យោធា​ថៃ​សុំ​ទោស​ភាគី​កម្ពុជា​ និង​ចាក់សោ​បិទទ្វារ​ឡើង​វិញ​

ចែករំលែក៖

​ខេត្តព្រះវិហារ​៖​ ស្ថានការណ៍​នៅ​តំបន់​ប្រាសាទព្រះវិហារ​ ស្ថិត​ក្នុង​ស្ថានភាព​ធម្មតា​ ក្រោយ​ពេល​ដែល​ភាគី​កងទ័ព​ថៃ​ បាន​កាត់​សោ​ទ្វារ​ច្រកចេញ​ ចូល​ ពី​ខាង​ទឹកដី​ថៃ​កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ ហើយ​ភាគី​កងទ័ព​ថៃ​ បាន​សុំ​ទោស​កងទ័ព​កម្ពុជា​ប្រចាំ​តំបន់​នោះ​ ហើយ​បាន​យក​សោ​មក​ចាក់​បិទទ្វារ​នោះ​វិញ​ ។​

IMG-20151217-WA0117

​បើ​តាម​ការ​អះអាង​ពី​មន្ត្រី​យោធា​កងពលធំ​អន្តរាគមន៍​លេខ​៣​ប្រចាំ​ទិស​ប្រាសាទព្រះវិហារ​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ពី​មាន​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ទាហាន​ឈុត​ខ្មៅ​ថៃ​ និង​គ្នីគ្នា​ប្រមាណ​១៩​នាក់​ចូល​មក​កាត់​សោ​ច្រកចេញ​ ចូល​ប្រាសាទព្រះវិហារ​ដោយ​ឯកតោភាគី​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៧​ ខែធ្នូ​ នោះ​ ឥឡូវនេះ​កងទ័ព​ថៃ​ដដែល​នោះ​បាន​សុំ​ទោស​ និង​បាន​យក​សោ​មក​ចាក់​ទ្វារ​ច្រកចេញ​ ចូល​នោះ​វិញ​ហើយ​ ។​

​លោក​ ថុ​ល​ សុវណ្ណ​ មេបញ្ជាការ​រង​កងពលធំ​អន្តរាគមន៍​លេខ​៣​ប្រចាំ​ទិស​ប្រាសាទព្រះវិហារ​បាន​ថ្លែង​ថា​ ក្រោយ​ពី​មានការ​ទាក់ទង​រវាង​កម្លាំង​ទាំង​សងខាង​រួច​មក​ ភាគី​ថៃ​បាន​យល់​ព្រមយក​សោ​ដែល​ពួក​គេ​កាត់​ដោយ​ឯកតោភាគី​នោះ​មក​ចាក់​ទ្វារ​ ច្រកចេញ​ ចូល​ជា​ថ្មី​ឡើង​វិញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ហើយ​បាន​សុំ​ទោស​ដល់​កងកម្លាំង​ភាគី​កម្ពុជា​ ចំពោះ​ការ​កាត់​សោ​ជា​ឯកតោភាគី​នេះ​ ។​ លោក​ ឧត្តមសេនីយ៍ទោ​ ថុ​ល​ សុវណ្ណ​ បន្ថែម​ថា​ ប្រសិនបើ​ភាគី​ថៃ​ប្រព្រឹត្ត​នូវ​អំពើ​មិន​គប្បី​ណាមួយ​មក​លើ​អធិបតេយ្យភាព​កម្ពុជា​ទៀត​នោះ​ កម្ពុជា​នឹង​មិន​អត់ឱន​ឲ្យ​ឡើយ​ ពោល​គឺ​នឹង​ប្រើប្រាស់​សិទ្ធិ​ការពារ​បូរណភាព​ទឹកដី​មិន​ឲ្យ​សត្រូវ​ណា​ឈ្លានពាន​បាន​ឡើយ​ ។​

​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ថ្លែង​ថា​ កម្ពុជា​នឹង​វាយបក​ទៅ​ភាគី​ថៃ​វិញ​ បើ​ថៃ​នៅ​តែ​បន្ត​រុលចូល​ក្នុង​តំបន់​ប្រាសាទព្រះវិហារ​ ផ្ទុយ​នឹង​សាលដីកា​សម្រេច​ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ដូច​ជា​ករណី​ចូល​កាត់​សោ​ដែក​ទ្វាររបង​ ច្រកចូល​ប្រាសាទ​នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៥​ ។​

​អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ី​ផា​ន​ បញ្ជាក់​ថា​ នៅ​វេលា​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៧​ ធ្នូ​ កងកម្លាំង​អង្គភាព​ឈុត​ខ្មៅ​ ប៉ា​រ៉ា​ នគរបាល​ និង​ពលរដ្ឋ​ស៊ី​វិល​ថៃ​ ចំនួន​ ១៩​នាក់​ បាន​ចូល​មក​ថត​ និង​កាត់​សោរ​ទ្វារ​ដែក​ច្រក​ចេញចូល​ប្រាសាទព្រះវិហារ​ ហើយ​ដកថយ​ចូល​ក្នុង​ទឹកដី​ខ្លួន​វិញ​។​ ប៉ុន្តែ​ស្ថានការណ៍​នោះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​រយៈពេល​១​ម៉ោង​ក្រោយមក​។​ កម្ពុជា​ចាត់​ទុក​សកម្មភាព​របស់​ថៃ​ កាត់​សោ​ទ្វារ​នោះ​ ថា​ជា​ការ​មើលងាយ​ដល់​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ដែល​ហៅ​កាត់​ថា​ អាយ​.​ស៊ី​.​ជេ​ (ICJ)​ ព្រោះ​តុលាការ​យុត្តិធម៌​នេះ​បាន​ហាមប្រាម​មិន​ឲ្យ​មាន​ចលនា​យោធា​នៅ​តំបន់​នោះ​ ។​

​លោក​ ផៃ​ ស៊ី​ផា​ន​ គូសបញ្ជាក់​បន្ត​ថា​ សកម្មភាព​របស់​ថៃ​នៅ​ពេល​នេះ​ មិនធំ​ដុំ​ទេ​ ប៉ុន្តែ​ប្រហែលជា​ថៃ​ ចង់​បង្កើត​បញ្ហា​នេះ​ ដើម្បី​អាច​ជជែក​ជាមួយ​កម្ពុជា​ ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ថៃ​ នៅ​ថ្ងៃ​ទី​១៨​ ធ្នូ​។​ លោក​ថា​ កាលពី​ពេល​កន្លង​មក​ ភាគី​ថៃ​ បាន​ស្នើ​សុំ​កម្ពុជា​ ជា​ច្រើន​ដង​ហើយ​ ដើម្បី​បើក​ច្រក​ចេញចូល​ប្រាសាទព្រះវិហារ​ ឡើង​វិញ​។​

​ច្រក​ទ្វារ​ចេញចូល​ប្រាសាទព្រះវិហារ​ ពី​ព្រំដែន​ថៃ​ ត្រូវ​បាន​បិទ​អស់​រយៈពេល​ ៧​ឆ្នាំ​ហើយ​ ចាប់តាំងពី​ថៃ​ បាន​លើក​កងទ័ព​ច្រើន​រយ​នាក់​ចូលលុក​លុយ​ទី​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ​របស់​កម្ពុជា​ ដែល​មាន​ទីតាំង​ជាប់​នឹង​ប្រាសាទព្រះវិហារ​ ចាប់តាំងពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០០៨​ មក​ ។​

​នៅ​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៥​ តំបន់​ប្រាសាទព្រះវិហារ​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​ រហូត​ដល់​១១​អង្សារ​សេ​ ។​ យ៉ាងណា​ក៏​ដោយ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​មិន​ព្រួយបារម្ភ​អំពី​បញ្ហា​សុខភាព​ទេ​ ។​ បញ្ហា​អាកាសធាតុ​ត្រជាក់​នេះ​ កងកម្លាំងប្រដាប់អាវុធ​ទទួល​បាន​អាវ​រងា​ដ៏​កក់ក្តៅ​ដែល​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ផ្តល់​ជូន​ ។​ កាលពីដើម​ស​ប្តា​ហ៍​នេះ​ដែរ​ សម្តេច​តេ​ជោ​ក៏​បាន​រំលឹក​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ឲ្យ​ថែទាំ​សុខភាព​នៅ​រដូវរងា​ ។​ សម្តេច​រំពឹង​ថា​ មិន​រងា​ខ្លាំង​ទេ​ ព្រោះ​សម្តេច​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ផ្តល់​អាវ​រងា​រួច​ហើយ​ ៕​

IMG-20151217-WA0115

IMG-20151217-WA0116

...

ដោយ៖ ហេង​ សូ​រិ​យា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print