ភ្នំពេញ៖លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៤ ខែមិថុនា នេះ សម្រេចចោទប្រកាន់ឧកញ៉ា សុខ ប៊ុន អគ្គនាយក សុខ ប៊ុន គ្រុប និង មន្ត្រីខេត្តព្រះសីហនុ៥រូបទៀត ពាក់ព័ន្ធការរំលោភយកដីរដ្ឋ និងក្លែងលិខិតបន្លំយកដីអ្នកដទៃ នៅសង្កាត់កោះរ៉ុង ចន្លោះឆ្នាំ២០១៦-២០១៩។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ។
ប្រភពព័ត៌មាន បន្តថា បច្ចប្បន្នសំណុំរឿងនិងជនត្រូវចោទទាំង៦នាក់ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ទោះបីយ៉ាងណា ពាក់ព័ន្ធបញ្ហានេះ ពុំអាចសុំការបញ្ជាក់បន្ថែមពីលោកទេសរដ្ឋមន្ត្រី ឳម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាននៅឡើយទេ នៅថ្ងៃទី២៤ ខែមិថុនា នេះ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល ។
ជនសង្ស័យទាំង៦នាក់ ត្រូវបានចោទប្រកាន់នោះរួមមាន៖
ទី១៖ ឈ្មោះ អ៊ុង និត ប្រធានក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
២៖ ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
៣៖ ឈ្មោះ ហែម សាឡេះ សមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
៤៖ ឈ្មោះ កែ សោម ចៅសង្កាត់រងទី២ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
៥៖ ឈ្មោះ កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
៦៖ ឈ្មោះ សុខ ប៊ុន អគ្គនាយក សុខ ប៊ុន គ្រុប។
តំណាងអយ្យការបានចោទប្រកាន់ឈ្មោះ អ៊ុង និត ពីបទ បំផ្លាញដោយចេតនា និងតៃបំបាត់ដោយទុច្ចរិត, វីតិក្រម, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈ ក្លែងប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៦០១, ៥៩២, ៥៩៣, ៦២៩ និង៦៣០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកឈ្មោះ សេង ហូលាង, ឈ្មោះ ហែម សាឡៈ, ឈ្មោះ កែវ សោម, ឈ្មោះ កែវ ពៅ ពីបទ បំផ្លាញដោយចេតនា និងតៃបំបាត់ដោយទុច្ចរិត, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង៦៣០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
រីឯឧកញ៉ា សុខ ប៊ុន ពីបទ ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង និងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងតៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៦២៩, ៦៣០ និង ២៨ (៦០១) ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖ ចេស្តា