ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាកាន់តែតានតឹងខ្លាំងឡើង ហើយអាមេរិកនិងសម្ព័ន្ធមិត្តត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ប្រទេសនេះផលិតបរមាណូ ។ ការវាយប្រហារទៅលើ នាវាដឹកប្រេងកន្លងកគឺជាឱកាសដើម្បី អាមេរិកនិងសម្ព័ន្ធមិត្តបង្កើនសកម្មភាពយោធាទប់ស្កាត់អ៊ីរ៉ង់។
ការប្រឈមមុខតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់កើនឡើងខ្លាំង ប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសក្រោយការវាយប្រហារទៅលើនាវាដឹកប្រេងពីរគ្រឿងនៅតំបន់សមុទ្រ Oman ។ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ ទៅលើទីក្រុងតេអ៊ីរ៉ងថាជាអ្នកនៅពីក្រោយការវាយប្រហារខាងលើ ។ចំណែកអ៊ីរ៉ង់វិញក៏បានចោទប្រកាន់ថានេះជា ការរៀបចំរបស់អាមេរិកដើម្បីទម្លាក់កំហុសទៅលើប្រទេសអ៊ីរ៉ង់ដើម្បី ឈានដល់ការប្រើប្រាស់យោធា ។
លោកត្រាំបញ្ជាក់ថានឹងមានសង្គ្រាមជាមួយអ៊ីរ៉ង់ដើម្បីទប់ស្កាត់ប្រទេសនេះមានអាវុធបរមាណូ ។ការប្រកាសខាងលើរបស់លោកត្រាំ ក្រោយពេលអាមេរិក បញ្ជូនទាហានបន្ថែមជាង១០០០នាក់ទៅកាន់តំបន់មជ្ឈិបូព៌ា និង អាវុធជាច្រើន ក្នុងនោះមាននាវាចម្បាំង បំពាក់មីស៊ីលជាង២០០ដើមនិង នាវាផ្ទុកយន្តហោះ ត្រៀមលក្ខណវាយប្រហារអ៊ីរ៉ង់។
ក្រោយពេលអាមេរិកត្រៀមវាយប្រហារអ៊ីរ៉ង់ ភាគីរុស្ស៊ី និងចិន ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់បានប្រតិកម្មយ៉ាងខ្លាំង ។ ពេលថ្មីនេះរដ្ឋាភិបាលទីក្រុងប៉េកាំងបានអំពាវនាវឲ្យគ្រប់ភាគី ពាក់ព័ន្ធ «បញ្ចៀសទង្វើឯកតោភាគី និងគ្មានច្បាប់ទម្លាប់» ដើម្បីកុំឲ្យបញ្ហានៅមជ្ឈិមបូព៌ាកាន់តែស្មុគស្មាញ ។
រដ្ឋាភិបាលចិននៅថ្ងៃ១៨ខែមិថុនា បានសម្ដែងការជំទាស់នឹងរាល់សកម្មភាពទាំងឡាយណា ដែលរុញច្រានឱ្យស្ថានភាពបច្ចុប្បន្ន កាន់តែមានភាពស្មុគស្មាញបន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសបញ្ជូនកងទ័ពថែម ១,០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានអំពាវនាវឱ្យភាគីពាក់ព័ន្ធមានការអត់ធ្មត់ខ្ពស់។ លោក វ៉ាង បានលើកឡើងយ៉ាងដូច្នេះថា «យើងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ អនុវត្តន៍ការអត់ធ្មត់ ក៏ដូចជាបញ្ចៀសរាល់សកម្មភាពឯកភាគី និងគ្មានច្បាប់ទម្លាប់ទាំងឡាយ ណាដែលបង្កឱ្យស្ថានភាពកាន់តែស្មុគស្មាញ» ។
បន្ថែមពីលើនេះក្រៅតែពីរំលឹកឱ្យសហរដ្ឋអាមេរិកបន្ធូរសម្ពាធប្រឆាំងអ៊ីរ៉ង់ លោក វ៉ាង យី ក៏បានស្នើ ផងដែរឱ្យទីក្រុងតេហេរ៉ង់ កុំបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បន្ទាប់ពី ទីក្រុងតេហេរ៉ង់ប្រកាសចម្រាញ់ និងស្ដុកទុកសារធាតអ៊ុយរ៉ាញ៉ូមឡើងវិញនៅថ្ងៃទី២៧ ខែមិថុនានេះ។
គួរបញ្ជាក់ថា ការព្រួយបារម្ភថាជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានផ្ទុះឡើងជាថ្មីក្រោយកប៉ាល់ដឹកប្រេង ០២គ្រឿងរងការវាយប្រហារ នៅឯឈូងសមុទ្រអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ សហរដ្ឋអាមេរិកបានចោទប្រកាន់ថា អ៊ីរ៉ង់ជាអ្នកនៅពីក្រោយការវាយប្រហារនេះ តែទីក្រុងតេហេរ៉ង់បដិសេធដោយចាត់ទុកថា វាជាការទម្លាក់កំហុសដោយគ្មានមូលដ្ឋានទាល់តែសោះ៕