នៅពេលនេះអាមេរិក បានបង្ករឲ្យមានវិវាទជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ពិសេសគឺតំបន់អឺរ៉ុប ដោយសារតែការដំឡើងពន្ធ។ ប៉ុន្តែនៅមានប្រទេសមួយដែលស្មោះស្ម័គជាមួយអាមេរិក នោះគឺអង់គ្លេស ។
នៅពេលនេះ លោកជេរេមី ហាន់ រដ្ឋមន្ត្រីការបរទេសនិងជាបេក្ខជននាយករដ្ឋមន្ត្រីអង់គ្លេស បានព្រលយពាក្យថាអង់គ្លេសអាចចូលរួមជាមួយអាមេរិកក្នុងចំណាត់ការយោធាលើអ៊ីរ៉ង់។
ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់បានកើនឡើងនៅប៉ុន្មានសប្តាហ៍មកនេះជាពិសេសក្រោយអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក(ដ្រូន)របស់អាមេរិកមួយនិងការចោទប្រកាន់របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា អ៊ីរ៉ង់នៅពីក្រោយការវាយប្រហារលើនាវាដឹកប្រេងនៅឈូងសមុទ្រពែក្ស។
ការលើកឡើងរបស់លោកហាន់កើតឡើងបន្ទាប់ពីមន្ត្រីទទួលបន្ទុកការងារមជ្ឈិមបូព៌ារបស់ក្រសួងការបរទេសអង់គ្លេសបានពិភាក្សាជាមួយរដ្ឋាភិបាលក្រុងតេអេរ៉ង់កាលពីចុងសប្តាហ៍ ដោយភាគីអង់គ្លេសបានលើកឡើងអំពីការព្រួយបារម្ភចំពោះសកម្មភាពរបស់អ៊ីរ៉ង់។
ក្នុងពេលធ្វើយុទ្ធនាការនៅស្កត់លែន សំរាប់មេដឹកនាំគណបក្សអភិរក្សរបស់អង់គ្លេស(Tory) លោកហាន់បាននិយាយថា អង់គ្លេសពិចារណាអំពីអន្តរាគមន៍យោធានៅអ៊ីរ៉ង់។
លោកបានប្រាប់សារព័ត៌មានDaily Mailថា «យើងគាំទ្រអាមេរិកក្នុងនាមជាសម្ពន្ធមិត្តខ្លាំងបំផុតរបស់យើង តែពិតហើយយើងនឹងពិចារណាលើសំណើរ ណាមួយសំរាប់ការគាំទ្រយោធា ឈរលើមូលដ្ឋានមួយករណីៗ»។
លោកហាន់ ដែលកំពុងប្រជែងយកតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស មុននេះបាននិយាយថាលោកបាននិយាយជាមួយសមភាគីរបស់លោកជាច្រើនអំពីវិបត្តិអ៊ីរ៉ង់ ដែលលោកហៅថាវា«ធ្ងន់ធ្ងរខ្លាំង»។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ៃ ផមផេវបាននិយាយកាលពីថ្ងៃអាទិត្យទី២៣មិថុនាថា លោកចង់បង្កើតសម្ព័ន្ធសកលលោកមួយប្រឆាំងនឹងអ៊ីរ៉ង់ក្នុងអំឡុងពេលពិគ្រោះយោបល់ជាបន្ទាន់នៅមជ្ឈិមបូព៌ា បន្ទាប់ពីវិបត្ដិរយៈពេលមួយសប្តាហ៍បានឃើញសហរដ្ឋអាម៉េរិកដកថយពីការរកកល់វាយប្រហារយោធាទៅលើអ៊ីរ៉ង់។
លោកផមផេវបាននិយាយដូច្នេះ នៅពេលលោកចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនិងបន្ទាប់មកទៀតគឺប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលជាសម្ព័ន្ធមិត្តអារ៉ាប់និកាយស៊ុននី ដែលមានការព្រួយបារម្ភពីការកើនឡើងភាពគឃ្លើនរបស់អ៊ីរ៉ង់និកាយស៊ីអ៊ីត និងកំពុងធ្វើការងារដើម្បីទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់។ ការឈប់សំចតរបស់គាត់នៅទីក្រុងជេតដា និងទីក្រុងអាប៊ូដាប៊ី ត្រូវបានរៀបចំយ៉ាងតក់ក្រហល់កាលពីចុងសប្តាហ៍ ខណៈបន្ថែមទៅលើដំណើរទៅកាន់ប្រទេសឥណ្ឌាមួយទៀត ដែលចេញពីកន្លែងនោះទៅគាត់នឹងចូលរួមជាមួយលោកប្រធានាធិបតីដូណាល់ ត្រាំ នៅក្នុងប្រទេសជប៉ុននិងកូរ៉េខាងត្បូង។ ប៉ុន្តែដំណើរទាំងនេះមិនត្រូវបានប្រកាសភ្លាមៗទេមុនពេលការចាកចេញរបស់គាត់ នៅក្នុងសញ្ញានៃការវិវត្តន៍យ៉ាងឆាប់រហ័សនិងមិនអាចទាយទុកជាមុនបាន។
