ខេត្តត្បូងឃ្មុំ ៖ បុរសមានរមុខបរជាអ្នកនេសាទឆក់ត្រីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកអត់ដកដង្ហើមក្បែរមាត់ទឹកជាមួយនឹងឧបករណ៍ហាមនេសាទ នៅចំណុចភូមិឈើទាលតូច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយបានរាយការណ៍ទៅកម្លាំងជំនាញផ្នែកកោសល្យវិច័យសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលចុះមកពិនិត្យ ។
នគរបាលឲ្យដឹងថា សព បានប្រទះឃើញដោយប្រជាពលរដ្ឋនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០១៩ ។ សពជនរងគ្រោះឈ្មោះ យ៉េប រ៉ូន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម រស់នៅភូមិ-ឃុំកើតុំហេតុខាងលើ ។
សាក្សីឲ្យដឹងថា ជាធម្មតាបុរសខាងលើនេះ តែងប្រើជំនាញរបស់ខ្លួនឆក់ត្រីផ្គត់ផ្គង់គ្រួសារទាំង ច្បាប់នេសាទបានហាមឃាត់ ។ ពលរដ្ឋថា នៅថ្ងៃកើតហេតុ អាចជនរងគ្រោះភ្លាត់ស្នៀត ទើបបានជាបណ្តាលឲ្យឧបករណ៍ដែលមានចរន្តអគ្គិសនីឆក់ស្លាប់បែបនេះ ។
សព ត្រូវបានពិនិត្យដោយជំនាញផ្នែកកោសល្យវិច័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះឡើយ ៕ ដោយ ៖ វណ្ណៈ