ភ្នំពេញ៖ តារាចម្រៀងរ៉េបប្រុសល្បីឈ្មោះ នេន ទុំបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយពីលោក បានបង្ហាញភាពស្និទ្ធស្នាលស្អិតរមួតប្លែករួមទាំងបញ្ចេញសារប្រកាសស្នេហាជាមួយតារាសម្តែងស្រី ហ្វីយ៉ាដា។ ទោះជាយ៉ាងណាតារាប្រុសស្រីទាំងពីររូបនេះបានបញ្ជាក់ថាមិនមែនជាការពិតឡើយ។
ការភ្ញាក់ផ្អើលក្រោយ ពីនេនទុំបានបង្ហាញវីដេអូរួមគ្នាមួយដោយនេនទុំបានឱបថើប និងប្រកាសពេញៗមាត់ថាជាស្នេហាពិតដែលមានទាំងការសុំរៀបការជាផ្លូវការផងដែរ។ ការប្រកាសនេះធ្វើឡើយគ្រាដែលនេន ទុំ និងហ្វីយ៉ាដា លេចមុខក្នុងការធ្វើដំណើរកម្សាន្តផ្អែមល្ហែមមួយកាលពីរាត្រីថ្ងៃទី១៩ខែមិថុនានេះនៅមណ្ឌលកម្សាន្តព្រីនម៉ាណ័រ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គេបានឃើញនេនទុំបានបង្ហាញភាសាផ្អែមល្ហែម អមដោយការសុំកញ្ញា ហ្វីយ៉ាដា រៀបការ។ ទោះជាយ៉ាងណាតារាចម្រៀងរ៉េប នេនទុំ បានលើកឡើងថាគ្រាន់តែជាការសម្តែងក្នុងបទចម្រៀងថ្មីដែលលោកត្រៀមចេញក្នុងពេលខាងមុខ។
តារាប្រុសរូបនេះបញ្ជាក់ថា នៅទីនោះគឺមានទេសភាពស្អាតប្លែក ទើបនឹងបើកថ្មី និងមានទីតាំងអំណោយផលមួយចំនួនសម្រាប់គូស្នេហ៍។ លោកបន្តថាមានអ្នកយល់ច្រឡំច្រើននៅក្នុងការផ្សាយផ្ទាល់លើគណនីយហ្វេសផ្ទាល់។ លោកថា លោកនិងកញ្ញាហ្វីយ៉ាដាបានស្គាល់គ្នាជាយូរហើយដែលហើយក៏អញ្ជើញនាងមកចូលរួមសម្តែងតែម្តងទៅ មិនមានរឿងរ៉ាវស្នេហាអ្វីទេ។
តារាសម្តែងឆ្នាសឆ្នើម ហ្វីយ៉ាដា វិញលើកឡើងថា នេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ។ នាងថាក្នុងឈុតឆាកផ្អែមល្ហែមនេះនាងត្រូវបាននេនទុំថើបជាច្រើនលើកច្រើនសារ ហើយនាងពិតជាអៀនខ្លាំង ប៉ុន្តែការសម្តែងត្រូវតែខិតខំឲ្យដូចការពិតទើបមានអ្នកយល់ច្រឡំច្រើន។ នាងរំពឹងថាការបកស្រាយនេះនឹងជួយជម្រះមន្ទិលរឿងរ៉ាវស្នេហាក្រៅឆាកដែលមានការលើកឡើងកន្លងមក ៕ ដោយ វឌ្ឍនា