ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីនិងអាជ្ញាធរក្រោមឱវាទ បានចុះដល់គេហដ្ឋានដើម្បី ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពដែលបានស្លាប់និងរងរបួសកំពុងសម្រាកនៅមន្ទីរពេទ្យក្រោយពីមានហេតុការណ៍អាក្រក់បាក់រលំអាគារ៧ជាន់ នៅខេត្តព្រះសីហនុ កន្លងទៅនេះ។ ពិធីនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃអង្គារ៏៨រោចខែជេស្ន ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៩ ស្ថិតនៅគេហដ្ឋានសពឈ្មោះវិជ្ជាបញ្ញាស្នាក់ នៅភូមិទ្រាសង្កាត់ស្ទឹងមាន ជ័យទី២ខណ្ឌមានជ័យ(ផ្លូវចូលទីលានចាក់សំរាមស្ទឹងមានជ័យចាស់)ត្រូវបានរៀបចំតាមប្រពៃណីខ្មែររួចរាល់ហើយ។
ក្នុងឱកាសនោះលោក ឃួង ស្រេង ក៏បានចូលរួមរំលែកទុក្ខ និងសម្តែងក្តីរន្ធត់ជាមួយ នឹងភាពសោកស្តាយនិងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារ នៃសពព្រមទាំងបានប្រគល់អំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា នូវថវិកា៥លានរៀល។ដោយឡែកអំណោយសាខាកាកបាទក្រហមរាជធានីជាថវិកា២លានរៀលអង្ករចំនួន២០០គីឡូក្រាម,មី៥កេស,ទឹកក្រូច៥កេស,ត្រីខ៥យួរ, និងទឹកសុទ្ឋ១០កេស។
បន្ទាប់ពីចុះសាកសួររំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសពរួច លោក ឃួង ស្រេង ក៏បានបន្ដនាំយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចុះសាកសួរសុខទុក្ខជនរងគ្រោះឈ្មោះក្រៀល អឿន ភេទស្រីអាយុ២៨ឆ្នាំមានស្រុកកំណើតនៅក្រុងសួងខេត្តត្បូងឃ្មុំ ដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះសង្ឃនិងបានផ្តល់អំណោយសាខាកាកបាទក្រហមរាជធានីជូនផងដែរ ដោយក្នុងនោះបានប្រគល់ជូននូវថវិកា២លានរៀល,មី២កេស,ទឹកក្រូច២កេស,ត្រីខ២យួរ , និងទឹកសុទ្ឋ២កេស។
លោក ឃួង ស្រេង អភិបារាជធានីភ្នំពេញក៏បានសំណេះ សំណាល និងសួរសុខទុក្ខជាមួយប្រជាពលរដ្ឋជាអ្នកជម្ងឺដែលកំពុងសំរាកព្យាបាលនៅបន្ទប់ជាមួយគ្នា និងនៅសាលក្បែរៗនោះចំនួន៤៥នាក់ទៀត ដោយក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ថា៖ អាគារដែលរលំបាក់នោះជាប្រភេទសណ្ឋាគារស្ថិតក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុបានបាក់រលំនៅពីវេលាម៉ោងជិត៤ជិតភ្លឺថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩ ដែលនេះជាមហន្តរាយលើកដំបូងសម្រាប់វិសយ័សំណង់នៅខេត្តព្រះសីហនុហើយបើតាមមន្ត្រីជំនាញនានាថ្លែងថាការបាក់រលំនេះកើតឡើងដោយសារបញ្ហាបច្ចេសសំណង់ហើយសំណង់អាគារនេះត្រូវបានក្រសួងរៀបចំដែនដីចុះហាមឃាត់ចំនួន២ដងរួចមកហើយប៉ុន្តែម្ចាស់ដែលជាជនជាតិចិនមិនព្រមស្តាប់និងនៅតែបន្តសាងសង់ដោយចិត្តឯង។សំណង់នោះត្រូវបានសាសង់លើផ្ទៃដី៥៨៣ម៉ែត្រក្រឡាសាសង់ដោយការប្រើឆ្អឹងដែក។ អគារកម្ពស់៧ជាន់ដែលរលំបាក់នេះត្រូវបានបញ្ចប់ការរុករកជួយសង្គ្រោះជេនរងគ្រោះជាស្ថាពរនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០១៩បន្ទាប់ពីបើកប្រតិបត្តិការរុករកនិងសង្រ្គោះអស់រយៈពេល២ថ្ងៃកន្លះដោយ មានការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ពីសំណាក់អគ្គមហា សេនាបតីតេជោហ៊ុនសែន ៕
ដោយ៖ សំរិត