លោកផមផេវនិយាយអំពីអ៊ីរ៉ង់យ៉ាងដូច្នេះ “យើងនឹងនិយាយជាមួយពួកគេអំពីរបៀបដើម្បីធ្វើឱ្យប្រាកដថាយើងទាំងអស់គ្នាស្របគំនិតគ្នាជាយុទ្ធសាស្ត្រនិងអំពីរបៀបដែលយើងអាចបង្កើតសម្ព័ន្ធភាពជាសកល មិនត្រឹមតែនៅតាមបណ្តាប្រទេសឈូងសមុទ្រពែក្សប៉ុណ្ណោះទេតែថែមទាំងនៅអាស៊ីនិងអឺរ៉ុប ដែលយល់ពីបញ្ហាប្រឈមនេះ ខណៈដែលខ្លួនត្រៀមរុញច្រានប្រឆាំងនឹងរដ្ឋឧបត្ថម្ភភេរវកម្មដ៏ធំបំផុតរបស់ពិភពលោក”។
ប៉ុន្តែទោះបីជាលោកផមផេវបាននិយាយធ្ងន់ៗបែបនេះក្តី ក៏ប៉ុន្តែលោកបានបន្ទរតាមប្រធានាធិបតីដូណាល់ ត្រាំនិងអនុប្រធានាធិបតីលោកម៉ៃ ផមផេវ ដោយនិយាយថា សហរដ្ឋអាម៉េរិកត្រៀមខ្លួនចរចាជាមួយអ៊ីរ៉ង់ដោយគ្មានបុរេលក្ខខណ្ឌ ដើម្បីកាត់បន្ថយភាពតានតឹង។ ភាពតានតឹងទាំងនោះបានកើនឡើងចាប់តាំងពីលោកត្រាំបានដកសហរដ្ឋអាម៉េរិកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាសកលជាមួយអ៊ីរ៉ង់កាលពីឆ្នាំមុន ហើយបានដាក់សម្ពាធលើរដ្ឋាភិបាលក្រុងតេហេរ៉ង់ជាមួយទណ្ឌកម្មសេដ្ឋកិច្ច។ ការដាក់ទណ្ឌកម្មថ្មីៗលើអ៊ីរ៉ង់គ្រោងនឹងប្រកាសនៅថ្ងៃចន្ទទី២៤មិថុនានេះក្នុងបំណងបង្ខំឱ្យមេដឹកនាំអ៊ីរ៉ង់ចូលមកតុចរចា។
នៅពេលនេះ បើសង្គ្រាមកើតឡើងនៅតំបន់មជ្ឈិមបូព៌ានោះ និងមានវិបត្តិកង្វះថាមពលប្រេងកើតឡើង ដោយតំបន់មជ្ឈិមបូព៌ា បានផ្តល់ថាមពលប្រេង ជាច្រើននៅលើពិភពលោក។នៅពេលនេះ តម្លៃប្រេងនៅលើពិភពលោក កើនឡើងខ្ពស់ ដោយសារតែភាពតានតឹងរវាង អាមេរិកនិងអ៊ីរ៉ង់ ក្រោយពេល រដ្ឋមន្ត្រីការបរទេសអាមេរិក លោកMike Pompeo បានបញ្ជាក់ថាការដាក់ទណ្ឌកម្មបន្ថែមទៅលើអ៊ីរ៉ង់នឹងប្រកាសក្នុងពេលឆាប់ៗនេះ។
ប្រធានាធិបតីអាមេរិកដូណាលត្រាំ កាលពីសប្តាហ៍កន្លងមក បានប្រកាសថា លោកបានសម្រេចមិនវាយប្រហារអ៊ីរ៉ង់ បើទោះបីអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកក្តី ។លោកត្រាំបញ្ជាក់ថា លោកមិនស្វែងរកសង្គ្រាមជាមួយអ៊ីរ៉ង់នោះឡើយ។
លោក Edward Moya អ្នកឯកទេសវិភាគ ទីផ្សា OANDA នៅទីក្រុងញូវយ៉ក បានឲ្យដឹងថា វិវាទនៅតំបន់មជ្ឈិមបូព៌ា និងជួយឲ្យតម្លៃប្រេងលើពិភពលោកកើនឡើងខ្ពស់ ។ នៅពេលនេះតម្លៃប្រេង អាចនឹងកើនឡើងខ្ពស់ជាបន្តទៀត ប្រសិនបើ អ៊ីរ៉ង់ប្រតិកម្មខ្លាំងចំពោះការដាក់ទណ្ឌកម្មបន្ថែមរបស់អាមេរិក ។
តម្លៃប្រេងនៅលើពិភពលោកបានកើនឡើង៥ភាគរយកាលពីសប្តាហ៍កន្លងមក ដោយកើនឡើងដល់ទៅ៥ភាគរយ ។ តាមការព្យាករណ៍ តម្លៃប្រេងអាចកើនឡើង១០ភាគរយ នៅសប្តាហ៍ក្រោយ៕
ដោយ៖ មែវ សាធី