ខេត្តសៀមរាប ៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានលើកឡើងថានៅក្នុងប្រទេសកម្ពុជា បញ្ហាអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង ជាពិសេសបញ្ហាផ្គររន្ទះវាក៏ជាបញ្ហាមួយដែលរាជរដ្ឋាភិបាលកំពុងមាន ការព្រួយបារម្ភដោយសារកន្លងមកបញ្ហាផ្គររន្ទះនេះ វាបានឆក់យកអាយុជីវិតមនុស្ស និងសត្វជាច្រើននៅក្នុងប្រទេសកម្ពុជា ។
លោក ទៀ សីហា បន្តថាសម្រាប់ខេត្តសៀមរាបក្នុងខែមិថុនានេះបញ្ហា ផ្គររន្ទះក៏បានឆក់យកអាយុប្រជាពលរដ្ឋចំនួន០៣នាក់នឹងសត្វពាហន មួយចំនួនផងដែរហើយនេះជាបញ្ហាមួយដែលអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធកំពុងមាន ការព្រួយបារម្ភជាខ្លាំងផងដែរចំពោះបញ្ហានេះ ។
លោកអភិបាលខេត្ត បន្តទៀតថាកន្លងមកអាជ្ញាធរខេត្តក៏ដូចជាមន្ទីរពាក់ព័ន្ធបានសហការចុះធ្វើការត្រួតពិនិត្យនឹងតាមដាននូវរាល់បញ្ហានេះ យ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសអាជ្ញាធរខេត្តក៏បានត្រៀមនឹង ដំឡើងនូវឧបករណ៍ការពាររន្ទះនៅទីតាំងមួយចំនួនដែលតែងតែមានករណីផ្គររន្ទះនេះកើតឡើងញឹកញាប់ដើម្បីបញ្ជាសនិងកាត់បន្ថយរាល់បញ្ហានេះកុំឲ្យបន្តកើតបានឡើងទៀត។
លោក ទៀ សីហា ក៏បានសំណូមពរដល់អាជ្ញាធរស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ពីបញ្ហានេះឲ្យបានល្អ ក្នុងការជួយ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសត្រូវចុះធ្វើការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាម មូលដ្ឋាន របស់ខ្លួនឲ្យបានញឹកញាប់ ដើម្បីឲ្យពួកគាត់បានយល់ និងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារនូវរាល់បាតុភូតនេះកើតឡើងនៅតាមមូលដ្ឋានពួកគាត់ ។
សូមបញ្ជាក់ផងដែរថា លោក ទៀ សីហា បានលើកឡើង បែបនេះក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុក ស្រីស្នំ អាណត្តិ ទី៣ កាលពីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ៕ប៊ុនរិទ្ធី