ខេត្តពោធិ៍សាត់ៈគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៧,១៨ ខែធ្នូ ឆ្នាំ២០១៥ កើតឡើងចំនួន ៣លើកផ្សេងគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥ បណ្ដាលឱ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត និង ៤នាក់ទៀត រងរបួសធ្ងន់ស្រាល ។
ប្រភពពីនគរបាលចរាចរខេត្តពោធិ៍សាត់ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៨.១៥៩ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បណ្ដាលឱ្យបុរសម្នាក់ឈ្មោះ សុខ វង អាយុ ៥៣ឆ្នាំ រស់នៅភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ រងរបួសធ្ងន់ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ និងម្នាក់ទៀតរងរបួសស្រាល ខណៈបើកបរស្របទិសគ្នាពីលិចទៅកើត ហើយម៉ូតូបើកពីមុខបត់ឆ្លងផ្លូវមិនប្រយ័ត្ន វត្ថុតាងម៉ូតូទាំង ២គ្រឿងត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកក្រគរ រង់ចាំដោះស្រាយគ្នាជាក្រោយ ។ ប្រភពបន្តថា នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកទៀត បង្កឡើងដោយរថយន្តក្រុងម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ កោះកុង 3A-0474 របស់ក្រុមហ៊ុនវិរៈប៊ុនថាន់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកណ្ដាលស្ពានអូរតាប៉ោង ស្ថិតក្នុងភូមិ.ឃុំអូរតាប៉ោង ស្រុកបាកាន បានបុកម៉ូតូសណ្ដោងរ៉ឺម៉កដឹកពាងពីក្រោយពេញទំហឹង បណ្ដាលអ្នកបើករ៉ឺម៉កឈ្មោះ តាក់ កើត អាយុ ៣៥ឆ្នាំ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់រងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ ចំណែកអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ទាំងរថយន្ត បញ្ជូនមកស្នងការនគរបាលខេត្តពោធិ៍សាត់ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ប្រភពបន្តទៀតថា លុះដល់រសៀលថ្ងៃដដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកថែមទៀត បានកើតឡើងនៅកណ្ដាលស្ពានធ្លាម្អម ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧០.១៧១ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខណៈម៉ូតូ ១គ្រឿងធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុបានបើកវ៉ាម៉ូតូ ១គ្រឿងទៀត ក៏ទាក់ដៃចង្កូតគ្នាបណ្ដាលឱ្យដួល កណ្ដាលទ្រូងផ្លូវ ស្របគ្នានោះក៏មានរថយន្តមិនស្គាល់ម៉ាកធ្វើដំណើរពីកើតមកលិចបានបុក អ្នកបើកម៉ូតូឈ្មោះ យ៉ែម យឿន ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្គរ បណ្ដាលឱ្យស្លាប់ភ្លាមៗ និងអ្នករួមដំណើររងរបួសស្រាល សាកសពជនរងគ្រោះ និងវត្ថុតាងម៉ូតូត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ ចំណែករថយន្តបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។
ប៉ឹម ពិន