោកស្នងការ ទើបនគរបាលប៉ុស្តិ៍ ឬអធិការនគរបាលស្រុក ចុះបង្ក្រាបករណីគ្រឿងញៀនបានដោយជោគជ័យ ។ សម្តីបែបនេះ មានន័យថា នគរបាលប៉ុស្តិ៍ ឬនគរបាលស្រុក-ខណ្ឌ បានដឹងថា មូលដ្ឋានរបស់ខ្លួនមានករណីគ្រឿងញៀនដែរ ប៉ុន្តែដោយគ្មានការចង្អុលបង្ហាញពីថ្នាក់លើ ដូច្នេះខ្លួនមិនបង្រ្កាបទៅតាមគោលការណ៍ច្បាប់នោះឡើយ ។
អ្វីដែលជាចំណុចសំខាន់គឺការអនុវត្តច្បាប់ ដោយមិនរង់ចាំអនុសាសន៍ ឬបទបញ្ជា ឬការចង្អុលបង្ហាញ នោះការរួមចំណែកធានាបាននូវសុខសុវត្ថិភាព ពិតជាបានប្រសើរឡើងមិនខាន ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់