ខេត្តតាកែវ ៖ ក្មេងតូចៗមួយគ្រួសារមានគ្នា៤នាក់ បានស្លាប់នៅក្នុងស្រះទឹក ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រពីផ្ទះ ហើយត្រូវអ្នកភូមិសង្ស័យចុះរាវរកក៏ប្រទះឃើញលិចក្នុងបាតស្រះ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។
សាក្សីឲ្យដឹងថា បន្ទាប់ពីបាត់ស្រមោលក្មេងៗទាំង៤នាក់ ដែលនាំគ្នាមកលេងវាលស្រែ និងនៅក្បែរនោះមានស្រះទឹក ក៏កើតការសង្ស័យនាំគ្នាចុះរាវរកក្នុងស្រះ ស្រាប់តែប្រទះឃើញក្មេងទាំង៤នាក់លិចនៅក្នុងបាតស្រះតែម្តង ធ្វើឲ្យពួកគាត់មានក្តីសង្វេកខ្លាំងណាស់ និងអណោចអាធ័មជាទីបំផុត ចំពោះគ្រួសារនៃសព ដែលត្រូវជាឪពុកម្តាយរបស់ក្មេងរងគ្រោះទាំង៤នាក់ ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកបាទីឲ្យដឹងថា ក្មេងដែលលង់ទឹកស្លាប់ខាងលើមានចំនួន៤នាក់ ជាបងប្អូនជីទួតមួយជាមួយគ្នា ដែលពួកគេមុនពេលកើតហេតុបាននាំគ្នាដើរលេងនៅតាមវាលស្រែក្បែរនោះ លុះមកដល់ចំណុចកើតហេតុ ក៏នាំគ្នាចុះលេងទឹកស្រះដែលមានចម្ងាយពីផ្ទះជីដូនរបស់ខ្លួនប្រហែលជាង២០០ម៉ែត្រ។
មន្ត្រីនគរបាលបន្តថា សពក្មេងទាំង៤នាក់នោះ ទី១-ឈ្មោះ ហៀង សុខឃីម ភេទស្រី អាយុ៥ឆ្នាំ, ទី២-ឈ្មោះ ហៀង វីត ភេទប្រុស អាយុ៣ឆ្នាំ មានឪពុកឈ្មោះ សួរ សេហាក់ និងម្តាយឈ្មោះ ផាន់ ចាន់ណា, ក្មេងរងគ្រោះទី៣-ឈ្មោះ នៅ ស្រីឡេង ភេទស្រី អាយុ៣ឆ្នាំ និងក្មេងរងគ្រោះទី៤-ឈ្មោះ នៅ ស្រីលាក់ ភេទស្រី អាយុ៤ឆ្នាំ មានម្តាយឈ្មោះ សេក ស្រីម៉ុម ៕ ដោយ ៖ ជាយក្រុង