ខេត្តព្រះវិហារ៖ ស្ថានការណ៍នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្ថានភាពធម្មតា ក្រោយពេលដែលភាគីកងទ័ពថៃ បានកាត់សោទ្វារច្រកចេញ ចូល ពីខាងទឹកដីថៃកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ហើយភាគីកងទ័ពថៃ បានសុំទោសកងទ័ពកម្ពុជាប្រចាំតំបន់នោះ ហើយបានយកសោមកចាក់បិទទ្វារនោះវិញ ។
បើតាមការអះអាងពីមន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ៣ប្រចាំទិសប្រាសាទព្រះវិហារ បានឲ្យដឹងថា ក្រោយពីមានបញ្ហាដែលបង្កឡើងដោយទាហានឈុតខ្មៅថៃ និងគ្នីគ្នាប្រមាណ១៩នាក់ចូលមកកាត់សោច្រកចេញ ចូលប្រាសាទព្រះវិហារដោយឯកតោភាគីកាលពីវេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ នោះ ឥឡូវនេះកងទ័ពថៃដដែលនោះបានសុំទោស និងបានយកសោមកចាក់ទ្វារច្រកចេញ ចូលនោះវិញហើយ ។
លោក ថុល សុវណ្ណ មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ប្រចាំទិសប្រាសាទព្រះវិហារបានថ្លែងថា ក្រោយពីមានការទាក់ទងរវាងកម្លាំងទាំងសងខាងរួចមក ភាគីថៃបានយល់ព្រមយកសោដែលពួកគេកាត់ដោយឯកតោភាគីនោះមកចាក់ទ្វារ ច្រកចេញ ចូលជាថ្មីឡើងវិញកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ហើយបានសុំទោសដល់កងកម្លាំងភាគីកម្ពុជា ចំពោះការកាត់សោជាឯកតោភាគីនេះ ។ លោក ឧត្តមសេនីយ៍ទោ ថុល សុវណ្ណ បន្ថែមថា ប្រសិនបើភាគីថៃប្រព្រឹត្តនូវអំពើមិនគប្បីណាមួយមកលើអធិបតេយ្យភាពកម្ពុជាទៀតនោះ កម្ពុជានឹងមិនអត់ឱនឲ្យឡើយ ពោលគឺនឹងប្រើប្រាស់សិទ្ធិការពារបូរណភាពទឹកដីមិនឲ្យសត្រូវណាឈ្លានពានបានឡើយ ។
រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផានថ្លែងថា កម្ពុជានឹងវាយបកទៅភាគីថៃវិញ បើថៃនៅតែបន្តរុលចូលក្នុងតំបន់ប្រាសាទព្រះវិហារ ផ្ទុយនឹងសាលដីកាសម្រេច របស់តុលាការយុត្តិធម៌អន្តរជាតិ ដូចជាករណីចូលកាត់សោដែកទ្វាររបង ច្រកចូលប្រាសាទនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៧ ធ្នូ កងកម្លាំងអង្គភាពឈុតខ្មៅ ប៉ារ៉ា នគរបាល និងពលរដ្ឋស៊ីវិលថៃ ចំនួន ១៩នាក់ បានចូលមកថត និងកាត់សោរទ្វារដែកច្រកចេញចូលប្រាសាទព្រះវិហារ ហើយដកថយចូលក្នុងទឹកដីខ្លួនវិញ។ ប៉ុន្តែស្ថានការណ៍នោះបានស្ងប់ស្ងាត់ទៅវិញរយៈពេល១ម៉ោងក្រោយមក។ កម្ពុជាចាត់ទុកសកម្មភាពរបស់ថៃ កាត់សោទ្វារនោះ ថាជាការមើលងាយដល់សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលហៅកាត់ថា អាយ.ស៊ី.ជេ (ICJ) ព្រោះតុលាការយុត្តិធម៌នេះបានហាមប្រាមមិនឲ្យមានចលនាយោធានៅតំបន់នោះ ។
លោក ផៃ ស៊ីផាន គូសបញ្ជាក់បន្តថា សកម្មភាពរបស់ថៃនៅពេលនេះ មិនធំដុំទេ ប៉ុន្តែប្រហែលជាថៃ ចង់បង្កើតបញ្ហានេះ ដើម្បីអាចជជែកជាមួយកម្ពុជា ដែលធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសថៃ នៅថ្ងៃទី១៨ ធ្នូ។ លោកថា កាលពីពេលកន្លងមក ភាគីថៃ បានស្នើសុំកម្ពុជា ជាច្រើនដងហើយ ដើម្បីបើកច្រកចេញចូលប្រាសាទព្រះវិហារ ឡើងវិញ។
ច្រកទ្វារចេញចូលប្រាសាទព្រះវិហារ ពីព្រំដែនថៃ ត្រូវបានបិទអស់រយៈពេល ៧ឆ្នាំហើយ ចាប់តាំងពីថៃ បានលើកកងទ័ពច្រើនរយនាក់ចូលលុកលុយទីវត្តកែវសិក្ខាគីរីស្វារៈរបស់កម្ពុជា ដែលមានទីតាំងជាប់នឹងប្រាសាទព្រះវិហារ ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ មក ។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ តំបន់ប្រាសាទព្រះវិហារមានអាកាសធាតុត្រជាក់ខ្លាំង រហូតដល់១១អង្សារសេ ។ យ៉ាងណាក៏ដោយកងកម្លាំងប្រដាប់អាវុធទាំងអស់មិនព្រួយបារម្ភអំពីបញ្ហាសុខភាពទេ ។ បញ្ហាអាកាសធាតុត្រជាក់នេះ កងកម្លាំងប្រដាប់អាវុធទទួលបានអាវរងាដ៏កក់ក្តៅដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្តល់ជូន ។ កាលពីដើមសប្តាហ៍នេះដែរ សម្តេចតេជោក៏បានរំលឹកកងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យថែទាំសុខភាពនៅរដូវរងា ។ សម្តេចរំពឹងថា មិនរងាខ្លាំងទេ ព្រោះសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានផ្តល់អាវរងារួចហើយ ៕
ដោយ៖ ហេង សូរិយា