ខេត្តព្រះសីហនុ៖ ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគរសំណង់រលំសង្កត់លើនៅតែបន្តនៅយប់រំលងអធ្រាត្រថ្ងៃទី២២ ឈានចូលដល់ថ្ងៃទី២៣ ខែមិថុនានេះដោយក្រុម សង្គ្រោះបានរកឃើញមនុស្ស ៣នាក់ទៀត ដែលក្នុងនោះម្នាក់បានស្លាប់ ហើយក្មេងស្រី ១នាក់ នៅរស់រានមានជីវិតហើយបាននិងកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ។ស្រីដែលនៅរស់ឈ្មោះ អ៊ុន ណេងអាយុ ១៦ឆ្នាំ ស្រុកសំបូរ ខេត្តក្រចះ។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់និងរងរបួសចំនួន ៣៩ រូបក្នុងនោះស្លាប់ចំនួន ១៥នាក់ ហើយអ្នករងរបួសចំនួន ២៤ រូប។ រហូតមកទល់នឹងនឹងពេលនេះ កម្លាំងសង្គ្រោះបន្តធ្វើការរុករកជនរងគ្រោះដែលស្ថិតក្នុងឧបទ្ទវហេតុនៃការរលំបាក់ អគារនេះចាប់តាំងពីព្រឹកព្រលឹមមក ហើយបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនដើម្បីស្វះស្វែងរកជនរងគ្រោះបន្តទៀតទោះជាស្ថិតនៅក្រោមដំណក់ទឹកភ្លៀងក៏ដោយ។ ក្រុមសង្គ្រោះបានសហការគ្នានិងរួមកម្លាំង សាមគ្គីគ្នាដើម្បីជួយសង្គ្រោះជនរងគ្រោះ។
លោក រដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ សមាជិកក្រុមការងារនិងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានចុះពិនិត្យដោយផ្ទាល់នៅ កន្លែងកើតហេតុ និងបានកៀរគរកម្លាំងសង្គ្រោះពីមជ្ឈដ្ឋាននានាដើម្បីជួយសង្គ្រោះជនរងគ្រោះខ្លះដែលសង្ស័យថាបាននិងកំពុងស្ថិតនៅក្នុងគំនរបាក់បែកនោះនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់ មានប្រភពព័ត៌មានណាមួយ អាចបញ្ជាក់ថា នៅមានមនុស្សប៉ុន្មាននាក់ទៀតកំពុងជាប់ក្នុងគំនរអគាររលំ នេះទេ។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមនឹងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងក្រុមប្រឹក្សាខេត្តព្រះសីហនុ សូមសម្តែងអំណរគុណចំពោះកាយវិការមនុស្សធម៌របស់ក្រុមសង្គ្រោះទាំងអស់។ ការសង្គ្រោះដែលត្រូវបានអះអាងថានឹងធ្វើឡើងជាប់ រហូតដល់សង្គ្រោះជនរងគ្រោះបានទាំងអស់ពីគំនរអគាររលំនេះ។
ទាក់ទងនឹងឧបទ្ទវហេតុនៃការបាក់រលំសំណង់អគារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបច្ចុប្បន្នបាននិងកំពុងចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃ បានតាម ដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរការសង្គ្រោះជនរងគ្រោះនេះដោយសម្តេចមានសរសេរលើហ្វេសប៊ុកថា«ខ្ញុំបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធចុះជួយសង្គ្រោះអាយុជីវិតពលរដ្ឋ ដែលត្រូវបានអគារបាក់រលំសង្កត់»។ សម្តេចបានថ្លែងថា៖«ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះការ បាត់បង់ជីវិតពលរដ្ឋដោយសារតែការធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ»។
ជាមួយគ្នាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមតាមបណ្តាញហ្វេសប៊ុកនៅអធ្រាត្រថ្ងៃទី២២ ចូលថ្ងៃទី២៣ មិថុនា ថា៖«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។
សោដនាដកម្មបាក់អាគារនៅខេត្ត ព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិយើងពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយាឬស្វាមីឬកូនឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណៈទុក្ខនិងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញ
ថវិការជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លាន រៀល(សែសឹបលានរៀល)ឬ
១មុឺនដុល្លា(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវ
ទទួលបានការព្យាបាលដោយឥត គិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិង ទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។
លោក ប៊ិន ឈិនឧបនាយរដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្រ្តីទីស្តីការ គណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិការនេះជូនបងប្អូន។
យប់នេះខ្ញុំនៅបន្តតាមដានការងារ
រុករកនិងសង្រ្គោះជាមួយបងប្អូន
តទៅទៀត»៕
ដោយ៖ សហការី