ជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង មិនស្ថិតនៅក្នុងរបៀបវារៈនៃដំណើរទស្សនកិច្ចមកកាន់អាស៊ីរបស់លោកត្រាំឡើយ

ចែករំលែក៖

នៅក្នុងដំណើរមកកាន់តំបន់អាស៊ី ប្រធានាធិបតីអាមេរិកដូណាលត្រាំ នឹងជួបពិភាក្សាជាមួយ​ប្រធានាធិបតីចិន​ស៊ី ជីងពីង ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប្រធានាធិបតីកូរ៉េខាងត្បូង លោកម៉ូនជេអ៊ីន នាយករដ្ឋមន្ត្រីជប៉ុន…។ ប៉ុន្តែលោកត្រាំ គ្មានគម្រោងជួបជាមួយ មេដឹកនាំកូរ៉េខាងជើង​ គីម ជុងអ៊ុន​ឡើយ បើទោះបីលោកត្រាំនឹងទស្សនកិច្ចទៅកាន់តំបន់ព្រំដែន កូរ៉េខាងត្បូង និងខាងជើងក្តី។

ប្រភពព័ត៌មានបានឲ្យដឹងថា ប្រធានាធិបតីដូណាលត្រាំក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី, អធិការបតីអាល្លឺម៉ង់ លោកស្រី អេងហ្គេឡា ម៉ាកកែល, ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan, នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ។

ប្រភពដដែល បានបញ្ជាក់ទៀតថា លោក ត្រាំ នឹងពិភាក្សាជាមួយរាជទាយាទអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammad bin Salman ផងដែរ ដើម្បីពិភាក្សា ស្តីអំពីស្ថានការណ៍តានតឹង រវាងអាមេរិក និងអ៊ីរ៉ង់ ។

ជំនួបជាមួយប្រធានាធិបតីចិន គឺមានការរំពឹងទុកយ៉ាងខ្លាំងថា មេដឹកនាំមហាអំណាចរបស់ពិភពលោកទាំង២នឹងមានដំណោះស្រាយ នៅក្នុងបញ្ហាជម្លោះពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។ ជំនួបនេះ រំពឹងថា នឹងកើតឡើង នៅថ្ងៃទី២ នៃកិច្ចប្រជុំកំពូលរបស់ G-20 នៅទីក្រុង អូសាកា (Osaka) ប្រទេសជប៉ុន ។

បន្ទាប់ពីជំនួបកំពូលជាមួយ G-20 ប្រធានាធិបតីគណបក្សសាធារណរដ្ឋរបស់អាមេរិករូបនេះ នឹងបន្តដំណើរទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។

នៅពេលសួរថា តើលោក ត្រាំ មានគម្រោងបំពេញទស្សនកិច្ចទៅកាន់តំបន់គ្មានយោធា (DMZ) ដែលស្ថិតនៅព្រំដែន រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើងនោះ ដែរឬទេ? ប៉ុន្ដែមន្ត្រីអាមេរិកមិនបានឆ្លើយតបនោះឡើយ ។

ទោះជាយ៉ាងណា មន្ត្រីអាមេរិកបានថ្លែងថា «គ្មានគម្រោង» សម្រាប់លោក ដូណាល់ ត្រាំ ជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុននោះឡើយ នាអំឡុងបំពេញទស្សនកិច្ចទៅកាន់តំបន់អាស៊ីលើកនេះ ។

គួររម្លឹកថា រហូតមកដល់ពេលនេះ លោក ត្រាំ និងលោក គីម ធ្លាប់ជួបពិភាក្សាគ្នា ចំនួន២ដងរួចមកហើយ នៅក្នុងប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨ និងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៩៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print