ទីក្រុងបាងកក៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ទោះមមាញឹកនិងការងារប្រទេសជាតិ ទំនាក់ទំនងការទូត បច្ចុប្បន្នដឹកនាំប្រតិភូកម្ពុជា ចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃក៏ដោយក៏ សម្តេចបានជម្រុញអោយអាជ្ញាធរ ជំនាញ សមត្ថកិច្ចបន្តធ្វើកិច្ចការដោយយកចិត្តទុកដាក់ជួយអន្តរាគមន៍សង្រ្គោះជនរងគ្រោះទោះពេលយប់ក៏ដោយ។
សម្តេចបានមានប្រសាសន៍ថា៖ នៅក្នុងពេលដែលខ្ញុំចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃថ្ងៃទី ២២ មិថុនា នេះ ក៏មានឧប្បទ្ទេវហតុបាក់រលំអាគារសំណង់កំពុងសាសង់នៅក្រុងព្រះសីហនុ ដែលបណ្តាលអោយពលរដ្ឋស្លាប់ និងរបួសមួយចំនួន។ ជាបន្ទាន់នេះ ខ្ញុំបានបញ្ជាអោយអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្រ្គោះអាយុជីវិតពលរដ្ឋដែលត្រូវបានអាគារបាក់រលំសង្កត់ ហើយដែលមកទល់ម៉ោង៥:០០ល្ងាចនេះ គឺមានអ្នករបួសប្រមាណ ២៣នាក់ និងស្លាប់ ៧នាក់ ហើយដំណើរការសង្គ្រោះអាយុជីវិតពលរដ្ឋគឺកំពុងធ្វើបន្ត។
សម្តេចបន្តថា៖ ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយសារកាធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលអោយមានគ្រោះថ្នាក់កើតឡើងបែបនេះ។
សម្តេចថ្លែងទៀតថា៖ បើខ្ញុំជាប់ប្រជុំក៍ដោយក៍ខ្ញុំនៅ តែតាមដាននូវដំណើរការរុករកនិងសង្រ្គោះដែលយប់នេះត្រូវធ្វើទាំងយប់បន្តទៀត៕
ដោយ៖ សុខ ខេមរា