តាមរបាយការរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ថា មនុស្សជាង៧០លាននាក់ នៅក្នុងឆ្នាំ២០១៨ បានភៀសខ្លួនពីលំនៅឋានរបស់ពួកគេ ជាតួលេខមួយដែលនឹកស្មានមិនដល់ថា មានជនភៀសខ្លួន និងជនស្វែងរកសិទ្ធិជ្រកកោណកើនឡើងច្រើនដល់ម្លឹងសោះ ។
ភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន បញ្ជាក់ថា ជនភៀសខ្លួន បាត់បង់ទីជម្រក និងជនស្វែងរកសិទ្ធិជ្រកកោន នៅក្នុងឆ្នាំ២០១៨ បានកើនឡើងរហូតដល់៧០.៨លាននាក់ ។ ការកើនឡើងនេះ ដោយសារតែប្រជាជនវេណេហ្ស៊ុយអេឡា បានរត់ចេញពីវិបត្តិនយោបាយ វិបត្តិខ្វះស្បៀងអាហារ ក្នុងប្រទេសរបស់ខ្លួន ។
UNHCR បញ្ជាក់ថា ឆ្នាំ២០១៧ ជនគ្មានទីជម្រក ជនភៀសខ្លួន និងជនសុំសិទ្ធិជ្រកកោនមានតែចំនួន៦៨.៥លាននាក់ប៉ុណ្ណោះ ។ កាលណោះ ប្រជាជនទាំងនោះភៀសខ្លួនដោយសារតែអំពើហិង្សា និងអំពើកាប់សម្លាប់ជាដើម ។
ប្រភពបន្តថា ជនគ្មានទីជម្រកក្នុងប្រទេស Ethiopia ក៏មានចំនួនច្រើនឡើងផងដែរ ដោយសារតែបញ្ហាជម្លោះអន្តរកុលសម្ព័ន្ធ, ជាមួយនេះ ជម្លោះនៅវេណេហ្ស៊ុយអេឡា បង្ខំឲ្យប្រជាជនភៀសខ្លួនរាប់ពាន់នាក់ ហើយការភៀសខ្លួននោះ កើតមានរាល់ថ្ងៃ ដោយសារតែការក្រឡាប់ចាក់បញ្ហាសេដ្ឋកិច្ច នាំឲ្យមានកង្វះខាតម្ហូបអាហារ ថ្នាំសង្កូវជាមូលដ្ឋាន ។
UN បានប៉ាន់ប្រមាណថា មនុស្សប្រហែល ៣.៣ លាននាក់បានចាកចេញពីវេណេហ្ស៊ុយអេឡា តាំងពីចាប់ផ្តើមចូលដល់ឆ្នាំ២០១៦ ។
លោក Lelippo Grandi ឧត្តមស្នងការទទួលបន្ទុកភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) ថ្លែងប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងហ្សឺណែវ ប្រទេសស៊ី្វសថា ការដាក់ពាក្យសុំសិទ្ធិជ្រកកោន ក្នុងនោះមានទាំងពលរដ្ឋវេណេហ្ស៊ុយអេឡាផងដែរនោះ មានសរុប៧០.៨លាននាក់ ។ប្រភពបានបន្តថា ចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ៕
ដោយ៖ មែវ សាធី