គិតត្រឹមម៉ោង១១៖៤៥នាទីយប់នេះ រកឃើញសព២នាក់ទៀតហើយ, អ្នកស្លាប់កើនដល់១៣នាក់ ករណីរលំអាគារ៧ជាន់ នៅក្រុង-ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ការិយាល័យអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងនៅម៉ោង ១១ម៉យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នេះថា ក្រុមសង្គ្រោះបានរកឃើញមនុស្ស ៦ នាក់បន្ថែមទៀតពីក្នុងគំនរនៃអគារបែកបាក់ ប៉ុន្តែអកុសលអ្នកទាំង ៦នាក់ នោះបានរកឃើញថាស្លាប់នៅក្នុងគំនរអគារបាក់បែក។ រហូតមកទល់នឹងម៉ោង ១១យប់នេះ តុល្យការថ្មីចុងក្រោយនៃការរុករកសង្គ្រោះជនរងគ្រោះបានរកឃើញមនុស្សកើនដល់ ៣៦នាក់ហើយ ក្នុងនោះស្លាប់ ១៣នាក់និងរងរបួសចំនួន ២៣ នាក់។ កម្លាំងសង្គ្រោះសរុប
ប្រមាណ ១០០០នាក់ បានធ្វើការរុករកជនរងគ្រោះដែលស្ថិតក្នុងឧបទ្ទវហេតុនៃការរលំបាក់ អគារនេះចាប់តាំងពីព្រឹកព្រលឹមមក ហើយបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនដើម្បីស្វះស្វែងរកជនរងគ្រោះបន្តទៀតទោះជាស្ថិតនៅក្រោមដំណក់ទឹកភ្លៀងក៏ដោយ។ ក្រុមសង្គ្រោះបានសហការគ្នានិងរួមកម្លាំង សាមគ្គីគ្នាដើម្បីជួយសង្គ្រោះជនរងគ្រោះ។
លោក រដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ សមាជិកក្រុមការងារនិងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានចុះពិនិត្យដោយផ្ទាល់នៅ កន្លែងកើតហេតុ និងបានកៀរគរកម្លាំងសង្គ្រោះពីមជ្ឈដ្ឋាននានាដើម្បីជួយសង្គ្រោះជនរងគ្រោះខ្លះដែលសង្ស័យថាបាននិងកំពុងស្ថិតនៅក្នុងគំនរបាក់បែកនោះនៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់ មានប្រភពព័ត៌មានណាមួយ អាចបញ្ជាក់ថា នៅមានមនុស្សប៉ុន្មាននាក់ទៀតកំពុងជាប់ក្នុងគំនរអគាររលំ នេះទេ។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមនឹងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងក្រុមប្រឹក្សាខេត្តព្រះសីហនុ សូមសម្តែងអំណរគុណចំពោះកាយវិការមនុស្សធម៌របស់ក្រុមសង្គ្រោះទាំងអស់។ ការសង្គ្រោះដែលត្រូវបានអះអាងថានឹងធ្វើឡើងជាប់ រហូតដល់សង្គ្រោះជនរងគ្រោះបានទាំងអស់ពីគំនរអគាររលំនេះ។
ទាក់ទងនឹងឧបទ្ទវហេតុនៃការបាក់រលំសំណង់អគារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបច្ចុប្បន្នបាននិងកំពុងចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃ បានតាម ដានយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរការសង្គ្រោះជនរងគ្រោះនេះដោយសម្តេចមានសរសេរលើហ្វេសប៊ុកថា«ខ្ញុំបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចនិងកងកម្លាំងប្រដាប់អាវុធចុះជួយសង្គ្រោះអាយុជីវិតពលរដ្ឋ ដែលត្រូវបានអគារបាក់រលំសង្កត់»។ សម្តេចបានថ្លែងថា៖«ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះការ បាត់បង់ជីវិតពលរដ្ឋដោយសារតែការធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។ ទោះបីជាខ្ញុំជាប់ប្រជុំក៏ដោយ ក៏ខ្ញុំនៅតែតាមដានដំណើរការរុករកនិងសង្គ្រោះដែលយប់នេះត្រូវធ្វើទាំងយប់បន្តទៀត»៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print