ខេត្តព្រះសីហនុ៖ លោក យន្ត មីន បន្ទាប់ពីស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីលាលែងពីតំណែង អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងសុំការអភ័ទោសពីក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ លោកបានសសេរនូវពាក្យពេចន៍លើផេកផ្លូវការរបស់លោកប្រកបដោយ ការទទួលខុសត្រូវនូវកំហុស។
ដោយលោកនិយាយថា៖ ក្នុងឧបទ្ទវហេតុរលំអគារ៧ជាន់ក្នុងក្រុងព្រះសីហនុនេះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង និងសុំការអភ័ទោសពីក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។
ជាការទទួលខុសត្រូវក្នុងឧបទ្ទវហេតុនេះ ខ្ញុំបានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រីលាលែងពីតំណែងរួចហើយ ហើយសម្តេចក៏បានផ្តល់ការយល់ព្រមហើយដែរ។
ខ្ញុំបាទ និងភរិយាសុំអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ទំនុកចិត្តដល់ខ្ញុំបាទ អោយមានឱកាសចូលរួមបំរើប្រជាពលរដ្ឋកន្លងមកនេះ។
សូមអរគុណចំពោះសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានផ្តល់ការទុកចិត្ត និងចង្អុលបង្ហាញដឹកនាំការងារកន្លងមក និងសូមអរគុណចំពោះសម្តេច ឯឧ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រៀមច្បង ក៏ដូចជាមិត្តភក្កិ ដែលតែងតែផ្តល់នូវការណែនាំ យោបល់ និងសហការការងារប្រកបដោយមនោសញ្ចេតនា និងការយោគយល់បំផុតដល់ខ្ញុំបាទ។
ជាមួយនេះ ខ្ញុំបាទសុំការអភ័យទោសពីសម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចក្រឡាហោម សម្តេច ឯឧ លោកជំទាវ ចំពោះកង្វះខាតនៃការបំពេញភារៈកិច្ចរបស់ខ្ញុំបាទកន្លងមកនេះ។
ខ្ញុំសុំការអភ័យទោស និងការអធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ គ្រប់ប្រភេទ ក្នុងខេត្តព្រះសីហនុទាំងអស់ ចំពោះកង្វះខាតរបស់ខ្ញុំកន្លងមក ត្បិតអីខ្ញុំបានខំប្រឹងអស់ពីលទ្ធភាពហើយ។
តែទោះបីជាបែបណា ខ្ញុំនៅតែបន្តសកម្មភាពជួយសង្គ្រោះ ក្នុងឧបទ្ទវហេតុនេះរហូតដល់ចប់
🙏🙏🙏៕
ដោយ៖ សុខ ខេមរា